ក្នុងបរិវេណផែរណបទន្លេបិទកម្មករកំពុងសម្រុកអ៊ុតកៅស៊ូបញ្ចប់ ដើម្បីឈានដាក់ឲ្យដំណើរការកំពង់ផែរណបតាមដងទន្លេមួយក្នុងគម្រោងអភិវឌ្ឍផែរណបចំនួន ៧ របស់រដ្ឋាភិបាលកម្ពុជា។កាលពីម្សិលមិញនេះ ខណៈដែលក្រុមការងារកម្ពុជាថ្មីចុះយកព័ត៌មានពីការអភិវឌ្ឍតាមមូលដ្ឋានរបស់ប្រជាពលរដ្ឋនៅស្រុកកោះសុទិន និងស្រុកត្បូងឃ្មុំព្រំប្រទល់រវាងខេត្តត្បូងឃ្មុំនិងខេត្តកំពង់ចាម ក៏បានចុះទៅមើលពីវឌ្ឍនភាពការអភិវឌ្ឍចំណតផែរណបទន្លេបិទក្នុងខេត្តត្បូងឃ្មុំ ឃើញថាហេដ្ឋារចនាសម្ព័ន្ធក្នុងកំពង់ផែបានសាងសង់ស្ទើរតែបញ្ចប់ ១០០%។
បើតាមមន្រ្តីបម្រើការងារនៅផែរណបទន្លេបិទបានអះអាងប្រាប់កម្ពុជាថ្មីថា នៅប៉ុន្មានថ្ងៃទៀតផែនេះនឹងមានមន្រ្តីចុះមកពិនិត្យនិងដាក់ឲ្យដំណើរការបណ្តោះអាសន្នកំពង់ផែមួយនេះ។
បើទោះបីផែរណបទន្លេបិទមិនទាន់ដាក់ឲ្យប្រើប្រាស់ ប៉ុន្តែជាក់ស្តែងនៅពេលក្រុមការងារចុះទៅកាលពីម្សិលមិញនេះក៏មានសកម្មភាពដំណើរការខ្លះៗដោយមានកបាល់ដឹកទំនិញផ្សេងៗចេញចូលប្រើប្រាស់កំពង់ផែ។គួរបញ្ជាក់ថា រដ្ឋាភិបាលតាមរយៈក្រសួងសាធារណៈការនិងដឹកជញ្ជូន គ្រោងសាងសង់កំពង់ផែរណបតាមដងទន្លេចំនួន ៧ កន្លែង នៅក្នុងផែនការពង្រីកសកម្មភាពដឹកជញ្ជូន តាមផ្លូវទឹកក្នុងប្រទេសកម្ពុជា។
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានថ្លែងថា ការអភិវឌ្ឍផែរណបតាមដងទន្លេដើម្បីពង្រីកសកម្មភាពដឹកជញ្ជូនតាមផ្លូវទឹក។ ការអភិវឌ្ឍកំពង់ផែរណបតាមផ្លូវទឹកឲ្យច្រើន នឹងរួមចំណែកកាត់បន្ថយការខូចខាតដល់ផ្លូវថ្នល់ ចំណេញពេលវេលា និងបន្ថយថ្លៃដើមលើការដឹកជញ្ជូន។
គម្រោងចំណតផែរណបតាមដងទន្លេចំនួន ៧ កន្លែងដែលរដ្ឋាភិបាលគ្រោងសាងសង់រួមមាន ចំណតផែរណបពហុបំណងកោះរកា (LM២៦) ចំណតផែរណបពហុបំណងព្រែកអញ្ចាញ (UM១) ចំណតផែរណបពហុបំណងទន្លេបិទ (UM២) ចំណតផែរណបពហុបំណងឆ្លូង (ក្រចេះ) ចំណតផែរណបពហុបំណងកំពង់ឆ្នាំង និងចំណតផែរណបពហុបំណងព្រែកក្តាម៕