ប្រទេសចិន ចាប់ផ្តើមសមយុទ្ធយោធានៅសមុទ្រចិនខាងកើត ភាគខាងជើងនៃកោះតៃវ៉ាន់នៅថ្ងៃអង្គារទី១៣ ខែមិថុនា រួមទាំងសមយុទ្ធបាញ់គ្រាប់ពិតពីនាវាចម្បាំង ខណៈដែលសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តធ្វើសមយុទ្ធនៅតំបន់ប៉ាស៊ីហ្វិកខាងលិច...។
រដ្ឋបាលការពារសុវត្ថិភាពដែនសមុទ្ររបស់ប្រទេសចិន បានបញ្ចេញការព្រមានអំពីតំបន់គ្មាននាវាពីព្រលឹមដល់ពាក់កណ្តាលថ្ងៃរសៀលនៅថ្ងៃអង្គារនេះ សម្រាប់តំបន់មួយចេញពីទីក្រុងតៃចូវ (Taizhou) ក្នុងខេត្តហ្សឺជាំង (Zhejiang) សម្រាប់សមយុទ្ធបាញ់គ្រាប់ពិតពីនាវាចម្បាំង។ សមយុទ្ធផ្សេងទៀតនៅក្នុងទីតាំងដូចគ្នា នឹងបន្តរហូតដល់ល្ងាច។ សមយុទ្ធនេះ ត្រូវបានធ្វើឡើងនៅជិតប្រជុំកោះដាឈិន (Dachen) ដែលកោះតៃវ៉ាន់គ្រប់គ្រងពីឆ្នាំ១៩៦៥ រហូតដល់ត្រូវបានជម្លៀសចេញ បន្ទាប់ពីកោះផ្សេងទៀតនៅក្បែរនោះ ត្រូវបានរឹបអូសដោយកងកម្លាំងចិន ក្នុងការប្រយុទ្ធបង្ហូរឈាម។ កោះតៃវ៉ាន់ នៅតែបន្តគ្រប់គ្រងប្រជុំកោះម៉ាត់ស៊ូ (Matsu) និងកោះគីនមេន (Kinmen) ក្បែរឆ្នេរសមុទ្រនៃខេត្តហ្វ៊ូជៀន (Fujian) របស់ប្រទេសចិន ចាប់តាំងពីរដ្ឋាភិបាលសាធារណរដ្ឋចិនចាញ់ និងបានភៀសខ្លួនទៅតៃប៉ិ បន្ទាប់ពីចាញ់សង្គ្រាមស៊ីវិលជាមួយបក្សកុម្មុយនីស្ដម៉ៅ សេទុង។ទីភ្នាក់ងារសុវត្ថិភាពដែនសមុទ្របានឱ្យដឹងថា ប្រទេសចិននឹងធ្វើសមយុទ្ធដាច់ដោយឡែកនៅតំបន់ភាគខាងជើងមួយផ្សេងទៀតនៃសមុទ្រចិនខាងកើត រហូតដល់រសៀលថ្ងៃពុធ។ សមយុទ្ធនៅសមុទ្រចិនខាងកើតរបស់ចិន ធ្វើឡើងស្របពេលជាមួយនឹងសមយុទ្ធជើងទឹកបួនប្រទេស នៅសមុទ្រហ្វីលីពីន ដែលបានចាប់ផ្តើមកាលពីថ្ងៃសុក្រ ដោយមានការចូលរួមពីសហរដ្ឋអាម៉េរិក ជប៉ុន កាណាដា និងបារាំង។ កងនាវាចរទី៧ របស់សហរដ្ឋអាម៉េរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធនោះរួមមាន៖ក្រុមនាវាផ្ទុកយន្តហោះពីរក្រុម ដែលដឹកនាំដោយនាវាផ្ទុកយន្តហោះអាម៉េរិក USS Nimitz និង USS Ronald Reagan ប្រតិបត្តិការរួមគ្នាជាលើកដំបូងចាប់តាំងពីខែមិថុនា ឆ្នាំ២០២០៕