(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាននិយាយថាប្រតិបត្តិការវាយបកប្រឆាំងរុស្ស៉ី ដែលអ៊ុយក្រែនសន្យាបានចាប់ផ្ដើមហើយ និង លោកផ្ទាល់ក៏បានសន្យាដែរថានឹងផ្ដល់ជំនួយយោធាបន្ថែមដល់ទីក្រុងកៀវ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣។
លោក ម៉ាក្រុង ធ្វើការកត់សម្គាល់បែបនេះនៅឯសន្និសីទសារព័ត៌មានមួយនៅថ្ងៃចន្ទសប្ដាហ៍នេះ បន្ទាប់ពីកិច្ចប្រជុំជាមួយមេដឹកនាំប៉ូឡូញ និងអាល្លឺម៉ង់។ លោក ម៉ាក្រុង បានបញ្ជាក់ដូច្នេះថា «យើងបាន និងកំពុងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីជួយដល់ប្រតិបត្តិការវាយបករបស់អ៊ុយក្រែន។ យើងបានបង្កើនការផ្ដល់គ្រាប់រំសេវ អាវុធ និងរថពាសដែក...ហើយយើងនឹងបន្តធ្វើបែបនេះនៅប៉ុន្មានថ្ងៃ និងសប្ដាហ៍ខាងមុខ»។
គួរបញ្ជាក់ថា បើតាមលោក ម៉ាក្រុង លោកផ្ទាល់បានបើកកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី កាលពីប៉ុន្មានថ្ងៃកន្លងទៅ នេះ ដោយលោក ហ្សេលេនស្គី បានបញ្ជាក់ប្រាប់លោកថាប្រតិបត្តិការវាយបករបស់អ៊ុយក្រែន ដើម្បីដណ្ដើមយកទឹកដីរបស់ខ្លួនដែលទាហានរុស្ស៉ី កំពុងកាន់កាប់ត្រឡប់មកវិញ បានចាប់ផ្ដើមហើយ៕