Alynana Media Cambodia
Icon Collap
clinic narit

មន្ត្រី​ ៤ ​នាក់​ បាន​ស្លាប់​ក្នុងហេតុការ​វាយ​ប្រហារ​ប៉ុស្តិ៍​ប៉ូលិស ​វៀតណាម

Media LNN | Jun 12, 2023
មន្ត្រី​ ៤ ​នាក់​ បាន​ស្លាប់​ក្នុងហេតុការ​វាយ​ប្រហារ​ប៉ុស្តិ៍​ប៉ូលិស ​វៀតណាម
Clinic narith

វៀតណាម៖មន្ត្រីប៉ូលិស ៤​ នាក់​ បាន​ស្លាប់ និង ២​ នាក់​ ផ្សេងទៀត ​បាន​រងរបួស​នៅក្នុង​ករណីបាញ់​ប្រហារ​មួយ ​ដែល​បាន​កើត​ឡើង​នៅទីស្នាក់ការ​ប៉ូលិស​២ កន្លែង ​ស្ថិត​នៅ​តំបន់​ភូមិភាគ​កណ្ដាល​ប្រទេស​វៀតណាម​ កាល​ពី​ថ្ងៃទី​១១ ខែមិថុនា​ឆ្នាំ២០២៣។​

យោងតាម​គេហទំព័រផ្លូវការ​របស់ក្រសួង​សន្តិសុខ​សាធារណៈ​វៀតណាម ​បានឱ្យ​ដឹងថា​ មនុស្ស ១៦ នាក់​ ត្រូវ​បាន​ចាប់ខ្លួន​ ពាក់​ព័ន្ធនឹង​ការបាញ់​ប្រហារ​នៅក្នុង​ស្រុក​ឈូឃូន ​(Cu Kuin)​ ខេត្តដា​ឡាក (Dak Lak)។​

សេចក្តី​រាយការណ៍​ខាងលើ​បានបន្ថែមថា​ មនុស្ស ២​ នាក់​ ដែល​ត្រូវបាន​ចាប់​ជា​ចំណាប់​ខ្មាំង​ដោយ​ខ្មាន់កាំភ្លើង​ត្រូវ​បាន​ដោះលែង​ ខណៈដែល​ចំណាប់​ខ្មាំង​ម្នាក់​ទៀតដែល​ត្រូវ​បានខ្មាន់​កាំភ្លើង​ចាប់​ឃុំឃាំង​ បាន​រំដោះខ្លួន​បាន​ដោយ​ខ្លួនឯង។​ គួរដឹ​ងដែរថា ​ហេតុការណ៍​បាញ់​ប្រហារ​ទៅ​លើ​ទីស្នាក់ការ​ប៉ូលិស​នៅទីតាំងទាំង២​ ក្នុងនោះ​គឺ​នៅ​ឃុំ​អៀ​ទៀវ​ (Ea Tieu) និង​ឃុំ​អៀ​ខ្ទើ (Ea Ktur) បាន​កើត​ឡើង​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ។

ក្រសួង​សន្តិសុខ​សាធារណៈ​ បាន​ឱ្យដឹងថា ​មន្ត្រី​ប៉ូលិស​ ៤​ នាក់ ​ដែលត្រូវ​បាន​បាញ់​សម្លាប់​ពេលកំពុង​បំពេញ​តួនាទី​ត្រូ​វ​បាន​ក្រសួង​លើក​តម្កើង​ពួកគេថា​ជាវីរៈបុរស​យ៉ាងពិតប្រាកដ។ ​យោងតាម​ការ​រាយការណ៍​បន្ថែម​ពី​ទី​តាំងកើត​ហេតុ​បា​ន​ឱ្យដឹងថា ​មន្ត្រី​ផ្សេង​ទៀត​ក្នុង​តំបន់ និង​ជន​ស៊ីវិល​មួយ​ចំនួន ​ក៏​ត្រូវ​បាន​រងគ្រោះ​ពី​ការ​វាយប្រហារ​នេះ​ផង​ដែរ ​ប៉ុន្តែ​មិន​ទាន់​​មាន​ការ​ផ្តល់​តួលេខ​អំពី​អ្នក​ស្លាប់​និង​រងរបួស​នៅ​ឡើយទេ​។​

