រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បាននិយាយថា នៅរដូវរងាខាងមុខ ទ្វីបអឺរ៉ុប អាចជួបប្រទះវិបត្តិថាមពលក្នុងកម្រិតធ្ងន់ធ្ងរជាងឆ្នាំមុនទៅទៀត ដោយសារតែទណ្ឌកម្មរុស្ស៊ី ហើយវាមិនសមឡើយដែលប្រទេសមួយចំនួន ព្យាយាមកេងយកប្រយោជន៍ពីបញ្ហាកង្វះខាតថាមពលក្នុងតំបន់។
ថ្លែងនៅវេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg កាលពីថ្ងៃព្រហស្បតិ៍ទី១៥ខែមិថុនា លោក Szijjarto និយាយថា “ខ្ញុំគិតថា មូលដ្ឋានអឺរ៉ុបរបស់យើង អាចធានាការផ្គត់ផ្គង់ថាមពលប្រកបដោយសុវត្ថិភាព ហើយនៅទីបំផុត យើងនឹងយល់ថា ការផ្គត់ផ្គង់ថាមពល មិនមែនជាមនោគមវិជ្ជា ឬបញ្ហានយោបាយទេ។ ការផ្គត់ផ្គង់ថាមពលប្រកបដោយសុវត្ថិភាព គឺជាបញ្ហាជាក់ស្តែង។ យើងត្រូវតែធ្វើឲ្យប្រាកដថា គ្មានប្រទេសណា នឹងទាញយកផលប្រយោជន៍ពីស្ថានភាពថាមពលដែលកំពុងមានបញ្ហា ឬវិបត្តិដូចពេលនេះនោះទេ”។
រដ្ឋមន្ត្រីការបរទេសរូបនេះ ក៏បានកត់សម្គាល់ផងដែរថា រដ្ឋាភិបាលទីក្រុងប៊ុយដាប៉ែស បានឈានដល់កិច្ចព្រមព្រៀងជាមួយទីក្រុងមូស្គូរួចហើយ លើការផ្តល់បរិមាណថាមពលបន្ថែម សម្រាប់រដូវរងារខាងមុខនេះ។យោងតាមលោក Szijjarto, “យើងនឹងរៀបចំដោយជោគជ័យសម្រាប់រដូវរងា។ ថ្មីៗនេះ យើងបានបញ្ចប់ការងារចាំបាច់ជាមួយឧបនាយករដ្ឋមន្ត្រីរុស្ស៊ី Alexander Novak ទាក់ទងនឹងកិច្ចសន្យាសម្រាប់ការផ្គត់ផ្គង់ឧស្ម័នទៅឲ្យប្រទេសហុងគ្រី ដូច្នេះក្នុងករណីដែលតម្លៃឡើងថ្លៃខ្លាំង យើងមានឱកាសដើម្បីពន្យារពេលការបង់ប្រាក់ ហើយប្រសិនបើចាំបាច់ យើងអាចទទួលបានបរិមាណបន្ថែមពីរុស្ស៊ី”។
សម្រាប់អឺរ៉ុបទាំងមូល លោក Szijjarto និយាយថា ដែនកំណត់នៅក្នុងការនាំចេញថាមពលរបស់រុស្ស៊ី និងលក្ខខណ្ឌអាកាសធាតុដែលមិនអាចទាយទុកជាមុនបាន អាចប៉ះពាល់ដល់លទ្ធភាពទទួលបានថាមពល ដូច្នេះហើយបានជាធ្វើឲ្យរដូវរងាខាងមុខ មានការលំបាកជាងឆ្នាំមុន។
គួរបញ្ជាក់ថា ប្រទេសហុងគ្រី គឺពឹងផ្អែកលើប្រេងរុស្ស៊ីប្រហែល ៦៥% និងឧស្ម័នរុស្ស៊ី ៨៥%៕