Alynana Media Cambodia
Icon Collap
clinic narit

មេគយអះអាងថា ការកែសម្រួលពន្ធ និងអាករពិសេសនឹងធ្វើឲ្យចំណូលគយអាចធ្លាក់ចុះ ប៉ុន្ដែជំរុញកំណើននាំចេញ

Media LNN | Jun 20, 2023
មេគយអះអាងថា ការកែសម្រួលពន្ធ និងអាករពិសេសនឹងធ្វើឲ្យចំណូលគយអាចធ្លាក់ចុះ ប៉ុន្ដែជំរុញកំណើននាំចេញ
Clinic narith

មេគយកម្ពុជាបានអះអាងថា ការកែសម្រួលអត្រាពន្ធគយ អត្រាអាករពិសេស និងអត្រាអាករនាំចូលលើមុខទំនិញសំខាន់ៗមួយចំនួន នឹងធ្វើឲ្យប៉ះពាល់ដល់ការប្រមូលចំណូលរបស់គយ ពោលគឺចំណូលគយអាចនឹងធ្លាក់ចុះ។ ប៉ុន្តែការកែសម្រួលនេះ វានឹងជួយជំរុញកំណើនការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ ការកែសម្រួលអត្រាពន្ធគយ អត្រាអាករពិសេស និងអត្រាអាករនាំចូលលើមុខទំនិញសំខាន់ៗ មួយចំនួននេះ នឹងចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ តទៅ។ក្រោយរាជរដ្ឋាភិបាលសម្រេចកែសម្រួលអត្រាពន្ធ និងអាករលើមុខទំនិញមួយចំនួន ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានគូសបញ្ជាក់ថា ការកែសម្រួលពន្ធ និងអាករពិសេសនេះ គឺដើម្បីទប់ស្កាត់នូវអត្រាអតិផរណា ជំរុញសកម្មភាពពាណិជ្ជកម្ម និងលើកកម្ពស់សកម្មភាពវិនិយោគក្នុងស្រុក។ ទន្ទឹមនឹងបង្ហាញពីគោលបំណង និងសារៈប្រយោជន៍ ឯកឧត្តម គុណ ញឹម ក៏បានបង្ហាញពីការព្រួយបារម្ភខ្លះដែរចំពោះការកែសម្រួលអត្រាពន្ធនាំចូល-អាករពិសេសលើមុខទំនិញមួយចំនួននេះ ក្នុងការធ្វើឲ្យប៉ះពាល់ដល់ការប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាមានការថយចុះ។ ខណៈកន្លងមកតាមរយៈការផ្ដល់អត្រាពន្ធគយអនុគ្រោះនាំចូលក្រោមក្របខ័ណ្ឌពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី កម្ពុជាបានបាត់ចំណូលប្រមាណ ៤០០លានដុល្លារអាមេរិកឯណោះក្នុងមួយឆ្នាំ។ យ៉ាងណាក៏ដោយចុះ ឯកឧត្តម គុណ ញឹម នៅតែបង្ហាញគំនិតសុទិដ្ឋិនិយមថា តាមរយៈការកែសម្រួលអត្រាពន្ធគយ-អាករពិសេស លើការនាំចូលទំនិញមួយចំនួន ក៏ដូចជាការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីនានា វានឹងជួយបង្កើនឱកាសសម្រាប់កម្ពុជាក្នុងការជំរុញកំណើនការនាំចេញទំនិញពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិថែមមួយកម្រិតទៀត។ជុំវិញបញ្ហានេះដែរ ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្ដុភារកម្មកម្ពុជាយល់ឃើញថា ការកែសម្រួលអត្រាពន្ធគយ អត្រាអាករពិសេស និងអត្រាអាករនាំចូលលើមុខទំនិញសំខាន់ៗមួយចំនួន ដែលនឹងត្រូវចាប់ផ្ដើមអនុវត្តនៅថ្ងៃទី១ កក្កដា ខាងមុខ មានទាំងកត្តាវិជ្ជមាន និងអវិជ្ជមាន។ អ្នកជំនាញរូបនេះជឿជាក់ថា ការសម្រួលពន្ធគយ និងអាករពិសេសនេះ វានឹងអាចធ្វើឲ្យប៉ះពាល់ការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ តែវានឹងជួយបើកផ្លូវសម្រាប់ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ព្រោះការសម្រួលនេះភាគច្រើនមានការបញ្ចុះពន្ធ ជាងការដំឡើងពន្ធ។ សម្រាប់ ឧកញ៉ាស៊ិនចន្ធីការសម្រួលពន្ធគយ និងអាករពិសេសនេះ ក៏នឹងជួយដល់វិស័យដឹកជញ្ជូនផងដែរ។ យោងតាមអនុក្រឹតរបស់រាជរដ្ឋាភិបាលកម្ពុជា ចុះនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ មានផលិតផលនាំចូលជាច្រើនមុខ ត្រូវបានដំឡើង និងកាត់បន្ថយអត្រាពន្ធនាំចូល និងអាករពិសេស។ តាមរយៈការកែសម្រួលនេះបានធ្វើឲ្យទំនិញមួយចំនួនត្រូវបានលើកលែងពន្ធទាំងស្រុង និងផលិតផលខ្លះ ដែលមិនធ្លាប់ជាប់ពន្ធក៏ត្រូវបានកំណត់ឲ្យជាប់ពន្ធផងដែរ។

សូមបញ្ជាក់ថា នៅរយៈពេល ៥ខែក្នុងឆ្នាំ២០២៣ ការនាំចូលទំនិញរបស់កម្ពុជាមានតម្លៃសរុបជាង១០ពាន់លានដុល្លារ ធ្លាក់ចុះជាង២២% ខណៈការនាំចេញសម្រេចបានក្នុងទំហំទឹកប្រាក់ជាង៩ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ២,៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