ប្រភព​ដដែល​បាន​បន្ថែមថា​ក្រុម​មន្ត្រី​ស៊ើបអង្កេត​កំពុង​ស្វែង​រក​ជន​សង្ស័យ​បន្ថែម​ទៀត​ ខណៈ​ដែល​ប៉ូលិស​មិន​អាច​ទា​ក់​ទង​សុំ​ការ​បំភ្លឺ​បាន​នៅឡើយ។ ​គួរដឹង​ដែរថា​ តំបន់ខ្ពង់​រាប​កណ្តាល​នៅ​ប្រទេស​វៀតណាម នេះ​គឺជា​កន្លែង​រស់​នៅរ​បស់​ជនជាតិ​ភាគ​តិច​ជា​ច្រើន​និង​ត្រូវ​បាន​ចាត់ទុកថា​ជា​តំបន់​ដ៏​រសើប​សម្រាប់​រដ្ឋាភិបាល​ផ្តាច់ការ​របស់វៀតណាម ​ដោ​យ​សារ​តែ​ពលរដ្ឋ​នៅតំបន់នេះ​មិន​សប្បាយ​ចិត្តជា​យូរ​ណាស់​មកហើយ ​ជុំវិញ​បញ្ហាជា​ច្រើន​ ក្នុងនោះ​រួម​មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ដីធ្លី​ជាដើម​។​

សូម​រំឭកថា ​ក្រុម​កុល​សម្ព័ន្ធ​មួយ​ចំនួន​នៅ​ក្នុង​តំបន់នេះ ​ត្រូវ​បាន​គេស្គាល់ថា​ជា​ក្រុម​ម៉ុង​តាញ៉ា ​(Montagnards)។ ក្រុមកុល​សម្ព័ន្ធនេះ​ធ្លាប់​ចូល​រួមជា​មួយ​វៀតណាម​ខាងត្បូង​ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក​ក្នុងអំឡុង​ពេល​សង្រ្គាម វៀ​តណាម។ ​អ្នកខ្លះបាន​និង​កំពុង​អំពាវនាវ​ទាមទារ​ស្វ័យភាព​តំបន់​របស់​ខ្លួន​ទៀតផង​ ខណៈ​អ្នកផ្សេង​ទៀត​ដែល​កំពុង​រស់​នៅ​បរទេស ​ក៏​កំពុង​តស៊ូ​មតិទាមទារ​ឯករាជ្យ​សម្រាប់​តំបន់នេះ​ផងដែរ​។​

 

កាល​ពីថ្ងៃ​អាទិត្យ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​វៀតណាម​មួយចំនួន​ បាន​លុប​ចោល​ការ​រាយការណ៍​របស់ពួកគេ​ពី​ឧប្បត្តិហេតុ​នេះ​ ប៉ុន្តែ​ក៏​បាន​បោះពុម្ពផ្សាយ​ឡើងវិញ​បន្ទាប់​ពីប៉ុន្មាន​ម៉ោងក្រោយ។ ​ជា​ការ​កត់​សម្គាល់​ ករណី​ហិង្សា​បាញ់​ប្រ​ហារ​បែប​នេះ​ គឺ​ជា​រឿង​ដែល​កម្រ​កើត​មាន​បំផុត​នៅក្នុង​ប្រទេស​វៀតណាម​ ហើយវា​ក៏​ខុស​ច្បាប់​ផងដែរ​សម្រាប់​ពល​រដ្ឋណាម្នា​ក់​ដែល​មាន​អាវុធ​ប្រើប្រាស់ ​ហើយ​ទីផ្សារ​ងងឹត​សម្រាប់​ជួញដូរ​អាវុធ​ខុសច្បាប់​ក៏តូច​ចង្អៀត​ទៀត។​

កាល​ពី​ខែមករា​​ ឆ្នាំ​២០២០ ​មនុស្ស​ចំនួន​ ៤ នាក់​ត្រូវ​បានបាញ់​សម្លាប់​នៅ​សង្វៀន​ជល់​មាន់ខុស​ច្បាប់​មួយ​កន្លែង​នៅ​ជាយ​ក្រុងហូជីមិញ។​ ក្រៅពីនោះ ​ក៏មានការ​បាញ់​ប្រហារដ៏​កម្រ​មួយផ្សេង​ទៀតក្នុង​ឆ្នាំ២០១៦​ដោយ​មន្ត្រីជាន់​ខ្ពស់ ២ នាក់​ នៅខេត្ត​យេនប៉ាយ (Yen Bai)​ ភាគខាង​ជើង​ត្រូវបាន​សម្លាប់​ ដោយ​សហការី​នៅ​ការិយាល័យ ​មុនពេល​ដែលខ្មាន់​កាំភ្លើង​បានបាញ់​សម្លាប់​ខ្លួនឯង​តាមក្រោយ​៕​