ផលិតផលធ្វើពីម្នាស់ទឹកឃ្មុំនៅស្រុកសៀមបូក ខេត្តស្ទឹងត្រែងត្រូវបានក្រុមហ៊ុនរបស់ប្រទេសចិនមួយបានមកចុះអនុស្សារណនៃការយោគយល់ (MOU) នឹងនាំផ្លែម្នាស់ទឹកឃ្មុំ, ស្រាម្នាស់ទឹកឃ្មុំ ជាភេសជ្ជៈ ទៅកាន់ទីផ្សារប្រទេសចិនដោយសារតែម្នាស់នោះគឺមានរសជាតិឆ្ងាញ់ពិសេស។
លោក សាយ ពន្លឺចិត្តៈ ករុណា អ្នកដាំម្នាស់ទឹកឃ្មុំនៅខេត្តស្ទឹងត្រែងបានឱ្យដឹងថា បច្ចុប្បន្នលោកមានផ្ទៃដីចម្ការម្នាស់ទំហំ ១៥ ហិកតានៅឆ្នាំ២០២៣នេះ បានផលជាង១០ម៉ឺនផ្លែហើយពីព្រោះទើបតែដំា នៅឆ្នាំក្រោយវាអាចនឹងកើនបានផលដល់ទៅ៤០ម៉ឺនផ្លែក្រោយពីដាំកូនបន្ថែម។
លោក ករុណា បានបន្ថែមទៀតថា លោកគ្រោងនឹងដាំកូនបន្ថែមឱ្យបាន ១លាន២សែនដើម ដើម្បីប្រមូលផលនៅចុងឆ្នាំ២០២៣ និង២០២៤ ចំពោះកូនម្នាស់នៅពេលដាំមើលថែរហូតបានផល ត្រូវចំណាយពេលយ៉ាងតិច១ឆ្នាំ២ខែ ទើបចាប់ផ្តើមប្រមូលផលបាន កន្លងមកនេះក្រៅពីលក់ផ្លៃម្នាស់នៅក្នុងប្រទេសម្ចាស់ចម្ការ ក៏បានកែច្នៃទឹកម្នាស់ឱ្យទៅជាស្រានិងផលិតផលពីផ្លែម្នាស់ផងដែរ។លោកបានបន្តឲ្យដឹងទៀតថា ក្រោយពីផលិតស្រាម្នាស់ទឹកឃ្មុំមានរសជាតិឆ្ងាញ់សម្រាប់អ្នកចូលចិត្តមានក្រុមហ៊ុនចិនឈ្មោះ Hainan Chaoqishiting Agricultural Techology Development Co. Lrd. បានមកចុះអនុស្សរណៈ (MOU) ជាមួយនឹងសិប្បកម្មទឹកម្នាស់ ទឹកឃ្មុំករុណា នៅក្រុងស្ទឹងត្រែង ដើម្បីនាំចេញផ្លែម្នាស់ទឹកឃ្មុំ, ស្រាធ្វើពីផ្លែម្នាស់ និងទឹកម្នាស់ទឹកឃ្មុំទៅកាន់ទីផ្សារប្រទេសចិន។
លោក សាយ ពន្លឺចិត្តៈករុណា បាននិយាយបន្ថែមទៀតថា តំណាងក្រុមហ៊ុនចិនបានសន្យាថា ក្រៅពីនាំទៅដោយខ្លួនឯង គេនឹងជួយធ្វើបទបង្ហាញទៅដល់ក្រុមហ៊ុននៅប្រទេសចិនផ្សេងៗទៀត ឱ្យគេបានស្គាល់ចាប់អារម្មណ៍ពីគុណតម្លៃនៃផ្លែម្នាស់ទឹកឃ្មុំខ្មែរ ដើម្បីពូកគេអាចនឹងនាំទៅប្រទេសចិនដែរដោយអនុវត្តទៅតាមនីតិវិធីនៃការនាំចេញរបស់កម្ពុជានិងចិន។ម្ចាស់ចម្ការម្នាស់បាននិយាយថា នៅក្រោយការចុះ MOU រួចលោកបានត្រៀមនឹងដាំម្នាស់ឱ្យបានដល់ទៅរាប់ម៉ឺនដើមបន្ថែមទៀត។លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែងបាននិយាយឱ្យដឹងថា នេះជាជំហ៊ានវិជ្ជមានថ្មីមួយទៀតដែលម្នាស់ទឹកឃ្មុំខេត្តស្ទឹងត្រែង មានឱកាសបានទៅបង្ហាញវត្តមាននៅលើទីផ្សារអន្តរជាតិ បន្ទាប់ពីមានវត្តមានជាច្រើនឆ្នាំនៅទីផ្សារក្នុងប្រទេស យើងសង្ឃឹមយ៉ាងមុតមាំថា ម្នាស់ទឹកឃ្មុំខេត្តស្ទឹងត្រែងនឹងទទួលបាននូវការចាប់អារម្មណ៍ និងពេញចិត្តនូវរសជាតិពិសេសរបស់វាពីសំណាក់ពលរដ្ឋចិន។
លោកប្រធានមន្ទីរកសិកម្មបន្តថា មន្ទីរនឹងខិតខំបន្ថែមទៀតដើម្បីជួយជំរុញឲ្យប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែងចូលរួមបង្កើនការដាំដុះ ជាពិសេសមន្រ្តីជំនាញត្រៀមខ្លួននឹងសម្របសម្រួលបង្កលក្ខណៈងាយស្រួលដើម្បីធ្វើយ៉ាងណាជួយឲ្យម្នាស់ទឹកឃ្មុំនេះបានក្លាយជាកសិផលសំគាល់ភូមិសាស្ត្រ៕