ភាគីហ្វីលីពីន បានបង្ហាញការចាប់អារម្មណ៍ចង់ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយភាគីកម្ពុជា ដូចជា ការបន្តអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ទ្វេភាគី ការតភ្ជាប់ជើងហោះហើរត្រង់បន្ថែម ការផ្លាស់ប្ដូរអ្នកជំនាញទេសចរណ៍អាស៊ាន (MRA-TP) ការអភិវឌ្ឍវិស័យអេកូទេសចរណ៍ និងការជំរុញទេសចរណ៍សុខាភិបាល ជាដើម។
ការប្តេជ្ញារបស់ភាគីទាំងពីរនេះ ត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោកជំទាវ អេស្ពែរ៉ាន់ហ្សា គ្រីស្ទីណា ហ្ការស៉ីយ៉ា ហ្វ្រាស្កូ (Esperanza Christina Garcia Frasco) រដ្ឋមន្ត្រីក្រសួងទេសចរណ៍ហ្វីលីពីន កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ។
ក្នុងជំនួបទ្វេភាគីនោះ លោក ថោង ខុន បានលើកឡើងអំពីអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ រវាងក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍ ហ្វីលីពីន ដែលបានធ្វើឡើងកាលពីឆ្នាំ ២០០០ និងការរៀបចំកិច្ចប្រជុំក្រុមការងារចម្រុះ កម្ពុជា-ហ្វីលីពីន ចំនួន ៣លើក ព្រមទាំងការអនុវត្តផែនការសកម្មភាពជាបន្តបន្ទាប់ រហូតដល់ដំណាក់កាលជួបវិបត្តិសកលនៃការរាតត្បាតជំងឺកូវីដ១៩។
ក្នុងឱកាសនោះដែរ លោកបានស្នើលោកស្រីរដ្ឋមន្ត្រីទេសចរណ៍ ហ្វីលីពីន ពិចារណាលើការបន្តសុពលភាពនៃការអនុវត្តអនុស្សរណៈយោគយល់គ្នាកន្លងមក ឬក៏រៀបចំឱ្យមានអនុស្សរណៈយោគយល់គ្នាថ្មី សំដៅពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ទ្វេភាគី កម្ពុជា-ហ្វីលីពីនឡើងវិញ។ តាមរយៈការស្នើឱ្យពិចារណានេះ ភាគីទាំងពីរក៏បានឯកភាពរៀបចំឱ្យមានកិច្ចប្រជុំក្រុមការងារចម្រុះ កម្ពុជា-ហ្វីលីពីន លើកទី៤ ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ទ្វេភាគី និងពិភាក្សាគ្នាថា តើត្រូវបន្តសុពលភាពនៃការអនុវត្តអនុស្សរណៈយោគយល់គ្នា ឬក៏រៀបចំឱ្យមានអនុស្សរណៈយោគយល់គ្នាថ្មី។
ជាមួយគ្នានោះដែរ ភាគីទាំងពីរបានឯកភាពជំរុញឱ្យមានជើងហោះហើរត្រង់បន្ថែមទៀតរវាង កម្ពុជា-ហ្វីលីពីន ក្នុងនោះពីរដ្ឋធានីម៉ានីលមកកាន់ខេត្តសៀមរាប ឬពីទីក្រុង សេប៊ូ មកកាន់រាជធានីភ្នំពេញ ពីសេប៊ូ មកកាន់សៀមរាបជាដើម ខណៈបច្ចុប្បន្នប្រទេសទាំងពីរមានជើងហោះហើរត្រង់រវាង ភ្នំពេញ-ម៉ានីល រួចហើយកាលពីឆ្នាំ២០១៩។
លោកស្រី អេស្ពែរ៉ាន់ហ្សា គ្រីស្ទីណា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ហ្វីលីពីន បានមើលឃើញនូវការអនុវត្តដោយជោគជ័យ និងឈានមុខរបស់កម្ពុជា ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងស្ដីពីការផ្លាស់ប្ដូរអ្នកជំនាញទេសចរណ៍អាស៊ាន (MRA-TP) និងមានបំណងចង់ឱ្យភាគីកម្ពុជាចែករំលែកបទពិសោធន៍លើការងារនេះដល់ភាគីហ្វីលីពីន ដើម្បីឱ្យអ្នកជំនាញទេសចរណ៍ហ្វីលីពីន ទទួលបានចំណេះ ជំនាញបន្ថែមទៀតឱ្យស្របតាមស្ដង់ដារអាស៊ាន។
លោកស្រីបានស្នើឱ្យមានការជំរុញទេសចរណ៍វេជ្ជសាស្ត្រពីកម្ពុជាទៅកាន់ហ្វីលីពីនផងដែរ ដោយហេតុលោកស្រីមើលឃើញថា មានប្រជាជនកម្ពុជាច្រើនដែលចេញទៅរកសេវាសុខាភិបាលនៅក្រៅប្រទេស ហើយភាគីហ្វីលីពីនស្វាគមន៍ទេសចរពីកម្ពុជាជានិច្ច។
លោកស្រីបានគូសបញ្ជាក់ថា៖ «ភាគីហ្វីលីពីនក៏ចង់ផ្លាស់ប្ដូរបទពិសោធន៍លើវិស័យអេកូទេសចរណ៍ ជាមួយភាគីកម្ពុជាផងដែរ ដោយសារតែការអភិវឌ្ឍវិស័យអេកូទេសចរណ៍នៅកម្ពុជា ដែលប្រកាន់នូវគោលការណ៍គិតគូរពីនិរន្តរភាព និងទំនួលខុសត្រូវចំពោះបរិស្ថាន ពិតជាគួរឱ្យស្ងើចសរសើរ។ ហ្វីលីពីន មានតំបន់អេកូទេសចរណ៍យ៉ាងច្រើន ប៉ុន្តែ ក៏ចង់ទទួលបានបទពិសោធន៍បន្ថែមពីកម្ពុជា ដើម្បីដើរឱ្យស្របទៅនឹងគោលការណ៍គិតគូរពីនិរន្តរភាព និងទំនួលខុសត្រូវចំពោះបរិស្ថានដូចកម្ពុជាដែរ»៕