ប៉ាគីស្ថាន៖ បើតាមក្រុមមន្រ្តីប្រទេសប៉ាគីស្ថានបានលើកឡើងកាលពីរសៀលថ្ងៃអាទិត្យថា ទឹកភ្លៀងបានបង្អុរធ្លាក់ចុះយ៉ាងជោគជំា លាយឡំដោយខ្យល់បោកក់ខ្លំាងចេញពីខ្យល់ព្យុះកំណាចមួយ បានធ្វើឱ្យប៉ះពាល់ដល់ស្រុកចំនួន៤នៅក្នុងខេត្តភាគពាយ័ព្យប្រទេស។
ក្នុងហេតុការណ៍មហន្តរាយធម្មជាតិនេះ បណ្តាលឱ្យស្លាប់ពលរដ្ឋយ៉ាងតិច២៧នាក់នៅក្នុងខេត្តឃីប័រ ផាកធុនវ៉ា(Khyber Pakhtunkhwa)។ នៅក្នុងចំណោមជនរងគ្រោះមានកុមារចំនួន៨នាក់ រួមទំាងបងប្អូនប្រុសស្រីបង្កើតដែលមានចន្លោះអាយុ២ឆ្នំានិង១១ឆ្នំា ចំនួន៥នាក់ផងដែរ។
បុរសអ្នកនំាពាក្យឱ្យអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត លោក តៃមុរៈ អាលី ខាន់(Taimur Ali Khan) បានរៀបរាប់ប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានបារំាងនៅថ្ងៃនេះថា នៅក្នុងចំណោមជនរងគ្រោះទំាងអស់នោះ មានមនុស្សចំនួន១២នាក់ត្រូវបានកប់ទំាងរស់ដោយសារតែខ្យល់កន្ត្រាក់ធ្វើឱ្យរលំជញ្ជំាងផ្ទះទំាងមូល។
ដោយឡែកបណ្តាញផ្សព្វផ្សាយរបស់ប្រទេសប៉ាគីស្ថានវិញ បានរាយការណ៍ឱ្យដឹងនៅព្រឹកថ្ងៃនេះដែរថា មានមនុស្សច្រើនជាង៤០នាក់បានរងរបួស និងសត្វចិញ្ចឹមច្រើនជាង២០០ក្បាលផ្សេងទៀតបានងាប់ដោយសារតែខ្យល់កន្ត្រាក់នេះ។
ស្ថិតនៅក្នុងបរិការណ៍នេះដែរ មន្ត្រីអាជ្ញាធរខេត្តភាគពាយ័ព្យរបស់ប្រទេសប៉ាគីស្ថានបានប្រកាសតំបន់នោះជាតំបន់គ្រោះអាសន្ន ដែលតាមការព្យាកររបស់មន្រ្តីជំនាញលើផ្នែកគ្រោះមហន្តរាយធម្មជាតិបានលើកឡើងថា អាចនៅចុងសប្តាហ៍នេះនឹងមានខ្យល់ព្យុះកំបុតត្បូងមួយទៀតចេញពីសមុទ្រអារ៉ាប់បក់ឆ្ពោះមកកាន់តំបន់ឈូងសមុទ្រប៉ាគីស្ថាន និងឥណ្ឌាបង្កឱ្យមានការរអិលបាក់ដីបន្ថែមទៀត។
អាជ្ញាធរប្រទេសប៉ាគីស្ថានបាននិយាយថា ពួកគេនឹងចាប់ផ្តើមជន្លៀសប្រជាពលរដ្ឋក្នុងចន្លោះចាប់ពីចំនួន៨ពាន់គ្រួសារទៅ៩ពាន់គ្រួសារនៅតាមបណ្តោយមាត់ឆ្នេរសមុទ្រស្ថិតនៅក្នុងខេត្តសិន្ធៈ(Sindh) ហើយនិងពលរដ្ឋនៅក្នុងទីក្រុងកំពង់ផែការ៉ាជី(Karachi) ដែលមានប្រជាពលរដ្ឋរស់នៅប្រមាណជា២០លាននាក់។
ដោយឡែកចាប់ពីថ្ងៃចន្ទនេះតទៅ អាជ្ញាធរនឹងដាក់ពង្រាយទាហានជាច្រើនពាន់នាក់ដើម្បីត្រៀមរង់ចំាជួយដល់ពលរដ្ឋនៅក្នុងគ្រាអាសន្នដែលអាចនឹងមកដល់នៅចុងសប្តាហ៍៕