ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken នៅទីក្រុងប៉េកាំង កាលពីថ្ងៃចន្ទទី១៩ខែមិថុនា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បាននិយាយថា ទំនាក់ទំនងដែលមានស្ថិរភាពរវាងចិននិងសហរដ្ឋអាមេរិក គឺពិតជាមានសារសំខាន់ណាស់ សម្រាប់សហគមន៍អន្តរជាតិ
លោក ស៊ី ប្រាប់ទៅលោក Blinken ថា “ភពផែនដី មានទំហំធំល្មមដើម្បីសម្រួលដល់ការអភិវឌ្ឍរៀងៗខ្លួន និងវិបុលភាពរួមនៃប្រទេសចិននិងសហរដ្ឋអាមេរិក។ ពិភពលោក ចាប់អារម្មណ៍លើទំនាក់ទំនងមានស្ថិរភាព រវាងទីក្រុងប៉េកាំងនិងវ៉ាស៊ីនតោន ពីព្រោះប្រទេសទាំងពីរ អាចស្វែងរកវិធីត្រឹមត្រូវ ដើម្បីរួមរស់នាពេលអនាគត និងកំណត់ជោគវាសនារបស់មនុស្សជាតិ”។
យោងតាមលោក ស៊ី, សហគមន៍អន្តរជាតិរំពឹងថា ប្រទេសចិននិងសហរដ្ឋអាមេរិក អាចរួមរស់ជាមួយគ្នាដោយសន្តិភាព និងមានទំនាក់ទំនងមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការ ហើយមិនចង់ជ្រើសរើសយកភាគីណាមួយឡើយ នៅក្នុងព្រឹត្តិការណ៍ផ្ទុះជម្លោះ។
ប្រធានាធិបតីចិនបានអះអាងទៀតថា ការប្រកួតប្រជែងជាមួយទីក្រុងប៉េកាំង នឹងមិនអាចជួយទីក្រុងវ៉ាស៊ីនតោន ក្នុងការដោះស្រាយបញ្ហាក្នុងស្រុករបស់ពួកគេ ឬបញ្ហាប្រឈមដែលពិភពលោកកំពុងប្រឈមមុខបាននោះទេ។ លោកសង្កត់ធ្ងន់ថា ប្រទេសចិនគោរពផលប្រយោជន៍របស់សហរដ្ឋអាមេរិក ហើយមិនស្វែងរកការប្រកួតប្រជែងឬផ្លាស់ប្តូរសហរដ្ឋអាមេរិកឡើយ។ស្របពេលជាមួយគ្នានោះដែរ លោក ស៊ី បានអំពាវនាវដល់សហរដ្ឋអាមេរិក ឲ្យប្រកាន់យកអាកប្បកិរិយាសមហេតុផលនិងច្បាស់ៗចំពោះប្រទេសចិន ហើយធ្វើការរួមគ្នាលើការកែលម្អទំនាក់ទំនងនិងធ្វើឲ្យស្ថានភាពពិភពលោកកាន់តែមានស្ថិរភាព។
គួរបញ្ជាក់ជាថ្មី, លោក Blinken គឺជារដ្ឋមន្ត្រីការបរទេសអាមេរិកដំបូងគេ ដែលបានជួបលោក ស៊ី ចាប់តាំងពីឆ្នាំ២០១៨មក។
ដំបូងឡើយ លោក Blinken គ្រោងនឹងទៅទីក្រុងប៉េកាំងនៅដើមខែកុម្ភៈ ប៉ុន្តែដំណើរនោះ ត្រូវបានពន្យារពេល ដោយសារតែរឿងអាស្រូវបាឡុងចារកម្ម៕