អាជ្ញាធរចិនបានណែនាំអ្នកយកព័ត៌មានឥណ្ឌា (Press Trust of India) ឱ្យចាកចេញពីប្រទេសរបស់ខ្លួនក្នុងខែនេះបន្ថែមទៀត ខណៈក្លាយជាភាពតានតឹងសងសឹកគ្នាចុងក្រោយបង្អស់រឿងប្រព័ន្ធផ្សព្វផ្សាយក្នុងនាមជាប្រទេសមហាសេដ្ឋកិច្ចធំរបស់ពិភពលោក។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានប្រចាំនៅទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទទី ១២ ខែមិថុនាថា ឥណ្ឌាបានរឹតបន្តឹង ធ្វើឲ្យប្រទេសចិនត្រូវដកអ្នកកាសែតចំនួន១៤ នាក់នៅក្នុងប្រទេសឥណ្ឌាតាំងពីឆ្នាំ២០២០ មកត្រឹមតែជាអ្នករាយការណ៍ព័ត៌មានតែមួយនាក់ប៉ុណ្ណោះ។
លោក Wang បាននិយាយថា៖ “ហើយមកដល់ពេលនេះ ប្រទេសឥណ្ឌាក៏មិនព្រមអនុម័តការពន្យារទិដ្ឋាការអ្នកកាសែតចិនដែលនៅសល់តែម្នាក់គត់ក្នុងប្រទេសឥណ្ឌានោះទេដែរ”។“យើងសង្ឃឹមថាឥណ្ឌានឹងជួបចិនពាក់កណ្តាលផ្លូវ ហើយបន្តចេញទិដ្ឋាការសម្រាប់អ្នកកាសែត និងដកចេញការរឹតបន្តឹងដែលមិនសមហេតុផលទាំងឡាយ”។ជាការសងសឹកការទូតចិនបានបញ្ជាឲ្យអ្នកកាសែតឥណ្ឌារបស់អង្គភាព(Press Trust of India) ត្រូវចាកចេញពីប្រទេសជាបន្ទាន់នៅចុងខែមិថុនានេះ។
គួរជម្រាបឲ្យដឹងថាបន្តិចថាប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាមានអ្នកយកព័ត៌មានបួននាក់មានមូលដ្ឋាននៅប្រទេសចិនកាលពីដើមឆ្នាំ២០២៣នេះ។ តែអ្នកយកព័ត៌មានប្រចាំ The Hindustan Times បានចាកចេញកាលពីចុងសប្តាហ៍មុន ខណៈដែលអ្នកកាសែតឥណ្ឌាពីរនាក់ទៀតមកពីទូរទស្សន៍សាធារណៈ Prasar Bharati និងកាសែត The Hindu ត្រូវបានបដិសេធការបន្តទិដ្ឋាការនៅក្នុងប្រទេសចិនកាលខែមេសា។
ទំនាក់ទំនងរវាងទីក្រុងប៉េកាំងនិងទីក្រុងញូវដែលីក្នុងនាមប្រទេសមហាសេដ្ឋកិច្ចពិភពលោកមានភាពតានតឹងចាប់តាំងពីមានជម្លោះដ៏សាហាវនៅលើព្រំដែនហិមាល័យរួមគ្នារបស់ពួកគេក្នុងឆ្នាំ២០២០។ ប្រទេសចិនបានព្យាយាមពន្លត់ភ្លើងជម្លោះនោះដាច់ដោយឡែក និងផ្តោតលើទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច ប៉ុន្តែឥណ្ឌាបាននិយាយថាទំនាក់ទំនងមិនអាចត្រឡប់ទៅរកធម្មតាបានទេ រហូតដល់បញ្ហាព្រំដែនត្រូវបានដោះស្រាយ។
ការបដិសេធទិដ្ឋាការនេះកើតឡើង នៅពេលដែលប្រទេសឥណ្ឌាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រុម២០ (Group of Twenty) និងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសៀងហៃ ដែលបង្កើតឡើងដោយចិននៅឆ្នាំនេះ។