Alynana Media Cambodia
Icon Collap
clinic narit

សហរដ្ឋអាមេរិក ត្រៀមរៀបចំទិញប្រេងបំពេញស្ដុកបម្រុងចំនួន ១២លានបារ៉ែល ក្នុងឆ្នាំនេះ

Media LNN | Jun 15, 2023
សហរដ្ឋអាមេរិក ត្រៀមរៀបចំទិញប្រេងបំពេញស្ដុកបម្រុងចំនួន ១២លានបារ៉ែល ក្នុងឆ្នាំនេះ
Clinic narith

(វ៉ាស៊ីនតោន)៖ ប្រភពចំនួនពីរបានឱ្យដឹងថា សហរដ្ឋអាមេរិកគ្រោងនឹងទិញប្រេងប្រហែល ១២លានបារ៉ែលនៅឆ្នាំនេះ ខណៈដែលប្រទេសមហាអំណាចនេះ ចាប់ផ្តើមបំពេញស្តុកប្រេងបម្រុងអាសន្នរបស់ខ្លួនឡើងវិញ ក្នុងគ្រាដែលតម្លៃប្រេងឆៅធ្លាក់ចុះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ប្រភពដែលបានដឹងពីបញ្ហានេះបានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ថា តួរលេខនេះរាប់បញ្ចូលទាំងប្រេង ៣លានបារ៉ែលដែលគ្រោងនឹងចែកចាយនៅក្នុងខែសីហា និង ៣លានបារ៉ែលបន្ថែម ដែលរដ្ឋាភិបាលរបស់លោក ចូ បៃឌិន ប្រកាលទិញកាលពីថ្ងៃសុក្រសប្តាហ៍មុន។

អ្នកនាំពាក្យក្រសួងថាមពលអាមេរិក បាននិយាយថា ពួកគេនឹងបន្ត «ស្វែងរកឱកាសសម្រាប់ការទិញប្រេងឡើងវិញបន្ថែមទៀត នៅពេលដែលស្ថានភាពទីផ្សារ និងប្រតិបត្តិការរបស់ស្តុកប្រេងបម្រុងយុទ្ធសាស្រ្ត (SPR) អនុញ្ញាត»

សេតវិមានមិនបានធ្វើអត្ថាធិប្បាយភ្លាមៗទេ នៅពេលដែលទីភ្នាក់ងារព័ត៌មាន Bloomberg ស្នើសុំការអត្ថាធិប្បាយ។

ស្តុកប្រេងបម្រុងយុទ្ធសាស្ត្រ ដែលមានទំហំជាង ៧០០លានបារ៉ែល ស្ថិតនៅក្នុងកម្រិតទាបក្នុងរយៈពេល ៤០ឆ្នាំបន្ទាប់ពីការដកយកមកប្រើប្រាស់ជាប្រវត្តិសាស្ត្រចំនួន ១៨០លានបារ៉ែល កាលពីឆ្នាំមុនក្នុងការឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ី លើប្រទេសអ៊ុយក្រែន។

ពាណិជ្ជករប្រេងបាន និងកំពុងឃ្លាំមើលយ៉ាងដិតដល់ ខណៈពេលដែលរដ្ឋាភិបាលអាមេរិក ចាប់ផ្តើមទិញប្រេងបំពេញស្តុកឡើងវិញ ដោយសារតែការទិញនេះនឹងរឹតបន្តឹងទីផ្សារ។ ប្រេងឆៅប្រភេទជូរដែលក្រសួងថាមពលអាមេរិក ស្វែងរកទិញស្ថិតនៅក្នុងតម្រូវការខ្ពស់ ដែលជាលទ្ធផលនៃការកាត់បន្ថយទិន្នផលរបស់អង្គការ OPEC+។

រដ្ឋាភិបាលអាមេរិកកាលពីរដូវស្លឹកឈើជ្រុះឆ្នាំ មុនបានឱ្យដឹងថា គោលបំណងរបស់រដ្ឋាភិបាល គឺត្រូវទិញបំពេញស្តុកប្រេងបម្រុងឡើងវិញ នៅពេលដែលតម្លៃប្រេងឆៅស្ថិតក្នុងតម្លៃ ឬទាបជាងប្រហែល ៦៧ ទៅ ៧២ដុល្លារក្នុងមួយបារ៉ែល។ តម្លៃប្រេងឆៅប្រភេទ West Texas Intermediate បានកើនឡើង ៣,៤% កាលពីថ្ងៃអង្គារដោយត្រូវបានជួញដូរក្នុងត្លៃ ៦៩,៤២ដុល្លារក្នុងមួយបារ៉ែល។ ប្រេងឆៅ WTI ធ្លាក់ចុះជិត ១៤% នៅឆ្នាំនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