ធនាគារកណ្តាលអឺរ៉ុបបានដំឡើងអត្រាការប្រាក់គោលបន្ថែមទៀត កាលពីថ្ងៃព្រហស្បតិ៍ និងបានបញ្ជាក់ច្បាស់ថានឹងបន្តដំឡើងថែមទៀតនាពេលខាងមុខ ដើម្បីកាច់បំបាក់កម្រិតអតិផរណាដែលកំពុងរុញឱ្យតម្លៃគ្រឿងទេសកាន់តែឡើងខ្ពស់។ ជំហរនេះកើតឡើងនៅពេលដែលធនាគារកណ្តាលសហរដ្ឋអាមេរិកបានផ្អាកដំឡើងអត្រាការប្រាក់របស់ខ្លួនហើយ។ តើធនាគារកណ្ដាលអឺរ៉ុបនឹងបន្តដំឡើងអត្រាការប្រាក់ដល់ពេលណាទៀតនៅក្នុងបរិយាកាសសេដ្ឋកិច្ចរង្គោះរង្គើបែបនេះ? ទីភ្នាក់ងារសារព័ត៌មានអេភីបានលើករឿងនេះមកពិភាក្សា។ធនាគារកណ្ដាលអឺរ៉ុបបានបង្កើនអត្រាការប្រាក់គោល ០,២៥% បន្ថែមទៀត ឱ្យឡើងដល់ ៣,៥% កាលពីថ្ងៃព្រហស្បតិ៍។ នេះជាការដំឡើងអត្រាការប្រាក់ជាប់ៗគ្នាលើកទី៨ គិតចាប់តាំងពីខែកក្កដា ឆ្នាំ២០២២ មក សម្រាប់ប្រទេសចំនួន ២០ ដែលចាយប្រាក់អឺរ៉ូ។
ការដំឡើងអត្រាការប្រាក់ជាបន្តបន្ទាប់របស់ធនាគារកណ្ដាលអឺរ៉ុប ជាយុទ្ធនាការដ៏ឆាប់រហ័សមួយមិនធ្លាប់មានពីមុនមក ដើម្បីរឹតបន្តឹងរំហូរឥណទានទៅកាន់សេដ្ឋកិច្ច ខណៈដែលធនាគារនេះកំពុងប្រឹងទាញអតិផរណាឱ្យធ្លាក់ពីជាង ៦% ឱ្យមកនៅត្រឹម ២% តាមគោលដៅខ្លួនវិញ។
ប្រធានធនាគារកណ្ដាលអឺរ៉ុប (ECB) លោកស្រី គ្រីស្ទីន ឡាហ្គាដ (Christine Lagarde) បាននិយាយថា ធនាគារនេះគ្រោងនឹងបន្តដំឡើងការប្រាក់បន្ថែមទៀតនៅក្នុងកិច្ចប្រជុំនាពេលខាងមុខ រួមទាំងកិច្ចប្រជុំនៅថ្ងៃទី២៧ ខែកក្កដាផងដែរ។ ធនាគារ ECB ទទួលស្គាល់ថា ការគ្រប់គ្រងអតិផរណានឹងចំណាយពេលជាច្រើនខែទៅមុខទៀត ទោះជាអត្រាអតិផរណាបានធ្លាក់ចុះមកនៅត្រឹមកម្រិតក្រោម១០%កាលពីចុងឆ្នាំមុនក៏ដោយ។
លោកស្រី ឡាហ្គាដ បាននិយាយថា នៅតំបន់អឺរ៉ុប ការដំឡើងអត្រាការប្រាក់កំពុងជះឥទ្ធិពលជាបណ្តើរៗលើគ្រប់សកម្មភាពសេដ្ឋកិច្ចទាំងអស់ ហើយលោកស្រីបានកត់សម្គាល់ថា ការព្យាករអំពីអតិផរណានិងកំណើនសេដ្ឋកិច្ច«មានភាពមិនច្បាស់លាស់ខ្លាំង» ដោយសារតែហានិភ័យមួយចំនួនបណ្ដាលមកពីសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន និងកិច្ចព្រមព្រៀងកម្ចីដែលអាចធ្វើឱ្យអតិផរណាកាន់តែអាក្រក់ថែមទៀតផងដែរ។
លោកស្រីបានបន្តក្នុងសម្ដីដើមថា៖ «កំណើនសេដ្ឋកិច្ចទំនងជានៅតែទន់ខ្សោយក្នុងរយៈពេលខ្លី ប៉ុន្តែនឹងត្រូវបានពង្រឹងពីពេលនេះដល់ចុងឆ្នាំ ដោយសារអតិផរណាធ្លាក់ចុះ ហើយការរំខានចំពោះការផ្គត់ផ្គង់ប្រែជាធូរស្រាល»។
ជាទូទៅ អត្រាការប្រាក់កាន់តែខ្ពស់ជួយទប់កម្រិតអតិផរណា តាមរយៈការបង្កើនតម្លៃកម្ចីទិញរថយន្ត កម្ចីទិញផ្ទះ និងប័ណ្ណឥណទាន ដោយកាត់បន្ថយសេចក្ដីតម្រូវការទំនិញដែលជំរុញឱ្យតម្លៃកើនឡើង។ ប៉ុន្តែអត្រាការប្រាក់កាន់តែខ្ពស់ក៏អាចធ្វើឱ្យសេដ្ឋកិច្ចចុះខ្សោយ និងបង្កើនការប្រឈមមុខនឹងឱនភាពសេដ្ឋកិច្ចដែរ [ព្រោះវាកាត់បន្ថយការខ្ចីប្រាក់យកទៅវិនិយោគ]។
នោះជាក្តីបារម្ភមួយនៅអឺរ៉ុប តំបន់ដែលសេដ្ឋកិច្ចបានរួញបន្តិចក្នុងខែធ្នូឆ្នាំ២០២២ និងក្នុងត្រីមាសទី១ ឆ្នាំ២០២៣នេះ។ សេដ្ឋកិច្ចដែលរួមតូចជាងមុនក្នុងរយៈពេល២ត្រីមាសជាប់ៗគ្នាបែបនេះ ជានិយមន័យមួយនៃឱនភាពសេដ្ឋកិច្ច។ ទោះជាយ៉ាងនេះក្ដី ទីផ្សារការងារមានភាពរឹងមាំខ្លាំង ដោយភាពអត់ការងារធ្វើស្ថិតនៅកម្រិតទាបបំផុត ពោលគឺនៅកម្រិត ៦,៥% បើគិតចាប់តាំងពីពេលដែលរូបិយប័ណ្ណអឺរ៉ូត្រូវបានដាក់ឱ្យធ្វើចរាចរណ៍ក្នុងឆ្នាំ ១៩៩៩។ ស្ថានភាពនេះហាក់មិនស៊ីសង្វាក់គ្នានឹងអ្វីដែលថាសេដ្ឋកិច្ចធ្លាក់ចុះឡើយ។ លោកស្រី ឡាហ្គាដ បាននិយាយថា "ការងារ និងប្រាក់ឈ្នួល ជាពិសេស កំពុងដើរតួនាទីយ៉ាងសំខាន់ ជាអ្នកជំរុញអតិផរណា"៕