Alynana Media Cambodia
Icon Collap
clinic narit

រយៈពេល២ឆ្នាំកម្ពុជាចម្រាញ់រ៉ែមាសបានជាង ៦,៧តោន នៅខេត្តមណ្ឌលគិរី

Media LNN | Jun 12, 2023
រយៈពេល២ឆ្នាំកម្ពុជាចម្រាញ់រ៉ែមាសបានជាង ៦,៧តោន នៅខេត្តមណ្ឌលគិរី
Clinic narith

មណ្ឌលគិរី៖ កម្ពុជាចម្រាញ់រ៉ែមាសពីតំបន់អូរខ្វាវនៃខេត្តមណ្ឌលគិរី បានចំនួន ៦ ៧២៧ គីឡូក្រាម ដោយទទួលបានចំណូលសួយសារពីក្រុមហ៊ុន​ Renaissance Minerals បានជាង ១០លានដុល្លារអាម៉េរិក ក្នុងរយៈពេល២ឆ្នាំ នៃប្រតិបត្តិការ គិតត្រឹមពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៣។

សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងរ៉ែ និងថាមពល បានបង្ហាញថា គិតមកទល់សព្វថ្ងៃ រោងចក្រចម្រាញ់«រ៉ែមាស»នេះ​ ដំណើរការបានរយៈពេល២ឆ្នាំហើយ​ដោយក្រុមហ៊ុន Renaissance Minerals (Cambodia) Limited របស់ប្រទេសអូស្ត្រាលី ក្រោមទុនវិនិយោគ ១២០លានដុល្លារ។ 

បច្ចុប្បន្ន ក្រុមហ៊ុនចម្រាញ់មាស ដែលមានគុណភាព ៩០ភាគរយបានចំនួន ៦,៧២៧ គីឡូក្រាម។ ក្រុមហ៊ុនបង់សួយសារជូនរដ្ឋ បានជាង១០.២លានដុល្លារ ។

ក្រសួងរ៉ែ និងថាមពល លើកឡើងថា ដំណើរការឧស្សាហកម្មអាជីវកម្មធនធានរ៉ែ ដែលក្រុមហ៊ុន Renaissance Minerals សម្រេចបាននេះ បានរួមចំណែកដល់ការបង្កើតប្រភពចំណូលថវិកាជាតិ ហើយកំពុងបង្កើតបាននូវសមត្ថភាពជាតិ និងគំរូថ្មី សម្រាប់ការធ្វើអាជីវកម្មធនធានរ៉ែ ប្រកបដោយការទទួលខុសត្រូវ និងការអភិវឌ្ឍប្រកបដោយចីរភាព។

សមិទ្ធផលនៃដំណើរការឧស្សាហកម្មចម្រាញ់រ៉ែមាសរបស់កម្ពុជានេះ គឺជាសក្ខីភាពយ៉ាងជាក់​ច្បាស់​នូវការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតបាននូវបរិស្ថានវិនិយោគ សមប្រកប​សម្រាប់​ទាក់ទាញវិនិយោគទុនពីក្រៅប្រទេស ​និង​ ការបង្កើតបាននូវខឿនឧស្សាហកម្មថ្មីមួយ ប្រកបដោយការទទួលខុសត្រូវលើបរិស្ថាន ​និងសង្គម តាមស្តង់ដារអន្តរជាតិ។

លើសពីនេះ ​ដំណើរការឧស្សាហកម្មចម្រាញ់រ៉ែមាស​ អនុញ្ញាតឲ្យកម្ពុជា អាចទាញយកបាននូវ​ធនធានរ៉ែ ​ជាសម្បត្តិធម្មជាតិដ៏មានតម្លៃរបស់ខ្លួន ​ដើម្បី​ធ្វើការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និងសង្គម បង្កើត​បាន​នូវផលប្រយោជន៍រយៈពេល​វែង ​សម្រាប់​ប្រជាជនកម្ពុជា​ជាច្រើន៕