បន្ទាប់ពីការប្រកាសវាយបក និងការដណ្តើមបានជ័យជម្នះលើសមរភូមិរបស់កងទ័ពអ៊ុយក្រែន ប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្រកាសពីការផ្តល់ជំនួយសព្វាវុធបន្ថែមទៀតដល់ប្រទេសអ៊ុយក្រែន ស្របពេលដែលកងទ័ពណាតូកំពុងធ្វើសមយុទ្ធដែនអាកាសនៅតំបន់អឺរ៉ុប។
ប្រធានាធិបតីបារាំងបាននិយាយកាលពីថ្ងៃចន្ទថា ការវាយលុករបស់អ៊ុយក្រែនដែលរំពឹងទុកជាយូរមកហើយប្រឆាំងនឹងការកាន់កាប់របស់កងកម្លាំងរុស្ស៊ីបានចាប់ផ្តើមហើយ ហើយលោកបានសន្យាផ្តល់ជំនួយយោធាជាច្រើនបន្ថែមទៀតដល់រដ្ឋាភិបាលក្រុងកៀវ។
នៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំជាមួយមេដឹកនាំប៉ូឡូញ និងអាល្លឺម៉ង់ ដែលហៅថាកិច្ចប្រជុំត្រីកោណ «Weimar» ប្រធានាធិបតីបារាំង បាននិយាយថា៖ «យើងបានធ្វើសព្វគ្រប់បែបយ៉ាងដើម្បីជួយអ៊ុយក្រែន»។ នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានរ៉យទ័រ។
ប្រធានាធិបតីបារាំង ដែលកាលពីប៉ុន្មានថ្ងៃមុននេះ បាននិយាយថា លោកបាននិយាយជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelensky) ដោយបញ្ជាក់ពីការចាប់ផ្តើមនៃការចាប់ផ្តើមនៃយុទ្ធនាការនេះថា៖ «យើងបានបង្កើនការចែកចាយគ្រាប់រំសេវ អាវុធ និងរថយន្តប្រដាប់អាវុធ... យើងនឹងបន្តនៅក្នុងប៉ុន្មានថ្ងៃ និងសប្តាហ៍ខាងមុខនេះ» ប្រឆាំងការវាយលុក។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី កាលពីថ្ងៃសៅរ៍កន្លងទៅនេះ បានអះអាងពីការវាយបកលើទាហានរុស្ស៊ីដែលកំពុងកាន់កាប់ទីក្រុងសំខាន់ៗនៅតំបន់ភាគខាងកើត និងអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន។
ជាលទ្ធផលនៃការវាយបកពីសំណាក់កងទ័ពអ៊ុយក្រែន ភូមិមួយចំនួនត្រូវបានទាហានអ៊ុយក្រែនដណ្តើមកាន់កាប់វិញក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។
អត្ថបទសារព័ត៌មានរ៉យទ័របានលើកឡើងថា នៅពេលសួរថា តើប្រទេសអាល្លឺម៉ង់បានយល់ព្រមថា អ៊ុយក្រែនចាំបាច់ត្រូវផ្តល់ការធានាសន្តិសុខនៅឯកិច្ចប្រជុំកំពូលណាតូក្នុងខែកក្កដា ឬយ៉ាងណានោះ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បាននិយាយថា៖ «វាច្បាស់ណាស់ថាយើងត្រូវការធានា ហើយយើងត្រូវការវាតាមវិធីជាក់ស្តែង»។
អ៊ុយក្រែនកាលពីថ្ងៃចន្ទ បានអះអាងពីជ័យជម្នះថ្មីៗនៅក្នុងដំណាក់កាលដំបូងនៃការវាយលុកដោយនិយាយថា កងកម្លាំងរបស់ខ្លួនដណ្តើមបានភូមិចំនួន ៧ ពីកងទ័ពរុស្ស៊ីនៅតាមបណ្តោយផ្នែកខាងមុខប្រហែល ១០០ គីឡូម៉ែត្រនៅភាគអាគ្នេយ៍អ៊ុយក្រែន។ នេះបើតាមរ៉យទ័រ។
កិច្ចប្រជុំត្រីភាគីនៅទីក្រុងប៉ារីស គឺចង់បញ្ជូនសញ្ញានៃការរួបរួមរវាងអឺរ៉ុបខាងកើត និងខាងលិច បន្ទាប់ពីរដ្ឋាភិបាលប៉ូឡូញ បានដើរតួនាទីផ្នែកដឹកជញ្ជូន និងការទូតដ៏សំខាន់ក្នុងការជួយអ៊ុយក្រែនក្នុងពេលកន្លងមក ខណៈដែលជារឿយៗមេដឹកនាំប៉ូឡូញដែលមានព្រំប្រទល់ជាប់អ៊ុយក្រែន បានស្តីបន្ទោសធ្ងន់ៗលើមេដឹកនាំអាល្លឺម៉ង់ និងបារាំងថា «ធ្វើការយឺតពេក» ក្នុងការផ្តល់ជំនួយដល់ប្រទេសអ៊ុយក្រែន។
ប្រធានាធិបតីបារាំងបាននិយាយថា កិច្ចប្រជុំនេះគឺជាភ័ស្តុតាងដែលថាមិនមានការបែងចែករវាងអឺរ៉ុប «ចាស់» និង «ថ្មី» ដែលជាភាពខុសគ្នាមួយត្រូវបានធ្វើឡើងដោយសហរដ្ឋអាមេរិកនៅពេលដែលបណ្តាប្រទេសនៅអឺរ៉ុបខាងកើតបានបដិសេធមិនគាំទ្របារាំង និងអាល្លឺម៉ង់ក្នុងសង្គ្រាមនៅអ៊ីរ៉ាក់កាលពី ២០ ឆ្នាំមុន៕