Alynana Media Cambodia
Icon Collap
clinic narit

តុលាការក្វាតេម៉ាឡា កាត់ទោសអ្នកកាសែតមួយរូប ដាក់ពន្ធនាគារ ៦ឆ្នាំ ពីបទលាងលុយកខ្វក់

Media LNN | Jun 15, 2023
តុលាការក្វាតេម៉ាឡា កាត់ទោសអ្នកកាសែតមួយរូប ដាក់ពន្ធនាគារ ៦ឆ្នាំ ពីបទលាងលុយកខ្វក់
Clinic narith

(ក្វាតេម៉ាឡា)៖ តុលាការរបស់ប្រទេសក្វាតេម៉ាឡា កាលពីថ្ងៃពុធសប្តាហ៍នេះ បានកាត់ទោសអ្នកកាសែតជើងចាស់មួយរូបដែលតែងតែរិះគន់លើរដ្ឋាភិបាល គឺលោក ចូស ហ្សាម៉ូរ៉ា (Jose Zamora) អាយុ ៦៦ឆ្នាំឲ្យជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំ ពីបទលាងលុយកខ្វក់ ខណៈក្រុមអ្នកការពារសិទ្ធិមនុស្សចាត់ទុកសាលក្រមនេះជាការវាយប្រហារលើ សេរីភាពនៃការបញ្ចេញមតិ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៣។

លោក ហ្សាម៉ូរ៉ា ត្រូវបានចោទប្រកាន់ថាបានទទួលប្រាក់ ៣៨,៤៦១ដុល្លារ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ប្រព័ន្ធផ្សព្វផ្សាយរបស់លោក ដោយមិនមានការបញ្ចូលទិន្នន័យ ទៅក្នុង ប្រព័ន្ធធនាគារ។ តុលាការ បានឲ្យដឹងថា លោក ហ្សាម៉ូរ៉ា ធ្លាប់រងបទចោទប្រកាន់ពីបទបង្ខូចកេរ្តិ៍ឈ្មោះ និងការលួច ប៉ុន្តែក្រោយមកត្រូវបានដោះលែងវិញ។ លោក ហ្សាម៉ូរ៉ា ក៏ត្រូវរងការផាកពិន័យជាទឹកប្រាក់ចំនួន ៣៨,៣៣៩ដុល្លារផងដែរ។

យ៉ាងនេះក្តី លោក ហ្សាម៉ូរ៉ា និយាយថា ករណីប្រឆាំងនឹងរូបលោកគឺជា «ការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ» ដោយប្រធានាធិបតីក្វាតេម៉ាឡា លោក អាឡិចហាន់ដ្រូ ជីអាំម៉ាត់តី (Alejandro Giammattei) ព្រោះតែសេចក្តីរាយការណ៍ដោយកាសែត អែលពែរីយ៉ូឌីកូ (elPeriodico) របស់លោកដែលត្រូវបានបិទកាលពីខែឧសភា ជុំវិញអំពើពុករលួយ ដែលត្រូវបានចោទប្រកាន់ថាមានពាក់ព័ន្ធនឹងលោកប្រធានាធិបតីផ្ទាល់ រួមទាំងមនុស្សជំនិតរបស់លោក។

គួរបញ្ជាក់ថា លោក ហ្សាម៉ូរ៉ា បានបង្កើតអង្គភាពកាសែត elPeriodico នៅក្នុងឆ្នាំ១៩៩៦ ដែលជាប្រព័ន្ធផ្សព្វផ្សាយស៊ើបអង្កេតដ៏ឈានមុខគេមួយរបស់ប្រទេសក្វាតេម៉ាឡា។ លោកត្រូវបានចាប់ខ្លួនកាលពីខែកក្កដា ឆ្នាំ២០២២ អំឡុងពេលនៃការបង្រ្កាបទៅលើព្រះរាជអាជ្ញា ចៅក្រម សកម្មជនសិទ្ធិមនុស្ស អ្នកកាសែត និងមន្ត្រីបក្សប្រឆាំង៕