កូរ៉េងខាងងជើង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងជើងបាននិយាយថា ការបាញ់បង្ហោះផ្កាយរណបយោធារបស់ខ្លួនកាលពីខែមុន គឺជា "ការបរាជ័យដ៏ធ្ងន់ធ្ងរ" នៅក្នុងកិច្ចប្រជុំដ៏សំខាន់ចុងក្រោយរបស់គណបក្សកាន់អំណាច។
កិច្ចប្រជុំពេញអង្គដ៏ធំនេះ ត្រូវបានរៀបចំចន្លោះពីថ្ងៃសុក្រ និងថ្ងៃអាទិត្យ ដោយបញ្ជាឲ្យបុគ្គលិក និងក្រុមអ្នកស្រាវជ្រាវទាំងអស់វិភាគពីការបាញ់បង្ហោះផ្កាយរណបយោធាដែលបានបរាជ័យ និងត្រៀមសម្រាប់ការបាញ់បង្ហោះជាថ្មីទៀតក្នុងពេលឆាប់ៗខាងមុខ។
សេចក្ដីរាយការណ៍បាន និយាយថា អ្នកទាំងឡាយដែលទទួលខុសត្រូវការបាញ់បង្ហោះផ្កាយរណបនោះ ត្រូវបានរងការរិះគន់យ៉ាងខ្លាំង។
ទីក្រុងព្យុងយ៉ាងបាននិយាយបន្ទាប់ពីការបរាជ័យនៃការបាញ់បង្ហោះនៅក្នុងបញ្ហាបច្ចេកទេសដែលមិនប្រក្រតីថា គ្រាប់រ៉ូកែត របស់កូរ៉េខាងជើង បានធ្លាក់ចូលក្នុងសមុទ្រ បន្ទាប់ពីបាត់បង់កម្លាំងជំរុញដោយសារតែការចាប់ផ្តើមខុសប្រក្រតីរបស់ម៉ាស៊ីនដំណាក់កាលទីពីរ។ កូរ៉េខាងជើង ក៏បានប្ដេជ្ញាផងដែរថាខ្លួននឹងបន្តអភិវឌ្ឍសមត្ថភាពនុយក្លេអ៊ែរ និងពង្រឹងសាមគ្គីភាពរបស់ខ្លួនជាមួយប្រទេសផ្សេងទៀត ដែលប្រឆាំងអ្វីដែលខ្លួនហៅថា យុទ្ធសាស្ត្រមហាអំណាចពិភពលោករបស់សហរដ្ឋអាមេរិក៕