យោងទៅតាមប្រភពព័ត៌មានពីរ៉យទ័រ បានរាយការណ៍ថា ប៉ាគីស្ថានបាននាំចូលប្រេងឆៅរុស្ស៊ីដោយប្រើប្រាស់ប្រាក់យ័នចិនដើម្បីទទួលបានការបញ្ចុះតម្លៃ ដែលវាជាការផ្លាស់ប្តូរមួយនៅក្នុងគោលនយោបាយទូទាត់ប្រាក់ដែលគ្រប់គ្រងដោយប្រាក់ដុល្លារអាមេរិក។
ស្របពេលដែលប៉ាគីស្ថានទទួលបានបញ្ចុះតម្លៃពីការទិញប្រេងឆៅពីរុស្ស៊ី វាបានជួយសម្រួលដល់ប្រទេសដែលកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច និងបញ្ហាទូទាត់សងបំណុលខាងក្រៅរបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ ការនាំចូលប្រេងឆៅបញ្ចុះតម្លៃរបស់រុស្ស៊ីបានមកដល់ទីក្រុង Karachi កាលពីថ្ងៃអាទិត្យកន្លងទៅនេះ អនុវត្តទៅតាមកិច្ចព្រមព្រៀងដែលបានធ្វើឡើងរវាងទីក្រុង Islamabad និងទីក្រុងម៉ូស្គូកាលពីដើមឆ្នាំនេះ ។ បច្ចុប្បន្ននេះ ប្រេងឆៅរបស់រុស្ស៊ីត្រូវបាននាំចូលមកកាន់កំពង់ផែក្នុងទីក្រុង Karachi ភាគខាងត្បូង។