វេទិកាធុរកិច្ចបៃតងប្រចាំឆ្នាំរបស់គណៈកម្មាធិការធុរកិច្ចបៃតងនៃ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia) បានប្រមូលផ្តុំអ្នកដឹកនាំដែលមកពីវិស័យឧស្សាហកម្ម អាជីវកម្ម អ្នកផ្តួចផ្តើមគំនិត និងអ្នកបង្កើតគោលនយោបាយដើម្បីពិភាក្សាអំពីវិធីពន្លឿនវឌ្ឍនភាពរបស់ប្រទេសកម្ពុជាឆ្ពោះទៅរកគោលដៅសេដ្ឋកិច្ចបៃតងរបស់ខ្លួន នាថ្ងៃទី ៩ ខែមិថុនា ។វេទិកានេះក៏បានបង្ហាញអំពីការចាប់ផ្តើមនៃយុទ្ធនាការការប្រមូលដបត្រឡប់មកវិញនៅក្នុងប្រទេសកម្ពុជាដែលយុទ្ធនាការនេះបានដាក់សាកល្បងនៅតាមវិស័យអាហារនិងភេសជ្ជៈ និងអាជីវកម្មបដិសណ្ឋារកិច្ចក្នុងស្រុកនៅក្នុងទីក្រុងភ្នំពេញចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២៣។ ក្រោមអធិបតីថ្នាក់ដឹកនាំប្រទេសកម្ពុជានិងភាពជាដៃគូជាមួយក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា វេទិកានេះត្រូវបានបញ្ចប់ដោយការប្រារព្ធពិធីអបអរសាទរដល់ធុរកិច្ច និងសហគ្រិនកម្ពុជាចំនួន ១៤ រូបសម្រាប់ការចូលរួមរបស់ពួកគេក្នុងយុទ្ធនាការការប្រមូលដបត្រឡប់មកវិញ។ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថានដែលអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាធុរកិច្ចបៃតងបានមានប្រសាសន៍ថា៖ «កម្មវិធីដែលយើងប្រារព្ធថ្ងៃនេះជាកម្មវិធីដែលមានសក្តានុពលក្នុងការត្រួសត្រាយ ឱ្យមានលទ្ធភាពក្នុងការប្រមូលមកវិញ និងការប្រើប្រាស់ឡើងវិញបន្ថែមនៅក្នុងប្រទេសកម្ពុជា។ ធនធានធម្មជាតិរបស់យើងមិនស្ថិតស្ថេរនោះទេ។ ប្រសិនបើយើងចង់បន្តមានការរីកចម្រើន និងធ្វើឱ្យប្រទេសកម្ពុជាក្លាយជាកន្លែងរស់នៅដ៏គួរឱ្យទាក់ទាញ យើងត្រូវផ្លាស់ប្តូរទៅរកគំរូអាជីវកម្មដែលប្រើធនធានប្រកបដោយនិរន្តភាព។ សេដ្ឋកិច្ចប្រកបដោយនិរន្តរភាពគឺជាផ្នែកចម្បងនៃដំណោះស្រាយ។ ខ្ញុំមានអារម្មណ៍រំភើបពេលដែលឃើញអាជីវកម្មជាអ្នកផ្តួចផ្តើមគម្រោងនេះ ហើយខ្ញុំមានជំនឿថាការផ្តួចផ្តើមនេះនឹងលើកទឹកចិត្តអាជីវកម្មដទៃជ្រើសយកសកម្មភាពនេះជាគំរូ។ ដូច្នេះការប្រើប្រាស់ធនធានប្រកបដោយនិរន្តរភាព និងការប្រមូលដបត្រឡប់មកវិញអាចអនុវត្តបានយ៉ាងទូលំទូលាយនាពេលអនាគត»។ក្រោមអធិបតីភាព ឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និង ឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ព្រមទាំងលោក Samson Wong នាយកគ្រប់គ្រងក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានប្រគល់ពានរង្វាន់ទៅដល់អាជីវកម្មដើម្បីទទួលស្គាល់ជាផ្លូវការដល់វីរជនកម្ពុជានៅក្នុងយុទ្ធនាការប្រមូលដបត្រឡប់មកវិញដែលរួមមាន៖ V-Friend, Prel Leap, Traino-Pabu, Royal 214, Gold Pub, KC Restaurant & Sky Bar, Kiri Pub, Color Cup, Le Moon Rooftop, Prime Distributors Asia, Leng Channa, Ly Huy, Ly Kiet, និង KCV ។
លោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia) បានមានប្រសាសន៍ថា៖«វេទិកាប្រចាំឆ្នាំនេះបានគូសបញ្ជាក់អំពីតម្រូវការបន្ទាន់ដើម្បីទទួលបានអនាគតមួយដែលការអនុវត្តប្រកបដោយនិរន្តរភាពក្លាយជាទម្លាប់។ តម្រូវការនេះជាចក្ខុវិស័យដែលទាមទារឱ្យមានសកម្មភាពរួបរួមកាន់តែច្រើន។ ការទទួលបានវិធីសាស្រ្តត្រឹមត្រូវនឹងបើកឱកាសថ្មីអោយមានការលូតលាស់ក្នុងការវិនិយោគ ដែលប្រកបទៅដោយពណ៌បៃតងដើម្បីផ្តល់នូវតម្លៃសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពសម្រាប់ប្រទេសកម្ពុជា»។