Alynana Media Cambodia
Icon Collap
clinic narit

ថៃកំពុងពិចារណាទិញនាវាមុជទឹកពីចិន ប៉ុន្តែនៅបារម្ភរឿងគុណភាព

Media LNN | Jun 17, 2023
ថៃកំពុងពិចារណាទិញនាវាមុជទឹកពីចិន ប៉ុន្តែនៅបារម្ភរឿងគុណភាព
Clinic narith

បច្ចុប្បន្ន ប្រទេសថៃកំពុងពិចារណាទិញម៉ាស៊ីននាវាមុជទឹកដែលផលិតដោយប្រទេសចិន មកបំពាក់ឱ្យនាវាមុជទឹកដែលខ្លួនគ្រោងទិញពីប្រទេសចិន។ ការពិចារណានេះកើតឡើងក្រោយពេលដែលប្រទេសអាល្លឺម៉ង់បានបដិសេធមិនលក់ម៉ាស៊ីនរបស់ខ្លួនឱ្យប្រទេសថៃ។ កងទ័ពជើងទឹកថៃនៅមានការបារម្ភពីរឿងគុណភាពរបស់ម៉ាស៊ីនចិន។ នេះបើតាមការផ្សាយដោយសារព័ត៌មានជប៉ុន Nikkei Asia។បើនៅទីបំផុតថៃសម្រេចទិញរបស់ចិនមែន នោះថៃនឹងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសអាស៊ីផ្សេងទៀត ដូចជាប៉ាគីស្ថាន មីយ៉ាន់ម៉ា​ និងបង់ក្លាដែស ដែលប្រើនាវាមុជទឹកផលិតនៅប្រទេសចិន។

ប្រទេសថៃកាលពីឆ្នាំ២០១៧ បានយល់ព្រមទិញនាវាមុជទឹកពីប្រទេសចិនមួយគ្រឿងក្នុងតម្លៃជិត ៣៧០ លានដុល្លារ។ កិច្ចព្រមព្រៀងនេះបង្ហាញពីទំនាក់ទំនងកាន់តែស៊ីជម្រៅរបស់ប្រទេសថៃជាមួយប្រទេសចិនដែលជាអ្នកផ្គត់ផ្គង់គ្រឿងបរិក្ខារយោធា។ ពេលនោះ របបយោធាដែលដឹកនាំដោយនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-ocha) បានធ្វើតុល្យភាពទំនាក់ទំនងយុទ្ធសាស្ត្ររបស់ខ្លួនជាមួយប្រទេសចិន ជាហេតុធ្វើឱ្យសហរដ្ឋអាមេរិកគ្នាន់គ្នេរចិត្ត បន្ទាប់ពីរដ្ឋប្រហារនៅឆ្នាំ២០១៤។

ប៉ុន្តែ​ផែនការ​នេះ​បានគាំង​កាលពី​ឆ្នាំមុន ​បន្ទាប់ពី​អាល្លឺម៉ង់​បាន​ជំទាស់​នឹង​ការប្រើប្រាស់ម៉ាស៊ីននាវាមុជទឹករបស់ខ្លួនសម្រាប់បំពាក់ឱ្យនាវាមុជទឹករបស់ប្រទេសចិន។ អាល្លឺម៉ង់មិនចង់ឱ្យថៃប្រើគ្រឿងម៉ាស៊ីនរបស់ខ្លួននៅលើផលិតផលយោធាដែលចិននាំចេញទេ។ ហេតុដូច្នេះ ក្រុមហ៊ុនផលិតនាវាមុជទឹកគ្រប់គ្រងដោយរដ្ឋចិន បានផ្តល់ជម្រើសឱ្យថៃទិញម៉ាស៊ីននាវាមុជទឹកដែលផលិតដោយប្រទេសចិន។ ដើមឡើយ ប្រទេសថៃមានភាពស្ទាក់ស្ទើរនៅឡើយ ដោយព្រួយបារម្ភពីបញ្ហាគុណភាព។ ប៉ុន្តែ យោងតាមប្រភពនៅក្រសួងការពារជាតិថៃ មន្ត្រីកងទ័ពជើងទឹកថៃ និងអាជ្ញាធរចិន នឹងជួបពិភាក្សាគ្នាអំពីកិច្ចព្រមព្រៀងនាវាមុជទឹកនៅចុងខែនេះ។

