សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានស្នើដល់ម្ចាស់បុរីទាំងអស់ឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពរឹបអូសផ្ទះពីអតិថិជនដែលគ្មានលទ្ធភាពបន្ដការបង់រំលស់ ដោយត្រូវមានការយោគយល់ដល់អតិថិជន ពីព្រោះថា ការរឹបអូសមិនមែនជារឿងល្អដល់សេដ្ឋកិច្ចជាតិនោះទេ។ ជាមួយគ្នានេះ សម្តេចក៏បានជំរុញឲ្យសមាគមអ្នកអភិវឌ្ឍលំនៅដ្ឋាន ដែលមានអ្នកឧកញ៉ាលី ហួរ ជាប្រធាន ត្រូវពិភាក្សាស្វែងរកដំណោះស្រាយចំពោះបញ្ហានេះ រួមទាំងត្រូវមានការចូលរួមអន្តរាគមពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ។
ថ្លែងក្នុងជំនួបសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុបចំនួនជិត២ម៉ឺននាក់ នៅស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង (លើកទី២) នាព្រឹកថ្ងៃទី៩ ខែ មិថុនា ឆ្នាំ ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើដល់ម្ចាស់បុរីទាំងអស់ឱ្យមានការយោគយល់ដល់អ្នកបង់រំលោះផ្ទះ ដោយត្រូវពន្យាររយៈពេលសង ឬបន្ថយចំនួនប្រាក់ដែលត្រូវបង់ប្រចាំខែជាដើម និងត្រូវររៀបចំឥណទានឡើងវិញ ដោយចៀសវាងការរឹបអូសផ្ទះពីអតិថិជន។
ជាងនេះទៅទៀត សម្តេច ហ៊ុន សែន ក៏បានជំរុញឱ្យសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា ដែលមានអ្នកឧកញ៉ា លី ហួរ ជាប្រធាន ត្រូវឱ្យធ្វើការទៅលើរឿងនេះ ដោយជួយសម្របសម្រួលជាមួយសមាជិកសមាគមរបស់ខ្លួន និងតាមបុរីនានាផងដែរ។ ដោយសម្តេចបានអះអាងថា ប្រសិនបើមិនបង់ប្រាក់ប្រចាំខែភ្លាមរឹបអូសភ្លាមបែបនេះ នោះសេដ្ឋកិច្ចរបស់កម្ពុជានឹងដើរដល់ចំណុចមួយ ដែលគ្រោះថ្នាក់ ពោលគឺអ្នកដែលគ្រោះថ្នាក់ គឺអ្នកដែលបង់រំលស់ត្រូវបានគេរឹបអូសនេះតែម្តង។ តួយ៉ាង អ្នកខ្លះបានបង់អស់លុយច្រើនហើយនៅខ្វះតែបន្តិចបន្តួច ឬបង់បាន២ភាគ៣ នៃតម្លៃផ្ទះហើយ តែបែរជាត្រូវរឹបអូសទៅវិញ អស់ទាំងលុយដែលបានបង់ហើយ រីឯផ្ទះក៏អត់បាននៅទៀត ដែលនេះ គឺជាការឈឺចាប់មួយដែលរាជរដ្ឋាភិបាលត្រូវមានការគាំពាទាំងសងខាងផងដែរ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានគូសបញ្ជាក់ថា ការស្នើរបស់សម្តេចនាយករដ្ឋមន្ត្រី ដល់ម្ចាស់បុរីឱ្យមានការយោគយល់ដល់អ្នកបង់រំលោះផ្ទះនេះ គឺការគិតគូរយោគចិត្តទុកដាក់របស់អ្នកដឹកនាំចំពោះប្រជាពលរដ្ឋដែលកំពុងជួបការលំបាក ហើយនេះក៏ជារឿងមួយសមហេតុផលផងដែរ។ ទោះយ៉ាងណាចំពោះបញ្ហានេះ គឺមានផលប៉ះពាល់ទាំងសងខាងទាំងម្ចាស់បុរី និងម្ចាស់ផ្ទះ ពោលគឺម្ចាស់បុរីមួយចំនួនពួកគាត់ក៏បានទៅយកថវិកាពីធនាគារសម្រាប់យកមកសាងសង់ផ្ទះទាំងនោះផងដែរ។ អ្នកជំនាញរូបនេះ អះអាងដែរថា ប្រសិនម្ចាស់បុរីណាដែលមានលទ្ធភាពគ្រប់គ្រាន់ ពួកគាត់ក៏គួរមានការយោគយល់ និងអនុគ្រោះដល់អតិថិជនរបស់ខ្លួនផងដែរ ពោលគឺជួយគ្នាក្នុងគ្រាដែលលំបាក។
សូមបញ្ជាក់ដែរថា សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានណែនាំឱ្យ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដាក់ចេញនូវវិធានការដើម្បីអន្តរាគមន៍ ដើម្បីទប់ស្កាត់ការរឹបអូសផ្ទះរបស់ពលរដ្ឋដោយម្ចាស់បុរីនេះផងដែរ។ លើសពីនេះសម្តេច ក៏បានចាត់តាំងក្រុមការងារពាក់ព័ន្ធស្រាវជ្រាវរកទិន្នន័យចំនួនអ្នកទិញផ្ទះ ដែលកំពុងជួបបញ្ហាជាមួយម្ចាស់បុរីឱ្យបានច្បាស់លាស់ ដើម្បីដោះស្រាយបញ្ហានេះឱ្យបានទាន់ពេលវេលា៕