(កំពង់ធំ)៖ ព្រះតេជគណព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះស្ថាបារមីព្រះមេគណខេត្តកំពង់ធំ និងឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ព្រមទាំងលោកស្រី បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីសម្ពោធសាលាពុទ្ធិកបឋមសិក្សានិងសមិទ្ធផលនានាដែលមានតម្លៃជិត៣០ម៉ឺនដុល្លារ នៅវត្តបុទុមរតន៍ ហៅវត្តក្រចាប់ ស្ថិតនៅក្នុងសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។
លោក ពេជ្រ សៀងលី ជំទប់ទី១ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានឡើងថ្លែងសុន្ទរកថាស្វាគមន៍ និងរាយការណ៍អំពីជីវប្រវត្តិសង្ខេប ព្រមទាំងលទ្ធផល នៃការកសាងសមិទ្ធផលនានា ដែលមានតម្លៃចិត្ត ៣០ ម៉ឺនដុល្លារ ក្នុងនោះមានសាលាពុទ្ធិកៈបឋមសិក្សាមួយខ្នង ដែលមានទំហំ១៥ម៉ែត្រ គុណនិង២៥ ម៉ែត្រ មានកម្ពស់២ជាន់ ដែលមានតម្លៃជាទឹកប្រាក់ក្នុងការកសាង ចំនួន ២៥២,០០០ដុល្លារ នៅក្នុងវត្តបុទុមរតន៍ហៅវត្តក្រចាប់ ស្ថិតក្នុងសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរចំពោះព្រះគ្រូចិត្តគុត្តោ ជុំ ម៉ាប់ ព្រះគ្រូចៅអធិការវត្តបុទុមរតន៍ហៅវត្តក្រចាប់ និងគណៈកម្មការអាចារ្យ ព្រមទាំងពុទ្ធបរិស័ទចំណុះ ជើងវត្តក្រចាប់ ដែលបានខិតខំប្រឹងប្រែងរួមគ្នា កសាងសាលាពុទ្ធិកបឋមសិក្សា និងសមិទ្ធផលនានា ដែលចំណាយថវិកាជាង ៣០ម៉ឺនដុល្លារ ក្នុងនោះដែរនាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានចូល រួមបច្ច័យមួយចំនួនក្នុងការកសាងសមិទ្ធផលនានា នៅក្នងទីអារាមនេះផងដែរ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា វត្តក្រចាប់ត្រូវបានកសាងឡើងនៅឆ្នាំ១៩១៥ ដែលមកដល់ ពេលនេះមានអាយុកាល១០៨ ឆ្នាំមកហើយដោយលោកអាចារ្យ ប៊ុន និងលោកយាយកេះ ដែលបានដឹកនាំធ្វើបុណ្យ និងកសាងវត្តនេះឡើង។
ប៉ុន្តែក្នុងរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ ប៉ុល ពត អៀង សារី ខៀវ សំផន ពួកវាបានបំផ្លាញដល់ឫសគល់លើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនាត្រូវបានចាប់ផ្សឹកព្រះសង្ឃបំផ្លាញចោលវត្តអារាម ដោយយកពីវត្តអារាមជាកន្លែងធ្វើទារុណកម្មមនុស្សនិងចិញ្ចឹមសត្វ។
ក្រោយឆ្នាំ១៩៧៩ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលលោកបានលះបង់គ្រប់បែបយ៉ាង ដើម្បីរំដោះអាយុជីវិតប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអញ្ជើញប្រគេន និងបំពាក់គ្រឿងឥស្សរិយយសជូនព្រះសង្ឃ និងពុទ្ធបរិស័ទ្ឋដែលបានចូលរួមបច្ច័យក្នុងការកសាងសាលាពុទ្ធិកបឋមសិក្សានិងសមិទ្ធផលនានានៅក្នុងវត្តនេះផងដែរ ព្រមទាំងបាននិមន្ត និងអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសាលាពុទ្ធិកបឋមសិក្សានិងសមិទ្ធផលនានា នៅក្នុងវត្តបុទុមរតន៍ ចាប់ពីពេលនេះតទៅ៕