ភ្នំពេញៈគិតត្រឹមប៉ុន្មានខែ ដើមឆ្នាំ២០២៣ នេះ រាជធានីភ្នំពេញមានរោងចក្រសហគ្រាស ចំនួន ៩៣១៤ កន្លែង មានកម្មករនិយោជិតប្រមាណ ៦៦ ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបប្រមាណ ២ ពាន់លានដុល្លារអាមេរិក ក្នុង ១ឆ្នាំ។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល។
លោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងក្នុងពិធីជួបសំណេះសំណាល ជាមួយបងប្អូនកម្មករនិយោជិត នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមិថុនា ថា នៅរាជ ធានីភ្នំពេញ ឆ្នាំ២០២៣ មានរោងចក្រសហគ្រាសចំនួន ៩៣១៤ កន្លែង មានកម្មករនិយោជិតប្រមាណ ៦៦ ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលលមធ្យមសរុបប្រមាណ ២ ពាន់លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំ ក្នុងនោះរោងចក្រសហគ្រាសវិស័យកាត់ដេរចំនួន ៧២៧ មានកម្មករនិយោជិត សរុបប្រមាណ ៣៤ ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបប្រមាណ ១,១ ពាន់លានដុល្លារអាមេរិក ក្នុង ១ឆ្នាំ និងជាតំបន់ ដែលមានការអភិវឌ្ឍរោងចក្រសហគ្រាសច្រើនជាងគេ។
លោកបានថ្លែងថា ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ដូចជា សហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក ប្រទេសកាណាដា ប្រទេសជប៉ុន ។ល។ លោកបានថ្លែងថា៖«ប្រទេសកម្ពុជាបន្តរក្សាបានសន្តិភាពស្ថិរភាពនិងអភិវឌ្ឍន៍លើគ្រប់វិស័យសង្គមនិងសេដ្ឋកិច្ចជាតិបន្តមានការរីកចម្រើនគួរជាទីមោទនៈ។ សេដ្ឋកិច្ចកម្ពុជា បានកើនឡើងជាមធ្យមក្នុងអត្រា ៧% ជាង ២ ទស្សវត្ស លើកលែងតែ ក្នុងអំឡុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩។ ស្ថានភាពទីផ្សារការងារ នៅកម្ពុជា មានភាពរឹងមាំ ដោយរក្សាបាននូវអត្រាមានការងារធ្វើខ្ពស់ប្រមាណ ៩៩,៣% នៃកម្លាំងពលកម្មសរុបចំនួនប្រមាណ ១០,៨ លាននាក់»។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរង សមាគមវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និងទំនិញធ្វើដំណើរនៅកម្ពុជា (TAFTAC) បច្ចុប្បន្ន សមាគមរបស់លោកទទួលបានសមាជិកសរុបចំនួន ៧១៤ រោងចក្ រដែលមានកម្មករសរុបចំនួន ៦១៧៧១៣ នាក់ នៅទូទាំងប្រទេស។ ក្នុងនោះ មានរោងចក្រចំនួន៣៣៥ ដែលមានទីតាំង នៅក្នុងរាជធានីភ្នំពេញ មានកម្មករសរុបចំនួន ២៦៦ ១០១ ខេត្តកណ្តាល មាន ១៣៨ រោងចក្ រមានកម្មករប្រហែល ១១៧ ០៣៥ខេត្តកំពង់ស្ពឺ មានរោងចក្រ ១០៣ មានកម្មករ ៨៧ ៤២៦នាក់ និងនៅតាមបណ្ដាខេត្តផ្សេងៗទៀត។
លោកបានបន្តថា៖«ជាប្រវត្តិសាស្ត្រ មានរោងចក្រច្រើនទៀត ត្រូវបានបង្កើតឡើងកាន់តែជិតទីក្រុង ដោយសារមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ និងកាន់តែជិតក្រសួងរដ្ឋាភិបាល ដែលមានការអនុញ្ញាត ឬអាជ្ញាប័ណ្ណចាំបាច់»។ លោកបន្តថា៖«នៅពេល ដែលខេត្តជាច្រើន កាន់តែមានការអភិវឌ្ឍជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ កាន់តែប្រសើរ ហើយការគ្រប់គ្រងប្រទេស កាន់តែមានវិមជ្ឈការនៅពេលនេះ រោងចក្រថ្មីៗ អាចកើតឡើងកាន់តែច្រើន នៅខាងក្រៅទីក្រុង និងតាមខេត្តផ្សេងៗ»។
បើយោងតាមលោក សំហេង បច្ចុប្បន្ន សហគ្រាសគ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដែលបានចុះបញ្ជី នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានចំនួន១៧២៥៦ សហគ្រាស ដែលមានកម្មករនិយោជិតចំនួន ១,៥ លាននាក់។ នៅឆ្នាំ១៩៩៧ រោងចក្រ សហគ្រាសវិស័យកាត់ដេរ មានចំនួនត្រឹមតែ ៦៤ ដែលមានកម្មករនិយោជិតប្រមាណ ៨ ម៉ឺននាក់ ការនាំចេញមានចំនួន ២២៧ លានដុល្លារអាមេរិក។ នៅឆ្នាំ២០២៣ នេះ រោងចក្រវិស័យកាត់ដេរ បានកើនដល់ចំនួន ១៣២៦ ដែលមានកម្មករនិយោជិតចំនួនប្រមាណ ៨៤ ម៉ឺននាក់ (ស្រី ៦៦ ម៉ឺននាក់) ការនាំចេញ មានរហូតដល់ប្រមាណ ១៣ ពាន់លានដុល្លារអាមេរិក (ឆ្នាំ២០២២)។
នៅចុងឆ្នាំ២០១៩ ដោយសារវិបត្តិជំងឺកូវីដ១៩ មានរោងចក្រសហគ្រាស ជាមួយចំនួនត្រូវបានផ្អាកកាលពេលនោះ រដ្ឋាភិបាល បានខិតខំអន្តរាគមន៍រកដំណោះស្រាយ ដើម្បីរក្សាការងាររបស់កម្មករនិយោជិត តាមរោងចក្រ សហគ្រាសផ្នែកផលិតកម្ម ដោយចាត់ទុកថា ជាចន្ទល់សេដ្ឋកិច្ច និងជីវភាពរបស់កម្មករនិយោជិត ក្នុងដំណាក់កាលដ៏លំបាក បានខិតខំបញ្ចៀសការបិទខ្ទប់រោងចក្រ សហគ្រាសផ្នែកផលិតកម្ម លើកលែងតែរយៈពេលខ្លី ក្នុងអំឡុងពេលការរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តសៀមរាប ខេត្តព្រះសីហនុ និងបានបើកផ្តល់សាច់ប្រាក់ក្រោមកម្មវិធីជំនួយសង្គមជូនដល់កម្មករនិយោជិត ដែលរងផលប៉ះពាល់ ពីការបិទខ្ទប់នេះ ផងដែរ។ ឯរោងចក្រ សហគ្រាសនៅតំបន់ផ្សេងៗទៀត គឺនៅបន្តដំណើរការជាធម្មតា៕