Alynana Media Cambodia
Icon Collap
clinic narit

អាជីវកម្ម «​ណែម​យើង​» នៅតែ​អាច​រីកលូតលាស់​បាន ទោះចាប់ផ្ដើម​ក្នុងអំឡុងពេល​នៃ​ការ​រា​ត្បា​ត​កូ​វីដ១៩​ ក៏ដោយ​

Media LNN | Jun 19, 2023
អាជីវកម្ម «​ណែម​យើង​» នៅតែ​អាច​រីកលូតលាស់​បាន ទោះចាប់ផ្ដើម​ក្នុងអំឡុងពេល​នៃ​ការ​រា​ត្បា​ត​កូ​វីដ១៩​ ក៏ដោយ​
Clinic narith

ភ្នំពេញៈ ​​អាជីវកម្ម​មួយចំនួនធំ​បាន​បិទទ្វារ​អស់​ជាច្រើន​កន្លែង​ដោយសារតែ​វិបត្តិ​សេដ្ឋកិច្ច​កើតមានឡើង ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ​ដោយឡែក​អាជីវកម្ម​ផលិត​ណែម ​១ កន្លែង​បែរជា​ដើរ​ផ្ទុយ​ពី​អាជីវកម្ម​ផ្សេងៗ ដោយ​ជំនួញ​មួយ​នេះ​ចាប់ផ្ដើម​ក្នុងអំឡុង​ផ្ទុះ​កូ​វីដ​១៩ ​បែរជា​អាច​ទទួលបាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង​បន្ទាប់ពី​វិបត្តិ​សេដ្ឋកិច្ច​នេះ​បាន​ធូរស្រាល​។

លោក សំ បូ​រិ​ន ជា​ម្ចាស់​អាជីវកម្ម «​ណែម​យើង ដែលជា​សិប្បកម្ម​ផលិត​ណែម​រសជាតិ​បាត់ដំបង​បាន​ថ្លែងថា​៖«​យើង​ចាប់ផ្ដើម​នៅ​ឆ្នាំ​២០១៦ តែបើ​គិត​ជាការ​ចាប់ផ្ដើម​អាជីវ​កម្ម​ពេញលេញ​តែម្ដង​គឺ​នៅ​អំឡុងពេល​នៃ​ការរីក​រាល​ជំងឺ​កូ​វីដ​១៩ ពោលគឺ​នៅពេល​មាន​វិបត្តិ​យើង​ចាប់​ផ្ដើមធ្វើ លុះ​ពេល​សេដ្ឋកិច្ច​ដើរ​ឡើងវិញ​គេ​ក៏​ស្គាល់​យើង​ច្រើន​»​។​

​លោក​បាន​បន្តថា សម្រាប់​សិប្ប​កម្មនេះ​មាន​អ្នក​ផលិត​ចំនួន ៦​នាក់ ហើយ​ការផលិត​ប្រចាំថ្ងៃ​អាច​ផលិត​បាន​ប្រមាណ ៦០០-៧០០ កញ្ចប់ ឬ​ថ្ងៃ​ខ្លះ​មានការ​កុ​ម្ម៉​ង់​ច្រើន​អាច​ផលិត​ដល់​ទៅ ១ ៥០០​កញ្ចប់​ក៏មាន ​ហើយ​លក់​បោះ​ដុំ​ទៅតាម​បណ្ដា​ខេត្ត​ស្ទើរ​ទូទាំងប្រទេស ពិសេស​ទៅតាម​បណ្ដាល​ផ្សារ​ទំនើប ម៉ា​ត និង​ផ្សារ​ធម្មជាតិ​ដូចជា ឡាក់​គី​ ជីបម៉ុង​ តេ​លា​ កាល់​តិច​និង​Total Circle-K ជាដើម​។

​សម្រាប់​ចំណុច​ពិសេស​របស់​ផលិតផល «​ណែម​យើង​» លោក សំ បូ​រិ​ន បាន​បញ្ជាក់ថា​៖«​ចំពោះ​ផលិតផល​យើង​គឺពាក់ព័ន្ធ​នឹង​អនាម័យ បើ​គ្មាន​អនាម័យ​ក៏​លក់​អត់​បានដែរ ទី១​គឺ​អនាម័យ​នេះ​តែម្ដង ទី​២​គឺ​រសជាតិ ដែល​យើង​ផលិត​ណែម​ដោយមាន​ការច្នៃ​មានការ​វេច​ខ្ចប់​បាន​ត្រឹមត្រូវ​តាម​ស្តង់ដារ​អាច​លក់​ក្នុង​ផ្សារ​ទំនើប​បាន​»​។​

​ចំពោះ​ផលិតផល​ណែម​«​សិប្បកម្ម​ណែម​យើង​» មាន​ផលិតផល​ចម្បងៗ​៣​ប្រភេទ​គឺ ណែម​សាច់​ត្រី​សុទ្ធ​ ណែម​សាច់​ត្រី​លាយ​ស្បែក​ជ្រូក និង​ណែម​ស្បែក​ជ្រូក​សុទ្ធ ដែល​សុទ្ធ​តែមាន​រសជាតិ​ឆ្ងាញ់​ផលិត​ពី​វត្ថុធាតុដើម​ល្អៗ ពិសេស​ការផលិត​មាន​កាលកំណត់​ត្រឹមត្រូវ​។

 

​ពាក់ព័ន្ធ​នឹង​ការដឹកជញ្ជូន​វិញ ម្ចាស់​សិប្បកម្ម​រូបនេះ​រៀបរាប់ថា ការដឹកជញ្ជូន​ណែម​គឺ​ខាង​សិប្បកម្ម​របស់លោក ដឹក​នៅពេលដែល​ណែម​មិនទាន់​គ្រប់​អាយុ​។​

​លោក​បាន​ពន្យល់ថា ៖ «​ណែម​មិនទាន់​គ្រប់​អាយុ​នេះ គឺ​មានន័យថា ​ណែម​ដែល​យើង​ផលិត​ហើយ មាន​រយៈពេល ៤​យប់ ៤​ថ្ងៃ​ទើប​គ្រប់​អាយុ​របស់​វា​មា​នរសជាតិ​ជូរ​ល្មម បន្ទាប់ពី​គ្រប់​អាយុ​ហើយ​ទើប​គេ​ត្រូវ​រក្សាទុក​ក្នុង​ទូ​ទឹក​ក​កចៀសវាង​ណែម​ជូរ​ជ្រុល ខូចគុណភាព ហើយ​លុះ​ដាក់​រក្សាទុក​ក្នុង​កន្លែង​ត្រជាក់​ហើយ​គេ​អាច​រក្សាទុក​បាន​រយៈពេល ៩០​ថ្ងៃ​បន្ថែមទៀត​»​។

​បើតាម​ការបញ្ជាក់​ប្រាប់​ពី​ម្ចាស់​សិប្បកម្ម​ណែម លោក សំ បូ​រិ​ន ក៏មាន​គម្រោង​ទៅ​ថ្ងៃ​អនាគត គឺ​លោក​ចង់​គ្រប់គ្រង​ទីផ្សារ​បន្ថែម និង​ពង្រីក​សមត្ថភាព​ផលិត​ឱ្យបាន​កាន់តែច្រើន ដើម្បី​ផ្គត់ផ្គង់​ផលិតផល​ណែម​បាត់ដំបង​នេះ​របស់លោក​នេះ ទៅ​ទូទាំងប្រទេស​តែម្តង​៕