រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឱ្យពង្រឹងសន្តិសុខជាតិ ខណៈវៀតណាមកំពុងមានបញ្ហាសន្តិសុខ ដែលកម្ពុជាត្រូវតែប្រុងប្រយ័ត្នជាមួយនឹងការដែលវៀតណាមរត់ចូលមកប្រទេសខ្មែរ។ ការអះអាងនេះ បានធ្វើឡើងក្នុងជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន១១ នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖ «យើងអត់មានប្រហែសបានទេ រឿងសន្តិសុខជាតិ ព្រោះពួកហ្នឹងវាយគ្រឹបៗបង្កើតជារឿង អ៊ីចឹង[..]យើងត្រូវទំនាក់ទំនងជាមួយខាងវៀតណាម ដើម្បីការពារសន្តិសុខ មិនមែនដើម្បីជម្លោះជាមួយវៀតណាមទេ តែទៅសហការជាមួយវៀតណាមដើម្បីត្រួតត្រាសភាពការណ៍នៅតាមព្រំដែនជាមួយគ្នា ព្រោះពួកប្រឆាំងនៅខាងវៀតណាម ធ្វើសកម្មភាពអាក្រក់អាក្រីរហូតដល់ស្លាប់មនុស្សយ៉ាងច្រើន»។
យោងតាមគេហទំព័ររបស់ក្រសួងសន្តិសុខសាធារណៈកាលពីព្រឹកថ្ងៃអាទិត្យបានឱ្យដឹងថា មនុស្សជាច្រើននាក់រួមមានប៉ូលិស មន្ត្រីមូលដ្ឋាន និងជនស៊ីវិល បានស្លាប់ និងរងរបួស នៅក្នុងការបាញ់ប្រហារនៅទីស្នាក់ការប៉ូលិសចំនួនពីរនៅតំបន់សេនត្រល់ ហាយលែន Central Highlands ប្រទេសវៀតណាម ហើយគិតត្រឹមថ្ងៃទី១២មិថុនា មនុស្សស្លាប់បានកើនឡើងដល់៩នាក់។តំបន់តំបន់សេនត្រល់ ហាយលែន ដែលជាជម្រករស់នៅរបស់ជនជាតិភាគតិចមួយចំនួន ត្រូវបានចាត់ទុកថា ជាតំបន់រសើបសម្រាប់រដ្ឋាភិបាលផ្តាច់ការរបស់វៀតណាម ហើយបានក្លាយជាកន្លែងដ៏ក្ដៅគគុកនៃការមិនពេញចិត្តជាយូរណាស់មកហើយ ជុំវិញបញ្ហានានា ដែលក្នុងនោះរួមមាន៖ សិទ្ធិដីធ្លីផងដែរ។ កុលសម្ព័ន្ធមួយចំនួននៅក្នុងតំបន់ដែលត្រូវបានគេស្គាល់ថា ជាក្រុមជនជាតិដើមភាគតិច ម៉ុងតាញ៉ា បានចូលដៃចូលជើងជាមួយនឹងក្រុមវៀតណាមខាងត្បូង ដែលគាំទ្រដោយសហរដ្ឋអាម៉េរិក ក្នុងអំឡុងពេលសង្រ្គាមរបស់វៀតណាម។ កុលសម្ព័ន្ធខ្លះ កំពុងអំពាវនាវឱ្យមានស្វ័យភាពបន្ថែមទៀត ខណៈដែលអ្នកផ្សេងទៀតដែលស្នាក់នៅបរទេស កំពុងតស៊ូមតិទាមទារឯករាជ្យសម្រាប់តំបន់នេះ។
គួរបញ្ជាក់ផងដែរថា អំពើហិង្សាដោយកាំភ្លើង គឺជាហេតុការណ៍ដ៏កម្របំផុតនៅក្នុងប្រទេសវៀតណាម ដោយហេតុថា វាជាអំពើខុសច្បាប់សម្រាប់ពលរដ្ឋក្នុងការកាន់កាប់អាវុធ ហើយទីផ្សារងងឹតសម្រាប់ការលក់ដូរអាវុធ នៅមានកម្រិត៕