Alynana Media Cambodia
Icon Collap
clinic narit

ទិន្នផល​ស្រូវ​ត្រយង​បានកើន​ឡើង ៥៨ ភាគរយ ​នៅពេល​អនុវត្ត​បច្ចេកទេស​ជីកំប៉ុស ដំណាំ​គម្រប​ដី និង​បច្ចេកទេស​បំបែក​ដី

Media LNN | Jun 17, 2023
ទិន្នផល​ស្រូវ​ត្រយង​បានកើន​ឡើង ៥៨ ភាគរយ ​នៅពេល​អនុវត្ត​បច្ចេកទេស​ជីកំប៉ុស ដំណាំ​គម្រប​ដី និង​បច្ចេកទេស​បំបែក​ដី
Clinic narith

 

ព្រះវិហារ/ស្ទឹងត្រែងៈ គម្រោង USAID ព្រៃឡង់​បៃតង​បានលើកឡើង​ថា ទិន្នផល​ស្រូវ​ត្រយង​បានកើន​ឡើង ៥៨ ភាគរយ នៅពេល​ដែល​កសិករ​ក្នុង​គម្រោង​សាកល្បង​ចំនួន ២ ខេត្ត​បាន​អនុវត្ត​បច្ចេកទេស ជី​កំប៉ុស ដំណាំ​គម្រប​ដី និងបច្ចេកទេស​បំបែក​ដី។

តាមរយៈ​ជំនួយ​ដល់​អង្គការ​សន្សំ​ម្លប់ព្រៃ គម្រោង USAID ព្រៃឡង់​បៃតង​កំពុង​គាំទ្រ​គម្រោង​សាកល្បង​សម្រាប់​កសិករ​ស្រូវ​ត្រយង​នៅ​ខេត្ត​ព្រះវិហារ និងខេត្ត​ស្ទឹងត្រែង ទៅលើ​ការប្រើ​បច្ចេកទេស​បំបែក​ដី ជី​កំប៉ុស និង ដំណាំ​គម្រប​ដី។ ក្នុងនោះ​សមាជិក ស្រូវ​ត្រយង​ចំនួន​ ៦ នាក់​ត្រូវបាន​ជ្រើសរើស​ដើម្បី​អនុវត្ត​វិធីសាស្រ្ត​ថ្មី​នេះ ដែល ៥ នៅក្នុង​ខេត្ត​ព្រះវិហារ និងម្នាក់​នៅ​ខេត្ត​ស្ទឹងត្រែង។

គម្រោង​នេះ​បានឱ្យដឹង​ថា លទ្ធផល​នៃ​គម្រោង​សាកល្បង​នេះ​ប្រែប្រួល​ពី​កន្លែងមួយ​ទៅ​កន្លែង​មួយ ដោយសារ​ភាពខុសគ្នា​នៃ​លក្ខខណ្ឌ​ដី និងការអនុវត្ត​បច្ចេកទេស។ ទោះជាយ៉ាង​ណាក៏ដោយ បើប្រៀបធៀប​វាលស្រែ​ដែលមិន​បាន​អនុវត្ត​បច្ចេកទេស​និង​វាលស្រែ​ដែល​អនុវត្ត​បច្ចេកទេស​នេះ ទីតាំង​ដែលបាន​ធ្វើ​ឱ្យ​ទិន្នផល​ស្រូវ​កើន​ឡើង​យ៉ាងហោច​ណាស់ ៥៨ ភាគរយ។ ដីស្រែ​ធម្មតា​ផ្តល់​ទិន្នផល​ជាមធ្យម ១ ៤៥៤ គីឡូ​ក្រាម​ក្នុង​មួយ​ហិកតា ចំណែក​ដី​ស្រែ​សាកល្បង​ទទួល​ផល​ជាមធ្យម ២ ២៩៩ គីឡូក្រាម​ក្នុង​មួយ​ហិកតា។

ការប្រើ​បច្ចេកទេស ជី​កំប៉ុស ដំណាំ​គម្រប និងការបំបែក​ដី គុណភាព​ដី​នឹង​មានការ​កើន​ឡើង​ក្នុង​រយៈ​ពេលវែង ដោយសារតែ​អាសូត និងសមាសធាតុ​សរីរាង្គ​ផ្សេងទៀត ត្រូវបាន​ជ្រាប​ចូល​ទៅ​ក្នុង​ដី។ ការកែ​លម្អ​គុណភាព​ដី​នាំ​ឱ្យ​ទិន្នផល​មានការ​កើនឡើង។ ទិន្ន​ផល​កើន​ឡើង លើក​ទឹកចិត្ត​កសិករ​ឱ្យ​ចូលរួម​កម្មវិធី​ស្រូវ​ត្រយង។ នៅពេល​ដែលមាន​ការកើនឡើង​នៃចំនួន​សមាជិក​សហគមន៍​ដែលជា​កសិករ​ស្រូវ​ត្រយង​ដែលចូលរួម​ដល់​ការអភិរក្ស​សត្វព្រៃ ការសិក្សា​បង្ហាញ​ថា​សត្វព្រៃ​ជិត​ផុត​ពូជ និង​ជម្រក​របស់​ពួកវា​ត្រូវបាន​ការពារ​ប្រសើរ​ជាងមុន ហើយ​ជីវភាព​សហគមន៍​ក៏ប្រសើរ​ឡើង។

កសិករ​ស្រូវ​ត្រយង អនុវត្ត​ការមិន​ប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វ​ល្អិត ជី​គីមី មិន​បរបាញ់ និង​មិនកាប់​បំផ្លាញ​ព្រៃឈើ។ ជាថ្នូរ​នឹង​ការអនុវត្ត​តាម​គោលការណ៍​ទាំង​នេះ ពួកគេ​ទទួលបាន​តម្លៃ​ស្រូវ​របស់​ពួកគេ​ ៧០ ភាគរយ​ លើ​តម្លៃ​ទីផ្សារ ហើយ​ពួកគេ​ទទួលបាន​ការគាំទ្រ​ផ្នែក​បច្ចេកទេស​ដើម្បី​កែលម្អ​ផលិតកម្ម​ស្រូវ និង​អនុវត្ត កសិកម្ម​ដែល​ធន់​នឹង​អាកាសធាតុ៕