អង្គការអន្តរជាតិខាងការងារ (ILO) បានសម្គាល់លក្ខខណ្ឌនានា ដូចជាការបំពេញការងារលើសម៉ោង, ការមិនមានប្រាក់ឈ្នួលចំពោះការងារលើសម៉ោង, ប្រាក់ឈ្នួលទាប, ការរឹតត្បិតលើការដើរហើរ, និងភាពមិនអាចឈប់ពីការងារបាន ថាជាទម្រង់នៃពលកម្មបែបបង្ខំ។
ការស្ទង់មតិបានផ្អែកលើការសម្ភាសជាមួយពលករតាមផ្ទះចំនួនជាង ១ ២០០ នាក់ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ជាលទ្ធផល គេបានរកឃើញថា មាន ២៩% នៃអ្នកធ្វើការតាមផ្ទះនៅក្នុងប្រទេសម៉ាឡេស៊ី បានប្រឈមមុខនឹងលក្ខខណ្ឌខាងលើ។ អ្នកធ្វើការនៅតាមផ្ទះក្នុងប្រទេសសិង្ហបុរី និងក្នុងប្រទេសថៃ ដែលជួបស្ថានភាពស្រដៀងគ្នា មានអត្រាតិចជាងនៅប្រទេសម៉ាឡេស៊ីឆ្ងាយណាស់។ ជាក់ស្ដែង មានតែ ៧% ប៉ុណ្ណោះ ក្នុងប្រទេសសិង្ហបុរី និង ៤% នៅក្នុងប្រទេសថៃ។
អាជ្ញាធរម៉ាឡេស៊ីមិនបានឆ្លើយតបភ្លាមៗទេ ចំពោះសំណើសុំការអត្ថាធិប្បាយលើលទ្ធផលអង្កេតរបស់អង្គការអន្តរជាតិខាងការងារនេះ។ ដោយឡែក លោក វណ្ណារ៉ាត ស្រីស៊ុកសៃ (Wannarat Srisuksai) អ្នកនាំពាក្យក្រសួងការងាររបស់ប្រទេសថៃ បាននិយាយថា ការប្រព្រឹត្តចំពោះពលករបម្រើតាមផ្ទះ មានភាពប្រសើរឡើង បន្ទាប់ពីមានច្បាប់ឆ្នាំ ២០១២ ដែលការពារពួកគេ។ ទន្ទឹមនឹងនេះ ក្រសួងធនធានមនុស្សរបស់ប្រទេសសិង្ហបុរី បាននិយាយថា ភាគច្រើននៃពលករចំណាកស្រុកដែលធ្វើការតាមផ្ទះ ពេញចិត្តនឹងការងារនិងជីវភាពរស់នៅក្នុងប្រទេសសិង្ហបុរី។ ពួកគេទទួលបានកិច្ចការពារនានា រួមទាំងការបើកប្រាក់ខែទាន់ពេលវេលា, ពេលវេលាសម្រាកប្រចាំថ្ងៃគ្រប់គ្រាន់, អាហារនិងកន្លែងស្នាក់នៅត្រឹមត្រូវ, និងការពិនិត្យសុខភាពទៀងទាត់។
ទោះជាយ៉ាងណាក៏ដោយ អង្គការអន្តរជាតិខាងការងារបាននិយាយថា ម៉ោងធ្វើការជាមធ្យមរបស់ពលករតាមផ្ទះនៅក្នុងប្រទេសទាំងបីខាងលើនេះ គឺ"លើស"ពីម៉ោងស្របច្បាប់សម្រាប់ពលករផ្សេងៗទៀត ហើយគ្មាននរណាម្នាក់ក្នុងចំណោមពលករតាមផ្ទះ ទទួលបានប្រាក់ឈ្នួលអប្បបរមាទេ។
អង្គការអន្តរជាតិខាងការងារបានជំរុញឱ្យប្រទេសម៉ាឡេស៊ី សិង្ហបុរី និងថៃ ផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីពលករធ្វើការតាមផ្ទះនិងពលកម្មបែបបង្ខំ, ទទួលស្គាល់លក្ខណៈជំនាញនៃការងារតាមផ្ទះ និងធានាឱ្យមានការធ្វើចំណាកស្រុកដែលមិនចងភ្ជាប់ពលករទៅនឹងនិយោជករបស់ពួកគេ។
សូមបញ្ជាក់ថា គ្រួសារធូរធារនៅអាស៊ីជារឿយៗជួលពលករឱ្យមកបម្រើការងារនៅក្នុងផ្ទះ ហើយជាទូទៅគឺជួលនារីមកពីប្រទេសកំពុងអភិវឌ្ឍ ដូចជាឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា និងហ្វីលីពីនជាដើម ដោយឱ្យពួកគេជួយថែរក្សាផ្ទះ ក្នុងនោះមានទាំងចម្អិនអាហារ បោសសម្អាត មើលក្មេង និងថែសួនជាដើម ៕