ថ្មីៗនេះ មានក្រុមហ៊ុនវេចខ្ចប់ផលិតផលផ្លែឈើនិងបន្លែធំមួយរបស់អូស្រ្តាលីឈ្មោះ SPC Global បានចាប់អារម្មណ៍និងកំពុងស្វែងរកឱកាសក្នុងការវិនិយោគវិស័យកសិកម្មនៅកម្ពុជា ដើម្បីធ្វើការនាំចេញកសិផលខ្មែរចំនួន ៤ មុខទៅទីផ្សារក្រៅប្រទេស ដែលរួមមាន ៖ ផ្លែសាវម៉ាវ ស្វាយ ស្រកានាគ និងផ្លែមៀន។
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រោយពីបានចុះមកទស្សនកិច្ចនៅខេត្តកំពង់ស្ពឺនៅផលិតកម្មអាហារគិរីរម្យ និងក្រុមហ៊ុន LyLy Food Industry Co. នៅរាជធានីភ្នំពេញរួចមក ក្រុមហ៊ុន SPC Global របស់អូស្រ្តាលីបានបង្ហាញ ចំណាប់អារម្មណ៍នឹងចង់បណ្តាក់ទុនរកស៊ីលើវិស័យកសិកម្មនៅកម្ពុជា ដើម្បីពង្រឺងទីផ្សារនិងតម្លៃបន្ថែមទៀតទៅលើកសិផលផងខ្មែរ។
ជាក់ស្តែង បើតាមការលើកឡើងរបស់លោក Hussein Rifai ប្រធានក្រុមហ៊ុន SPC Global បាននិយាយថា “ប្រទេសកម្ពុជាគឺជាប្រទេសដ៏ល្អមួយសម្រាប់យើងក្នុងការស្វែងរកឱកាសកសិកម្មថ្មីៗ ជាពិសេសនៅក្នុងបន្លែ និងផ្លែឈើដែលមិនលូតលាស់ ឬបច្ចុប្បន្នមិនមាននៅក្នុងប្រទេសអូស្ត្រាលី។ ការអភិវឌ្ឍផលិតផលអាហារប្រកបដោយភាពច្នៃប្រឌិតដែលមានគុណភាពខ្ពស់បំផុតជាសាកលខណៈកំពុងអភិវឌ្ឍឧស្សាហកម្មកសិ-អាហារនៅកម្ពុជា”។
គួរបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចរបស់ SPC Global គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អូស្ត្រាលីក្នុងការពង្រឹងទំនាក់ទំនងកសិកម្មជាមួយកម្ពុជា ជាពិសេសដើម្បីជួយជម្រុញកំណើនការនាំចេញកសិផលរបស់កម្ពុជាបន្ថែមទៀត ក៏ដូចជាជួយពង្រឹងទៅលើបច្ចេកទេសនៅក្នុងវិស័យកសិកម្មផងដែរ៕