ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានជំរុញឲ្យមន្ដ្រីជំនាញពាក់ព័ន្ធទាំងអស់ត្រូវបន្ដខិតខំប្រឹងប្រែងផ្ដល់អត្ដសញ្ញាណបណ្ណសញ្ជាតិខ្មែរទុតិយតា ជូនដល់ប្រជាពលរដ្ឋឲ្យបានឆាប់បំផុត ពោលគឺឲ្យបានមុនការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ។
នៅក្នុងកិច្ចប្រជុំនាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ ដើម្បីត្រួតពិនិត្យផលទ្ធផល នៃការអនុវត្តផែនការយុទ្ធនាការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទុតិយតា សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា ផែនការយុទ្ធនាការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទុតិយតានេះ នឹងត្រូវបញ្ចប់នៅត្រឹមថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០២៣ ក៏ប៉ុន្តែក្រសួងមហាផ្ទៃ បានស្នើសុំរាជរដ្ឋាភិបាល ដើម្បីពន្យាផែនការនេះរហូតដល់ថ្ងៃប្រកាសលទ្ធផលបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ដើម្បីបន្តអនុវត្តការងារផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទុតិយតាជូនប្រជាពលរដ្ឋឲ្យបានគ្រប់គ្នា។
សូមបញ្ជាក់ថា ដើម្បីធានានូវសិទ្ធិសេរីភាព ក៏ដូចជាកាតព្វកិច្ចនានារបស់ប្រជាពលរដ្ឋនៅក្នុងសង្គម ក្រសួងមហាផ្ទៃ បានដាក់ចេញផែនការយុទ្ធនាការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទុតិយតា ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ និងបានបង្កើតក្រុមការងារទទួលខុសត្រូវដឹកនាំ និងជំរុញការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទុតិយតា ព្រមទាំងណែនាំដល់ថ្នាក់ក្រោមជាតិ ជំរុញការងារផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទុតិយតា ជូនប្រជាពលរដ្ឋដែលអស់សុពលភាពបានប្រើប្រាស់។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់បន្ថែមទៀតថា ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃបិទបញ្ចប់នេះគ្រាន់តែជាការបិទបញ្ចប់នៃផែនការយុទ្ធនាការតែប៉ុណ្ណោះ តែមិនមែនមានន័យថា ឈប់ផ្តល់សេវាផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទុតិយតាជូនប្រជាពលរដ្ឋ បានទៀតនោះទេ ពោលប្រជាពលរដ្ឋនៅតែមានសិទ្ធិអាចទៅទទួលសេវាផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដដែល។
យោងតាមរបាយការណ៍ បានឲ្យដឹងថា អំឡុងឆ្នាំ២០២២ និងឆ្នាំ២០២៣នេះ មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរអស់សុពលភាពប្រើប្រាស់ប្រមាណ ១,៧២៧,០៩៤សន្លឹក។ ការផ្តល់អត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរជូនប្រជាពលរដ្ឋគ្រប់អាយុ១៥ឆ្នាំឡើង គិតចាប់ពីឆ្នាំ២០១២ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ បានចំនួនសរុប ១២,៧៩៣,៦៧៩ទិន្នន័យ។ ចំពោះការផ្តល់ជូនអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទុតិយតា គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ បានចំនួន ៩២៩,៨១៦ស្មើ៥៤% លើទិន្នន័យអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរអស់សុពលភាពក្នុងឆ្នាំ២០២២ និងត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានចំនួនសរុប ១,៧២៧,០៩៤ នាក់ ខណៈចំនួនដែលនៅបន្តផ្តល់ជូនមាន ៧៩៧,២៧៩នាក់៕អត្ថបទបាន ចក់