ធនាគារធំៗរបស់ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា ពួកគេបានទម្លាក់អត្រាការប្រាក់លើប្រាក់បញ្ញើប្រាក់យន់ ដើម្បីអាចបន្ធូរបន្ថយសម្ពាធលើប្រាក់ចំណេញ និងកាត់បន្ថយការចំណាយលើការផ្តល់ប្រាក់កម្ចី ដោយផ្តល់នូវការធូរស្រាលខ្លះសម្រាប់វិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចកាន់តែទូលំទូលាយ។
ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសចិន, ធនាគារកសិកម្មចិន (Agricultural Bank of China Ltd) (601288.SS), ធនាគារចិន Bank of China Ltd (601988.SS) និង ធនាគារសំណង់ចិន China Construction Bank Corp (601939.SS) ទាំងអស់សុទ្ធតែបានកាត់បន្ថយអត្រាការប្រាក់របស់ពួកគេចាប់ពីថ្ងៃព្រហស្បតិ៍នេះតទៅ។ នេះដោយយោងតាមគេហទ័ព័ររបស់ធនាគារនីមួយៗចុះផ្សាយ។
ធនាគារដែលគាំទ្រដោយរដ្ឋបានកាត់បន្ថយអត្រាប្រាក់បញ្ញើតាមតម្រូវការដោយ ៥ ពិន្ទុមូលដ្ឋាន និងប្រាក់បញ្ញើរយៈពេល ៣ ឆ្នាំ និង ៥ ឆ្នាំដោយ ១៥ ពិន្ទុមូលដ្ឋាន។ នេះជាការកាត់បន្ថយលើកទីពីរក្នុងរយៈពេលមួយឆ្នាំ ដោយមានសកម្មភាពលើកមុនក្នុងខែកញ្ញា។
លោក Gary Ng សេដ្ឋវិទូជាន់ខ្ពស់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន Natixis មានប្រសាសន៍ថា “ការកាត់បន្ថយអត្រាប្រាក់បញ្ញើនឹងជំរុញឱ្យមានការសន្សំទៅក្នុងការប្រើប្រាស់ និងការវិនិយោគ និងបន្ធូរបន្ថយសម្ពាធលើកម្រិតការប្រាក់សុទ្ធរបស់ធនាគារ (NIM) ដែលបើកទ្វារសម្រាប់ការជំរុញរូបិយវត្ថុបន្ថែមទៀត”។
សេដ្ឋកិច្ចរបស់ប្រទេសចិនបានស្ទុះងើបឡើងវិញលឿនជាងការរំពឹងទុកនៅក្នុងត្រីមាសទីមួយ ប៉ុន្តែបានបាត់បង់សន្ទុះនៅដើមត្រីមាសទីពីរ ដោយជួបនឹងការនាំចេញធ្លាក់ចុះ ទីផ្សារលំនៅដ្ឋានធ្លាក់ចុះ និងសមាមាត្រអ្នកអត់ការងារធ្វើខ្ពស់៕