(ប៉េកាំង)៖ កាលពីសប្តាហ៍កន្លងទៅនេះ ចិនបានចល័តយន្តហោះឈ្លបការណ៍មួយគ្រឿង ទៅកាន់តំបន់ដែនទឹកនៃមហាសមុទ្រប៉ាស៉ីហ្វិក នៅភាគខាងកើតកោះតៃវ៉ាន់ ដែលប្រព័ន្ធផ្សព្វផ្សាយចិនអះអាងថា គឺដើម្បីឃ្លាំមើលសកម្មភាពនិងប្រមូលព័ត៌មាន អំពីសមយុទ្ធយោធាមួយ ដែលមានការចូលរួមរវាងកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក ជប៉ុន បារាំង និងកាណាដា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣។
យោងតាមសេចក្តីរាយការណ៍ កាលពីថ្ងៃអាទិត្យរបស់សារព័ត៌មាន Global Times ដែលផ្អែកលើប្រភពពីក្រុមអ្នកវិភាគ ប្រភែទយន្តហោះ Y-9 ដែលមានបំពាក់នូវឧបករណ៍ សម្រាប់ឈ្លាបការណ៍សម្ងាត់ ទំនងជាបានធ្វើសកម្មភាពឃ្លាំមើលនិងប្រមូលព័ត៌មាន អំពីសមយុទ្ធយោធារវាងប្រទេសទាំង៤ខាងលើ។ Global Times បានរាយការណ៍ថា នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក ២គ្រឿងគឺ USS Nimitz និង USS Ronald Reagan បានធ្វើប្រតិបត្តិការក្បែរទីប្រជុំកោះ Ryukyu នៅសមុទ្រហ្វីលីពីន ចាប់តាំងតែពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។
បើតាមសេចក្តីថ្លែងការណ៍របស់ទីបញ្ជាការយោធាជើងទឹក 7th Fleet របស់សហរដ្ឋអាមេរិក គឺកាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅនេះ អាមេរិកបានចាប់ផ្តើមសមយុទ្ធយោធាខាងលើ នៅសមុទ្រហ្វីលីពីន ដោយមាននាវាផ្ទុកយន្តហោះចម្បាំង២គ្រឿងរបស់ខ្លួន ធ្វើប្រតិបត្តិការរួមគ្នាជាលើកដំបូង គិតចាប់តាំងពីខែមិថុនា ឆ្នាំ២០២០មក។ រីឯក្រសួងការពារជាតិជប៉ុន ក៏បានរាយការណ៍ពីការប្រទះឃើញយន្តហោះ Y-9 ប្រភេទឈ្លបការណ៍មួយគ្រឿង នៅក្នុងតំបន់ប៉ាស៉ីហ្វិក កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍ដដែលផងដែរ។
គួរបញ្ជាក់ថា ចំណែក កាលពីប៉ុន្មានថ្ងៃមុនសមយុទ្ធយោធាចតុភាគីនោះ កងឆ្មាំសមុទ្រហ្វីលីពីន សហរដ្ឋអាមេរិក និងជប៉ុន បានធ្វើសមយុទ្ធត្រីភាគីជាលើកដំបូងបំផុតរបស់ពួកគេ នៅតំបន់សមុទ្រចិនខាងត្បូង៕