ផ្ទៃដីកសិកម្មសម្រាប់បង្ក បង្កើនផលស្រូវរដូវវស្សា នៅក្នុងខេត្តកំពង់ធំ អនុវត្តន៍បានសរុបចំនួន១០៥,៨៤៤ហិកតា ស្មើ នឹង៤៩,៦២ភាគរយហើយ ខណៈប្រជាកសិករ កំពុងតែមមាញឹកក្នុងការងារបង្កបង្កើនផលស្រូវរដូវវស្សា ស្របពេលភ្លៀងបានបន្តធ្លាក់មកជាបន្តបន្ទាប់។ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ បានប្រាប់អ្នកយកព័ត៌ មានវិទ្យុជាតិកម្ពុជាថា ប្រជាកសិករនៅក្នុងខេត្តកំពង់ធំ កំពុងមមាញឹកខ្លាំងក្នុងការងារបង្កបង្កើនផលស្រូវរដូវវស្សា ខណៈផ្ទៃដីភ្ជួររាស់ដោយ គ្រឿងយន្តកសិកម្ម១០០ភាគរយ ស្មើនឹងចំនួន ១១៧ ,១៧១ហិកតា និងផ្ទៃដីសំណាបសរុបចំនួន៣០ ហិកតា។ លោកបន្តទៀតថា ផ្ទៃដីអនុវត្ត៍សរុបបានចំនួន១០៥,៨៤៤ ហិកតា ស្មើនឹង៤៩,៦២ភាគរយ នៃផែនការ២១៣,៣០០ហិកតា បើធៀបទៅនឹងឆ្នាំមុនរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២២ ទាបជាងចំនួន ៤៦,៤៩៩ហិកតា ក្នុងនោះ ពង្រោះ ស្រូវសរុបចំនួន១៣១៣ ហិកតា។ ព្រោះស្រូវធ្ងន់សរុបចំនួន ២៦,៦៨៧ហិកតា ព្រោះស្រូវកណ្តាលសរុបចំនួន៣៧,១៨៨ ហិកតា។ ព្រោះស្រូវស្រាលចំនួន ៤០,៥១៣ហិកតា ៧,០៦៤ ហិកតា និងចំការសរុបចំនួន១៤៣ហិកតា។ លោកបន្តទៀតថា ជារៀងរាល់ឆ្នាំមុនពេលរដូវវស្សាឈានចូលមកដល់ មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ តែងតែបន្តផ្តល់វគ្គបណ្តុះបណ្តាល កសិករអំពីបច្ចេកទេសនៃការធ្វើកសិកម្មល្អ ព្រោះថាបច្ចុប្បន្ននេះកម្ពុជា មិនត្រឹមតែធ្វើកសិកម្មតាមបែបយថាផល សម្រាប់ទទួលទានក្នុងគ្រួសារនោះឡើយ គឺកម្ពុជាធ្វើកសិកម្មសម្រាប់ប្រកួតប្រជែងទីផ្សានំាចេញទៅក្រៅប្រទេស ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ ក្នុងនោះ មន្ទីរតែងតែផ្តល់ជូននូវស្រូវពូជសុទ្ធល្អ មានតម្រូវការទីផ្សារខ្ពស់ ដើម្បីលើកកម្ពស់ជីវភាពកសិករ។ លោកបន្តទៀតថា អនុវត្តតាមសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ បង្ហាញថា ព្រះរាជាណាចក្រកម្ពុជា នឹងមានកូនរដូវប្រាំងកើតឡើងចាប់ពីដើមខែកក្កដា រហូតដល់ដើមខែសីហា និងខ្សត់ទឹកភ្លៀងនៅចុងឆ្នាំនោះ មន្ទីរបានធ្វើការផ្សព្វផ្សាយកសិករឱ្យរក្សាទុកសម្រាប់ប្រើប្រាស់នៅពេលមានហានិភ័យណាមួយកើតឡើង។ ការពិតការងារនេះ គឺក្រសួងកសិកម្មឯកឧត្តមរដ្ឋមន្ត្រី បានចេញសេចក្តីជូនដំណឹង ណែនាំកសិករឱ្យគាត់ចេះត្រៀមលក្ខណៈ ត្រៀមទឹកសម្រាប់កូនរដូវប្រាំង នៅចុងខែកក្កដា និងដើមខែសីហានេះមានកូនរដូវប្រាំង អាហ្នឹងការព្យាករណ៍របស់ក្រសួងធនធានទឹក អ៊ីចឹងខាងមន្ទីរក៏ដូចគ្នា យើងបានផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងរបស់ក្រសួងនេះដល់កសិករហើយ។ ហើយយើងក៏នឹងតាមដានជាប្រចាំទៀត ហើយសូមអំពាវនាវឱ្យកសិករទាំងអស់ ដែលកំពុងធ្វើការបង្កបង្កើនផលនេះ ត្រូវត្រៀមលក្ខណៈ បើសិនជាមានកន្លែងទឹកដែលអាចស្តុកបាន ត្រូវតែរក្សាទឹកទុកបានសម្រាប់ហានិភ័យនៅខែកក្កដា។ សូមជម្រាបផងដែរ ក្នុងខណៈដែលកសិករកំពុងសាបព្រោះ ក្នុងការងារបង្កបង្កើនផលស្រូវវស្សារបស់ខ្លួន កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២៣ ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពី ព្រះរាជាណាចក្រកម្ពុជា នឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ និងរាយប៉ាយស្ទើរគ្រប់កន្លែងចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣។ ត្បិតតែស្ថានភាពបែបនេះមានលក្ខណៈល្អ សម្រាប់ការចាប់ផ្តើមដាំដុះដំណាំ ស្រូវវស្សារបស់បងប្អូនប្រជាកសិករក៏ពិតមែន ប៉ុន្តែបើតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុ និយម កម្ពុជានឹងមានកូនរដូវប្រាំងកើតឡើងចាប់ពីដើមខែកក្កដា រហូតដល់ដើមខែសីហា និងខ្សត់ទឹកភ្លៀងនៅចុងឆ្នាំ ដែលទាមទារឱ្យបងប្អូនប្រជាកសិករ យកចិត្តទុក ដាក់ និងត្រៀមលក្ខណៈទុកជាមុនឱ្យបានល្អ ដើម្បីបង្ការផលប៉ះពាល់ដល់ដំណាំស្រូវ៕