ពិតមែនថា កម្ពុជា និងជប៉ុនពេលនេះមិនទាន់មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយគ្នា ប៉ុន្តែថ្នាក់ដឹកនាំរបស់កម្ពុជា បាន និងកំពុងខិតខំប្រឹងប្រែងជំរុញឱ្យភាគីជប៉ុនសិក្សាលើលទ្ធភាព ដើម្បីឈានទៅសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មរួមគ្នាមួយ ដែលមានក្រសួងពាណិជ្ជកម្មទទួលបន្ទុក។
នៅក្រោយការស្នើសុំរបស់ក្រសួងពាណិជ្ជកម្ម ក៏មានការសាទរច្រើនពីសំណាក់ស្ថានប័នរដ្ឋ និងវិស័យឯកជន ថ្វីត្បិតថា ទីផ្សារប្រទេសជប៉ុនជាទីផ្សារល្អសម្រាប់កម្ពុជា។ ម្យ៉ាងទៀត ទំនាក់ទំនងរបស់ប្រទេសទាំងពីរក្នុងពេលកន្លងមកនេះ ក៏មិនមានអ្វីជាឧបសគ្គនោះដែរ។ មិនមានឧបសគ្គត្រង់ថា រយៈពេល៧០ឆ្នាំនៃទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរនេះ ប្រជាជនព្រមទាំងរដ្ឋាភិបាលនៃប្រទេសជប៉ុនតែងតែគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្មនៅកម្ពុជា ជាពិសេសកិច្ចសម្រួលពាណិជ្ជកម្ម និងការធ្វើពាណិជ្ជកម្មឌីជីថល តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគីតំបន់ និងពហុភាគី។