ភ្នំពេញៈ យុទ្ធនាការ“ ១ ម៉ឺនរៀល ១ ម៉ឺននាក់”ទទួលបានថវិកាបរិច្ចាគរហូតដល់ជាង ៨៣ ម៉ឺនដុល្លារពីសប្បុរសជនក្នុងរយៈពេលត្រឹមតែ ៦ ថ្ងៃដំបូងប៉ុណ្ណោះ នៃយុទ្ធនាការពេញមួយខែមិថុនារយៈពេល ៣០ ថ្ងៃ។ នេះបើយោងតាមមូលនិធិគន្ធបុប្ផាកម្ពុជានាថ្ងៃទី៨ខែមិថុនានេះ។
មូលនិធិគន្ធបុប្ផាកម្ពុជាបានបញ្ជាក់ថា ត្រឹមតែរយៈពេល ៦ ថ្ងៃដំបូង នៃយុទ្ធនាការ “ ១ ម៉ឺនរៀល ១ ម៉ឺននាក់” សម្រាប់កុមារកម្ពុជា មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគរហូតដល់ជាង ៨៣ ម៉ឺនដុល្លារអាមេរិក ពីសប្បុរសជនជាង ១៨ ម៉ឺននាក់។ នេះសបញ្ជាក់ពីទឹកចិត្ត និងស្មារតី “ខ្មែរជួយខ្មែរ” កំពុងតែផុលផុស និងរស់រវើកក្នុងចំណោមពុកម៉ែបងប្អូនខ្មែរយើងនៅគ្រប់ទិសទី។
មូលនិធិគន្ធបុប្ផាកម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសរបស់ពុកម៉ែបងប្អូន និងសូមអំពាវនាវឱ្យបន្តចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជាដើម្បីរួមគ្នានាំភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។
យុទ្ធនាការនេះចាប់ផ្តើមពីថ្ងៃទី១ (ដែលជាថ្ងៃទិវាកុមារអន្តរជាតិ) ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។ នៅថ្ងៃដំបូង មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគជាង ៥២ ម៉ឺនដុល្លារអាមេរិក តាមយុទ្ធនាការ“ ១ ម៉ឺនរៀល ១ ម៉ឺននាក់”សម្រាប់កុមារកម្ពុជានេះពីសប្បុរសជនជាង ១២ ម៉ឺននាក់៕