ធនាគារកណ្តាលរបស់ប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍ បានកាត់បន្ថយអត្រាការប្រាក់កម្ចីរយៈពេលមធ្យមសម្រាប់ស្ថាប័នហិរញ្ញវត្ថុ។ នេះជាការផ្លាស់ប្តូរអត្រាការប្រាក់គោលថ្មីមួយទៀតក្នុងរយៈពេលបីថ្ងៃ ចំពេលមានកិច្ចខិតខំប្រឹងប្រែងដើម្បីគាំទ្រដល់សេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះតាមរយៈការបន្ធូរបន្ថយវិធានការរូបិយវត្ថុ។ ការសម្រេចរបស់ធនាគារកណ្ដាលចិនបានកើតឡើងស្របពេលដែលធនាគារកណ្តាលអាមេរិក បានបោះឆ្នោតរក្សាអត្រាការប្រាក់កម្ចីគោលឱ្យនៅចន្លោះពី ៥% ទៅ ៥,២៥%។ធនាគារប្រជាជនចិន (PBOC) ដែលជាធនាគារកណ្ដាលចិន បានទម្លាក់អត្រាការប្រាក់កម្ចីរយៈពេលមធ្យមមួយឆ្នាំសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ ពីអត្រា ២,៧៥% ទៅ ២,៦៥% វិញ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ធនាគារកណ្តាលបាននិយាយថា ខ្លួនបានចាក់បញ្ចូលទឹកប្រាក់ចំនួន ២៣៧ ពាន់លានយ័ន ដែលស្មើនឹង ៣៣ ពាន់លានដុល្លារ ទៅក្នុងទីផ្សារហិរញ្ញវត្ថុ តាមរយៈឧបករណ៍សាច់ប្រាក់។
ការសម្រេចរបស់ធនាគារកណ្ដាលចិនបានកើតឡើងស្របពេលដែលធនាគារកណ្តាលអាមេរិកបានបោះឆ្នោតរក្សាអត្រាការប្រាក់កម្ចីគោលឱ្យនៅចន្លោះពី ៥% ទៅ ៥,២៥%។ កាលពីថ្ងៃពុធ ធនាគារកណ្តាលសហរដ្ឋអាមេរិកបានសម្រេចទុកអត្រាការប្រាក់ឱ្យនៅដដែល ប៉ុន្តែបានផ្តល់សញ្ញាថា ការចំណាយលើប្រាក់កម្ចីអាចនៅតែត្រូវកើនឡើងនៅចុងឆ្នាំនេះ។ ជំហររបស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកគឺធ្វើឡើងនៅចំពោះមុខការកើនឡើងខ្លាំងជាងការរំពឹងទុកនៃសេដ្ឋកិច្ច និងការធ្លាក់ចុះយឺតពេកនៃអតិផរណា។
នៅក្នុងសន្និសិទសារព័ត៌មានមួយនៅចុងបញ្ចប់នៃកិច្ចប្រជុំគោលនយោបាយចុងក្រោយរបស់ខ្លួន ប្រធានធនាគារកណ្តាលអាមេរិក លោក ហ្សេរ៉ូម ប៉ូវែល (Jerome Powell) បានពិពណ៌នាអំពីកំណើនរបស់សហរដ្ឋអាមេរិក និងទីផ្សារការងារ ថាមានលក្ខណៈល្អប្រសើរជាងការរំពឹងទុក ក្រោមទម្ងន់នៃការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុដ៏គំហុកកាលពីឆ្នាំមុន។
សូមកត់សម្គាល់ថា ភាពខុសគ្នានៃគោលនយោបាយរូបិយវត្ថុបានពង្រីកគម្លាតរវាងអត្រាការប្រាក់ចិន និងអត្រាការប្រាក់អាមេរិក ហើយគម្លាតខាន់តែធំបន្តដាក់សម្ពាធលើរំហូរចេញនៃមូលធនរបស់ចិន៕