ប្រភពនៅក្រសួងការពារជាតិថៃបានឱ្យដឹងថា ទាក់ទិននឹងការទិញម៉ាស៊ីននាវាចិនមកជំនួសឱ្យម៉ាស៊ីនអាល្លឺម៉ង់នេះ ប្រទេសថៃក៏បានស្វែងរកព័ត៌មានអំពីគុណភាពរបស់វាពីប្រទេសប៉ាគីស្ថានផងដែរ។ បើគេចាំមិនខុសទេនោះ ប៉ាគីស្ថានដែលស្និតជាមួយចិន មាននាវាមុជទឹកប្រភេទ យួន (Yuan) ចំនួន៨គ្រឿង ដែលត្រូវបានរាយការណ៍ថាប្រើប្រាស់ម៉ាស៊ីនស្រដៀងនឹងអ្វីដែលចិនកំពុងចង់ផ្តល់ឱ្យថៃដែរ។

បើយោងតាមប្រភពចារកម្មយោធាបានប្រាប់ Nikkei Asia ថា កង​ទ័ព​ជើង​ទឹក​ថៃ​ក៏​បានប្រើប្រាស់​មេធាវី​ ដើម្បី​សម្រេចបាន​កិច្ច​សន្យា​។ ពួកមេធាវីកំពុងស្វែងរកចន្លោះប្រហោងក្នុងច្បាប់ដើម្បីកែតម្រូវ សំដៅជំរុញកិច្ចព្រមព្រៀងនេះឱ្យទៅមុខ។ ប្រភពដដែលបន្ថែមថា «វាជារឿងរមាស់ខ្លាំងណាស់ ព្រោះអាចមានបញ្ហាសម្រាប់កងទ័ពជើងទឹក ប្រសិនបើកិច្ចសន្យាត្រូវបានរំលោភ ហើយប្រាក់យ៉ាងច្រើនកំពុងត្រូវបានចំណាយ»។

ដោយឡែក​ អ្នកវិភាគផ្នែកសន្តិសុខតំបន់មួយចំនួនយល់ឃើញថា ប្រទេសចិនបាននឹងកំពុងបញ្ចុះបញ្ចូលកងទ័ពជើងទឹកថៃឱ្យទទួលយកម៉ាស៊ីននាវាមុជទឹករបស់ខ្លួន ជាជាងបំណងចេញពីប្រទេសថៃខ្លួនឯង។ លោកហ្សាការី អាប៉ូហ្សា​ (Zachary Abuza) សាស្ត្រាចារ្យផ្នែកសន្តិសុខអាស៊ីអាគ្នេយ៍នៅមហាវិទ្យាល័យសិក្សាសង្គ្រាម ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិ​ក បាននិយាយថា បើទោះបីជាមានការកែលម្អគុណភាពម៉ាស៊ីននាវាមុជទឹករបស់ចិនក៏ដោយ ប៉ុន្តែអ្វីនៅពីក្រោយនោះគឺថា ចិនកំពុងដាក់សម្ពាធការទូតយ៉ាងខ្លាំងលើកងទ័ពជើងទឹកថៃ ឱ្យទទួលយកម៉ាស៊ីនរបស់ចិន។

ជាមួយគ្នានេះ ក្រៅពីប៉ាគីស្ថាន ចិនបានប្រឹងប្រែងផ្គត់ផ្គង់នាវាមុជទឹកទៅឱ្យបង់ក្លាដែស និងមីយ៉ាន់ម៉ាផងដែរ។ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិនៅទីក្រុង Stockholm ដែលតាមដានការជួញដូរអាវុធនៅលើសកលលោក បានឱ្យដឹងថា «នាវាមុជទឹកគឺជាផ្នែកមួយនៃការពង្រីកវត្តមានរបស់ប្រទេសចិនក្នុងនាមជាមហាអំណាចទើបរះ និងជាខ្សែសង្វាក់ផ្គត់ផ្គង់យោធារបស់ខ្លួននៅតំបន់អាស៊ី»៕