កាលពីថ្ងៃពុធទី១៤ខែមិថុនា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានគំរាមថា ជម្លោះនៅអ៊ុយក្រែន អាចក្លាយជាសង្គ្រាមនុយក្លេអ៊ែរ ហើយព្រមានថា នៅក្នុងសង្គ្រាមលោកលើកទីបី នឹងគ្មានអ្នកឈ្នះឡើយ រួមទាំងអាមេរិកផងដែរ។
ការគំរាមនេះកើតឡើង ចំពេលកងកម្លាំងរុស្ស៊ី បន្តការវាយប្រហារមិនថមថយលើអ៊ុយក្រែន ដោយបាញ់មីស៊ីលដាក់ទីក្រុងភាគខាងត្បូង Odesa ពេញមួយយប់។
រដ្ឋបាលរដ្ឋក្នុងតំបន់បាននិយាយថា ការវាយប្រហារដែលចាប់ផ្តើមចេញពីសមុទ្រខ្មៅ បានសម្លាប់មនុស្សយ៉ាងតិច៣នាក់ និងរបួសរាប់សិបនាក់ផ្សេងទៀត ហើយការវាយប្រហារនោះ ក៏បានបំផ្លាញផ្ទះសម្បែង ឃ្លាំង ផ្សារទំនើប និងហាងកាហ្វេផងដែរ។ចំពេលរុស្ស៊ីឆ្លើយតបទៅប្រតិបត្តិការវាយបករបស់អ៊ុយក្រែន, លោកពូទីន បានប្រាប់កិច្ចប្រជុំជាមួយអ្នកឆ្លើយឆ្លងព័ត៌មានសង្រ្គាមរុស្ស៊ី ក្នុងទីក្រុងមូស្គូថា “សហរដ្ឋអាមេរិក ធ្វើពុតជាមិនខ្លាចការរីករាលដាលនៃជម្លោះនៅអ៊ុយក្រែន ប៉ុន្តែបើមានមនុស្សចិត្តល្អនៅទីនោះមែន ច្បាស់ណាស់ថា គេមិនចង់ប្រែក្លាយរឿងនេះទៅជាសង្គ្រាមលោកលើកទីបីនោះទេ។ ក្នុងករណីផ្ទុះសង្គ្រាមលោកលើកទី៣ នឹងមិនមានអ្នកឈ្នះឡើយ រួមទាំងអាមេរិកផងដែរ”។
ការអត្ថាធិប្បាយរបស់លោកក៏កើតឡើងផងដែរ ខណៈប្រធានាធិបតីបេឡារុសលោក Alexander Lukashenko លាតត្រដាងថា ប្រទេសរបស់លោកបានចាប់ផ្តើមទទួលបានអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រពីសម្ព័ន្ធមិត្តរបស់ខ្លួន គឺរុស្ស៊ីហើយ។
ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រទៅកាន់ប្រទេសបេឡារុស គឺជាការចល័តក្បាលគ្រាប់បែបនេះ នៅខាងក្រៅប្រទេសរុស្ស៊ីជាលើកដំបូង ចាប់តាំងពីការដួលរលំនៃសហភាពសូវៀត៕