ការប្តេជ្ញានេះធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងលោក វង្ស ពិសេន និងលោក អង់ដ្រេ សង់ទីណូ (Andres Centino) នាយសេនាធិការកងទ័ពហ្វីលីពីន នាថ្ងៃភ្នំពេញៈ កម្ពុជា និងហ្វីលីពីនប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធាវាងប្រទេសទាំង ២ ឱ្យមានការរីកចម្រើន ១ កម្រិតទៀត ដែលបម្រើផលប្រយោជន៍រួមដល់ប្រទេស ប្រជាជន និងកងទ័ពទាំង ២។
ទី ៧ ខែមិថុនា ក្នុងឱកាសភាគីទាំង ២ បានចូលរួមកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី២០ នៅកោះបាលី ដែលប្រទេសឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះ។
ក្នុងកិច្ចជំនួបនោះ លោក វង្ស ពិសេន បានថ្លែងអំណរគុណដល់កងទ័ពហ្វីលីពីន ដែលកន្លងមកបានផ្ដល់ការគាំទ្រដល់កងទ័ពកម្ពុជាទាំងផ្នែកស្មារតី និងសម្ភារ ជាពិសេសការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងជួរកងទ័ពកម្ពុជា។
របាយការណ៍អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទបញ្ជាក់នាថ្ងៃទី ៧ ខែមិថុនា បានឱ្យដឹងថា៖ «នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបន្តថា កងយោធពលខេមរភូមិន្ទប្ដេជ្ញារក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំង២ក្នុងការផ្លាស់ប្ដូរទស្សនកិច្ចគណៈប្រតិភូយោធា ផ្លាស់ប្ដូរទស្សនកិច្ចហ្វឹកហ្វឺន ផ្លាស់ប្ដូរអ្នកជំនាញ ព័ត៌មាន ឯកសារ សម្ភារ និងការចូលរួមសិក្ខាសាលានានា ដែលបម្រើដល់ផលប្រយោជន៍រួមជូនប្រទេស ប្រជាជន និងកងទ័ពយើងទាំង ២»។
របាយការណ៍បន្ថែមថា៖ «នាយឧត្ដមសេនីយ៍ នាយសេនាធិការកងទ័ពហ្វីលីពីន [លោក អង់ដ្រេ សង់ទីណូ] បានគូសបញ្ជាក់ថា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិស័យយោធានៃប្រទេសទាំង២ឱ្យមានការរីកចម្រើន ១ កម្រិតទៀត»។
នៅថ្ងៃដដែលនេះដែរ លោក វង្ស ពិសេន បានជួបទ្វេភាគីជាមួយលោក ខាំលៀង ឧថាកៃសន (KhamliangOuthakaysone) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ដោយភាគីទាំង ២ បានប្តេជ្ញាបន្តរក្សាពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងកងទ័ពប្រទេសទាំង ២។
របាយការណ៍ដដែលបញ្ជាក់ថា៖«ភាគីទាំង២បានបញ្ជាក់ថា កម្ពុជានិងឡាវ គឺជាបងប្អូន មានភូមិផងរបងជាមួយគ្នា ហើយកន្លងមក ទំនាក់ទំនងរវាងប្រទេស ក៏ដូចជាកងទ័ពប្រទេសទាំង២ មានភាពកក់ក្ដៅ មានទំនុកចិត្ត និងជឿជាក់រវាងគ្នាទៅវិញទៅមក»។
របាយការណ៍បន្តថា លោក ខាំលៀង ឧថាកៃសន បានបញ្ជាក់ពីការរង់ចាំស្វាគមន៍លោក វង្ស ពិសេន ក្នុងពេលទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវនាពេលខាងមុខ និងបានស្នើសុំការគាំទ្រពីកម្ពុជាចំពោះកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី២១ ដែលកងទ័ពប្រជាជនឡាវធ្វើជាម្ចាស់ផ្ទះ។
កាលពីខែសីហា ឆ្នាំ២០២២ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានជួបទ្វេភាគីជាមួយលោក ខាំលៀង ឧថាកៃសន ក្នុងឱកាសលោកទៅបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ស្របពេលឆ្នាំ២០២២នេះ គឺជាខួបលើកទី៦៦ នៃការបង្កើតចំណងការទូតរវាងប្រទេសទាំង២។
នៅក្នុងជំនួបនេះ ភាគីកម្ពុជា និងឡាវបានប្តេជ្ញាបន្តពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការកងទ័ពជើងគោករវាងប្រទេសទាំង ២ ឱ្យកាន់តែស្អិតល្មួត និងរឹងមាំបន្ថែមទៀត ដោយធ្វើការផ្លាស់ប្តូរទៅវិញទៅមកក្នុងផ្នែកហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស។
លោក វង្ស ពិសេន ក៏មានជំនួបទ្វេភាគីជាមួយ លោក ង្វៀន តឹងគឿង (Nguyen Tan Cuong) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម នៅថ្ងៃទី៧ ខែមិថុនា ផងដែរ។
របាយការណ៍បញ្ជាក់ថា៖«ក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍អគ្គមេបញ្ជាការ[លោក វង្ស ពិសេន] បានដឹងគុណចំពោះទឹកចិត្តដ៏ប្រពៃរបស់បក្ស រដ្ឋាភិបាល និងកងទ័ពប្រជាជនវៀតណាម ដែលតែងយកចិត្តទុកដាក់ និងផ្តល់ការគាំទ្រយ៉ាងជិតស្និទ្ធ ក្នុងភាពជាបងប្អូន ក្នុងក្របខ័ណ្ឌទ្វេភាគី ក៏ដូចជាពហុភាគី»។
លោក វង្ស ពិសេន សង្ឃឹមថា ទៅថ្ងៃអនាគតកងទ័ពទាំង២ នឹងបន្តពូនជុំពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការនានាឱ្យបានកាន់តែទូលំទូលាយ និងប្រកបដោយទំនុកចិត្ត ជាពិសេស លើវិស័យហ្វឹកហ្វឺន ចារកម្ម បច្ចេកវិទ្យាយោធា និងសង្គ្រោះគ្រោះមហន្តរាយជាដើម។
បើតាមរបាយការណ៍ លោក ង្វៀន តឹងគឿង បានថ្លែងនូវការគាំទ្រដល់កងទ័ពកម្ពុជាទាំងសម្ភារបច្ចេកទេស ហ្វឹកហ្វឺន ក៏ដូចជាការបន្តពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហការកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិប្រទេសទាំង២ នាពេលខាងមុខឱ្យទទួលបានជោគជ័យ៕