Alynana Media Cambodia
Icon Collap
clinic narit

សម្ដេចតេជោ ហ៊ុន សែន ណែនាំអភិបាលរាជធានី-ខេត្ត ត្រូវគិតគូរជំរុញសេដ្ឋកិច្ច

Media LNN | Jun 17, 2023
សម្ដេចតេជោ ហ៊ុន សែន ណែនាំអភិបាលរាជធានី-ខេត្ត ត្រូវគិតគូរជំរុញសេដ្ឋកិច្ច
Clinic narith

(កំពង់ស្ពឺ)៖ ស្របពេលដែលប្រទេសជាតិពោរពេញដោយសុខសន្ដិភាព គ្មានចម្បាំងរាំងជល់, សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំអភិបាលរាជធានី-ខេត្តទាំងអស់ រួមគ្នាជាមួយសហការី និងមន្ដ្រីពាក់ព័ន្ធ ត្រូវគិតគូរអំពីការជំរុញសេដ្ឋកិច្ចក្នុងមូលដ្ឋានរបស់ខ្លួនឲ្យកាន់តែរីកចម្រើន ព្រោះការដឹកនាំប្រទេសមួយ ឬខេត្តមួយ ដំបូងបំផុតត្រូវគិតដល់សេដ្ឋកិច្ច។

ក្នុងឱកាសបន្តចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,០១២នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧ ក្នុងស្រុកសំរោងទង និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា អភិបាលរាជធានី-ខេត្ត បើក្ដាប់មិនជាប់សេដ្ឋកិច្ចក្នុងមូលដ្ឋានរបស់ខ្លួនមិនច្បាស់ទេនោះ គឺមិនគ្រប់លក្ខណៈធ្វើជាអភិបាលរាជធានី-ខេត្តទេ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ដឹកនាំប្រទេសមួយ ឬខេត្តមួយ ដំបូងបំផុតត្រូវគិតអំពីសេដ្ឋកិច្ច ឥលូវរឿងនយោបាយ រឿងច្បាំងគ្នាអីអត់មានទេ ប្រមូលផ្ដុំគ្នាធ្វើសេដ្ឋកិច្ច ជាក់ស្ដែងត្រូវដឹងថា តាមរយៈប្រាក់ចំណូលទាំងនេះ (វិស័យកាត់ដេរ) GDP ក្នុងខេត្តកំពង់ស្ពឺ ក្នុងម្នាក់ប៉ុន្មាន ព្រោះចំនួនទៅតាមតំបន់ត្រូវក្ដាប់ឲ្យជាប់»

បើតាមប្រសាសន៍របស់សម្ដេចតេជោ នាយករដ្ឋមន្ដ្រី, រាជរដ្ឋាភិបាលបានធ្វើវិសោធនកម្មច្បាប់ ដើម្បីបង្កើនអាសនៈសម្រាប់រាជធានី-ខេត្ត ក្រុង-ស្រុក-ខេត្ត ដែលធ្វើឲ្យចំនួនអភិបាលរងខេត្ត ក្រុង ស្រុកមានការកើនឡើង ដូច្នេះត្រូវចាត់ចែងបែងចែកការងារគ្នាធ្វើ។

សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា សម្រាប់ខេត្តកំពង់ស្ពឺ សម្ដេចទទួលបានសេចក្ដីរាយការណ៍ពីអភិបាលខេត្ត ពាក់ព័ន្ធអំពីចំណូលក្នុងខេត្តដែលបានមកពីវិស័យកាត់ដេរ រហូតដល់ជិត៥០០លានដុល្លារ ដោយមិនទាន់បូកបញ្ចូលពីវិស័យកសិកម្ម និងសេវាកម្មនោះឡើយ ដូច្នេះមានន័យថា វិស័យកាត់ដេរបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរុញកំណើនសេដ្ឋកិច្ច។

ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន នៅតែបន្ដណែនាំដល់កម្មករ កម្មការិនីទាំងអស់ ត្រូវធ្វើយ៉ាងណារក្សាសាមគ្គីភាពរវាងថៅកែរោងចក្រ អ្នកគ្រប់គ្រងរោងចក្រ និងផ្នែកនានា ជាមួយកម្មករឲ្យបានល្អ ហើយបន្ថែមពីនេះ បន្ដយកចិត្តទុកដាក់ពង្រឹងនូវសុវត្ថិភាពសុខទុក្ខរបស់កម្មករ បូករួមទាំងកន្លែងទទួលទានអាហារ កន្លែងបំបៅដោះកូន គិលានដ្ឋានជាដើម ហើយត្រូវកែលម្អកន្លែងដែលខ្វះខាត។

សូមជម្រាបថា ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ ក៏បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ដូចទៅនឹងរាជរដ្ឋាភិបាលកម្ពុជាផងដែរ។ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឲ្យដឹងថា នៅឆ្នាំ២០២២ កម្ពុជាមានកំណើនសេដ្ឋកិច្ច ៥.២ភាគរយ ចំណែកឆ្នាំ២០២៣នេះ រំពឹងថាកើនឡើងក្នុងអត្រា ៥.៥ភាគរយ ជំរុញដោយការងើបឡើងវិញនៃវិស័យទេសចរណ៍ និងកំណើនខ្ពស់ក្នុងវិស័យសេវាកម្ម។

សម្រាប់ធនាគារពិភពលោក (World Bank) ក៏បានអះអាងថា សេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២២ សម្រេចបានក្នុងអត្រា ៥.២ភាគរយ។ ឯឆ្នាំ២០២៣នេះ អាចនឹងសម្រេចបានក្នុងអត្រា ៥.៥ភាគរយ ដោយសារមានការជំរុញពីផ្នែកនាំចេញ និងពីកំណើនក្នុងផ្នែកសេវាកម្ម និងកសិកម្ម៕