ការនាំចេញរបស់កម្ពុជាក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ ២០២៣នេះ មានចំនួន ៩.១៨ ពាន់លានដុល្លារ រាងធ្លាក់ចុះបន្តិចប៉ុណ្ណោះប្រហែល ២.៤ ភាគរយពី ៩.៤១ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាធៀបនឹងកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ។
របាយការណ៍បានចង្អុលបង្ហាញថាការនាំចេញទៅសហរដ្ឋអាមេរិកដែលនៅតែជាទីផ្សាធំរបស់កម្ពុជាមានតម្លៃ ៣.១៩ ពាន់លានដុល្លារ ហាក់ធ្លាក់ចុះ ១៤.៣ ភាគរយពី ៣.៧៣ ពាន់លានដុល្លារកាលពីឆ្នាំមុន។ ក៏ប៉ុន្តែការនាំចេញទៅកាន់ប្រទេសវៀតណាមបានកើនឡើងដល់ទៅ ២២ ភាគរយដល់ ១.៣២ ពាន់លានដុល្លារ ពី ១.០៨ ពាន់លានដុល្លារ និងការនាំចេញទៅកាន់ប្រទេសចិនក៏បានកើនឡើង ១៣.៣ ភាគរយដល់ ៥៨៨លានដុល្លារផងដែរ។ ការនាំចេញសំខាន់ៗរបស់កម្ពុជាគឺមានសម្លៀកបំពាក់ ស្បែកជើង ទំនិញធ្វើដំណើរ កង់ និងផលិតផលកសិកម្មដូចជា អង្ករ កៅស៊ូ ដំឡូងមី ចេក និងស្វាយ ខណៈប្រទេសជាដៃគូគោលដៅទទួលយកកំពូលទាំងប្រាំពីកម្ពុជា មានសហរដ្ឋអាមេរិក វៀតណាម ចិន ថៃ និងជប៉ុន។
ជុំវិញការបូកសរុបទូទៅនៃទិន្នន័យនាំចេញ៥ខែរបស់កម្ពុជាមានចំនួនជាង ៩ពាន់លានមិនសូវជាខុសគ្នានឹង៥ខែឆ្នាំមុន សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា វិស័យឧស្សាហកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈការបង្កើតការងារ។ លោកបានថ្លែងក្នុងអំឡុងពេលចុះជួបកម្មករកាត់ដេរនៅខេត្តកណ្តាលកាលពីថ្ងៃសៅរ៍ថា រោងចក្រកាត់ដេរ ស្បែកជើង និងទំនិញធ្វើដំណើរគឺជាអ្នករកចំណូលបានច្រើនបំផុតក្នុងប្រទេស។ លោកបន្តថា ក្រោយវិបត្តិកូវីដ-១៩ រដ្ឋាភិបាលបាននិងកំពុងព្យាយាមទាក់ទាញអ្នកវិនិយោគបរទេស ដើម្បីជំរុញសេដ្ឋកិច្ចជាតិ និងបង្កើតការងារ។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “រដ្ឋាភិបាលកំពុងទាក់ទាញអ្នកវិនិយោគបរទេសមកប្រទេសនេះ ដើម្បីបង្កើនទំនិញសម្រាប់ការនាំចេញ និងផ្តល់ឱកាសការងារដល់ប្រជាជនក្នុងប្រទេស”។ បច្ចុប្បន្ននេះ មានរោងចក្រកាត់ដេរជិត ១៤០០នៅទូទាំងប្រទេស ដែលមានកម្មករប្រមាណ ៨៥ម៉ឺននាក់។ លោកបានបន្តថាក្នុងមួយឆ្នាំប្រហែល៣ពាន់លានដុល្លារត្រូវបានបង្កើតជាប្រាក់ឈ្នួលពលកម្មដល់កម្មករកាត់ដេរ។
ជម្រាបទៅកាន់ប្រភពKhmer Times លោក ប៉ែន សុវិជ្ជា អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន និងកូរ៉េបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ផលិតផលដែលផលិតនៅប្រទេសកម្ពុជា និងបានរួមចំណែកក្នុងការទាក់ទាញការវិនិយោគបរទេសថ្មីៗ។ លោកថា “ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសប្រទេសជាសមាជិក RCEP បានកើនឡើងគួរឱ្យកត់សម្គាល់ ដែលធ្វើឲ្យផលិតផលកម្ពុជាមានភាពទាក់ទាញក្នុងរយៈពេលវែង។ លោកបានបន្តថា៖ “កំណើនពាណិជ្ជកម្មរបស់កម្ពុជានឹងមានការរំពឹងទុកខ្ពស់ជាងនេះក្នុងឆ្នាំនេះនិងលើសពីនេះ”។
ជាមួយគ្នានេះ កម្ពុជាក៏បានរាយការណ៍ពីការនាំចូលសរុបចំនួន ១០,១០៩ លានដុល្លារក្នុងអំឡុងពេលនេះ ថយចុះ ២២,៦ ភាគរយពី ១៣,០៥៧ លានដុល្លារកាលពីឆ្នាំមុន។ ទំនិញនាំចូលសំខាន់ៗរួមមាន ប្រេង និងឧស្ម័ន វត្ថុធាតុដើមសម្រាប់កាត់ដេរ ស្បែកជើង និងទំនិញធ្វើដំណើរ យានជំនិះ គ្រឿងចក្រ គ្រឿងអេឡិចត្រូនិក និងផលិតផលប្រើប្រាស់ផ្សេងៗ៕