រោងចក្រផលិតកម្មទឹកស្អាតបាក់ខែងជំហានទី១ តម្លៃ១៥៦លានដុល្លារ គ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៣ ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្ទាប់ពីបញ្ចប់ការសាងសង់រួចរាល់កាលពីមុន។
រោងចក្រទី១នេះ ប្រើពេលវេលាសាងសង់ជិត ៤ ឆ្នាំ ដែលមានសមត្ថភាពផលិតទឹកស្អាតបានប្រមាណ ១៩ ម៉ឺន ៥ ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃដែលបានជួយបំពេញតម្រូវការទឹកប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋនៅតំបន់ជាយរាជធានីភ្នំពេញ ខណៈរោងចក្របាក់ខែងជំហានទី ២ ក៏សម្រេចបានការសាងសង់ប្រមាណ ៩០ ភាគរយហើយដែរ។
លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានថ្លែងប្រាប់សារព័ត៌មានកាលពីពេលថ្មីៗនេះថា បន្ទាប់ពីការដាក់ដំណើរការសាកល្បងរោងចក្រផលិតទឹកស្អាតបាក់ខែង ជំហ៊ានទី១ បានធ្វើឱ្យតំបន់ដែលតែងមានបញ្ហាកង្វះទឹកប្រើប្រាស់ ដូចជាខណ្ឌឫស្សីកែវ ស្វាយប៉ាក ទំបន់កប់ស្រូវ ឈូកវ៉ាជាដើម មានទឹកប្រើប្រាស់គ្រប់គ្រាន់។រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានឱ្យដឹងថា នៅឆ្នាំ ២០២៣ តម្រូវការទឹកស្អាតនៅរាជធានីភ្នំពេញ មានការកើនឡើងប្រមាណ ៩០ ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ ខណៈសមត្ថភាពផលិតបានប្រមាណ ៦៥ ម៉ឺនម៉ែត្រគូប ប៉ុន្តែពេលដាក់ឱ្យប្រើប្រាស់រោងចក្របាក់ខែងជំហានទី១នេះ សមត្ថភាពផលិតទឹកបានបង្កើនបន្ថែមជិត ២០ ម៉ឺនម៉ែត្រគូប ដែលធ្វើឱ្យរាជធានីភ្នំពេញ និងក្រុងតាខ្មៅ លែងមានបញ្ហាខ្វះទឹកប្រើប្រាស់។