ភ្នំពេញៈ ការនាំចេញទំនិញពីកម្ពុជាទៅប្រទេសចិន ក្នុងរយៈពេល ៥ ខែ ឆ្នាំ ២០២៣ មានទឹកប្រាក់ជិត ៦០០ លានដុល្លារ កើនឡើងជាង ១៣ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ខណៈទំហំពាណិជ្ជកម្មទ្វេភាគីកើនដល់ជាង ៥ ពាន់លានដុល្លារ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករ។
ទិន្នន័យឱ្យដឹងថា ចាប់ពីខែមករា-ខែឧសភា ឆ្នាំ ២០២៣ ការនាំចេញ-នាំចូលទំនិញរវាងប្រទេសទាំង ២ មានទឹកប្រាក់សរុប ៥ ០៧៦,៣ លានដុល្លារ កើនឡើង ១,៧ ភាគរយពីចំនួន ៤ ៩៩៩០,២៦ លានដុល្លារនារយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ដោយក្នុងនោះទំនិញកម្ពុជានាំទៅប្រទេសចិន មាន ៥៨៨,៨ លានដុល្លារ កើនឡើង ១៣,៣ ភាគរយ និងទំនិញចិននាំមកកម្ពុជា ៤ ៤៨៧,៥ លានដុល្លារ កើនឡើង ០,៤ ភាគរយ។ ផ្អែកតាមតួលេខ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឱនភាព ៣ ៨៩៨,៧ លានដុល្លារ ជាមួយប្រទេសចិន។
សម្រាប់ខែឧសភា ឆ្នាំ ២០២៣ ពាណិជ្ជកម្មទ្វេភាគីមានទឹកប្រាក់សរុប ១ ១៨២,២៩ លានដុល្លារ កើន ១១,៥៨ ភាគរយ បើធៀបខែឧសភា ឆ្នាំ ២០២២ ដែលមាន ១ ០៥៩,៥៥ លានដុល្លារ។ កម្ពុជានាំទៅប្រទេសចិន ១៤៩,២៦ លានដុល្លារ កើន ៥៥,៣ភាគរយ និងទំនិញនាំពីប្រទេសចិន ១ ០៣៣,០៤ លានដុល្លារ កើនឡើង ៧,២ ភាគរយ។ កាលពីខែមេសា ឆ្នាំ ២០២៣ ពាណិជ្ជកម្មរវាងប្រទេសទាំង ២ មានទឹកប្រាក់សរុប ១ ០៣១,៥៩ លានដុល្លារ។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្នុងថ្ងៃទី ១៥ ខែមិថុនាថា ក្នុងនាមជាប្រទេសមានទំនាក់ទំនងនយោបាយ និងការទូតល្អជាមួយគ្នា ចរន្តធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង ២ បានកើនឡើងជាបន្តបន្ទាប់ ពិសេសការនាំចេញរបស់កម្ពុជា។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ដែលចូលជាធរមានកាលពីដើមឆ្នាំ ២០២២ កំពុងដើរតួនាទីជាច្រកទ្វារសំខាន់ក្នុងការជួយឱ្យទំនិញកម្ពុជាទៅទីផ្សារចិនកាន់តែច្រើន។
លោកថ្លែងថា៖ «តាមរយៈសម្ទុះនៃកំណើនផលិតកម្ម ខ្ញុំមានសុទិដ្ឋិនិយមថា ការនាំចេញពីកម្ពុជាទៅចិននឹងកើនឡើងច្រើនថែមទៀតចាប់ពីពេលនេះតទៅ។ ផលិតផលកសិកម្មកម្ពុជានឹងមានវត្តមានកាន់តែច្រើននៅប្រទេសចិន»។
ចំពោះឱនភាពនៃជញ្ជីងពាណិជ្ជកម្មកម្ពុជាដែលកំពុងកើតមាននាពេលនេះ លោក លឹម ហេង ប្រាប់ថា ដោយសារតែកម្ពុជាបាននាំចូលវត្ថុធាតុដើមច្រើនពីប្រទេសចិន មកកែច្នៃ សម្រាប់ផលិតនាំចេញទៅលក់នៅទីផ្សារអន្តរជាតិ។
ក្រៅពីវត្ថុធាតុដើមសម្រាប់រោងចក្រកែច្នៃ កម្ពុជាក៏នាំចូលផលិតផលមួយចំនួនមកបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុកដែរដូចជា គ្រឿងសំណង់ សម្ភារការិយាល័យ គ្រឿងអគ្គិសនី អេឡិចត្រូនិក រថយន្ត និងចំណីអាហារ ខណៈទំនិញកម្ពុជានាំទៅចិនមានផលិតផលកសិកម្ម និងវត្ថុធាតុដើមមួយចំនួន។ នេះបើយោងតាមលោក លឹម ហេង។
លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ថា ទោះការធ្វើពាណិជ្ជកម្មអន្តរជាតិនាអំឡុងពេលជិត ១ ឆ្នាំមកនេះ ធ្លាក់ចុះស្ទើរគ្រប់ប្រទេស ក៏ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា-ចិន មិនបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ទេ។ ការរក្សាបានលំនឹងនេះ គឺដោយសាររដ្ឋាភិបាល និងផ្នែកឯកជននៃប្រទេសទាំង ២ មានទំនាក់ទំនងល្អជាមួយគ្នា។ លោកបន្តថា អ្វីដែលគួរកត់សម្គាល់ គឺទឹកប្រាក់នៃការនាំចេញរបស់កម្ពុជាកើនឡើង។
លោកលើកឡើងថា៖ «កម្ពុជាក៏ត្រូវខិតខំពង្រឹងសមត្ថភាពផលិតកម្មរបស់ខ្លួនឱ្យបានខ្លាំង និងមានលក្ខណៈចម្រុះបន្ថែមទៀត ដើម្បីមានឱកាសបង្ហាញវត្តមានកាន់តែច្រើននៅទីផ្សារប្រទេសចិន និងប្រទេសផ្សេងៗទៀត»។
ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ បង្ហាញថា ក្នុងឆ្នាំ ២០២២ ការធ្វើពាណិជ្ជកម្មកម្ពុជា-ចិន មានទឹកប្រាក់សរុប ១១ ៦៨៦,១៦ លានដុល្លារ កើន ៤,៤ ភាគរយ ធៀបឆ្នាំ ២០២១ ក្នុងនោះកម្ពុជានាំទំនិញទៅទីផ្សារចិន ១ ២៤០,៦៣ លានដុល្លារ ថយចុះ
១៧,៩ ភាគរយ និងនាំចូលពី ១០ ៤៤៥,៥៣៣ លានដុល្លារ កើន ៧,៩ ភាគរយ៕