ភ្នំពេញៈ តំណាងសហគ្រាសអាកាសចរណ៍ចិន ប្រចាំកម្ពុជា ចំនួន ៥ ស្នើសុំការគាំទ្រពីអគ្គនាយកដ្ឋានពន្ធដារ (GDT) ដើម្បីឈ្វេងយល់ឱ្យបានកាន់តែលម្អិត អំពីអនុលោមភាព និងកាតព្វកិច្ចសារពើពន្ របស់សហគ្រាសអាកាសចរណ៍នៅកម្ពុជា ក៏ដូចជាលើកឡើងពីបញ្ហាប្រឈមនានា ក្នុងវិស័យពន្ធដារ ដែលសហគ្រាសអាកាសចរណ៍កំពុងជួបប្រទះ។
ជំនួបនេះ បានធ្វើឡើងនៅសណ្ឋាគារភ្នំពេញ កាលពីសប្តាហ៍មុន រវាងលោក តែ ហ្សីឌី ប្រធាននាយកដ្ឋានសវនកម្មសហគ្រាសនៃអគ្គនាយដ្ឋានពន្ធដារ ជាមួយតំណាងសហគ្រាសអាកាសចរណ៍ចិនទាំង ៥ ប្រចាំនៅកម្ពុជា ដែលរួមមានការិយាល័យតំណាងក្រុមហ៊ុន China Southern Airlines Company Limited សាខាក្រុមហ៊ុន Air China Limited សាខាក្រុមហ៊ុន China Eastern Airlines Co., LTD សាខាក្រុមហ៊ុន Xiamen Airlines Co., LTD និងសាខាក្រុមហ៊ុន Shenzhen Airlines Co., LTD។
លោក Liu Yangfu ប្រធានផ្នែកពន្ធដារនៃក្រុមហ៊ុន Air China Limited និងជាប្រធានប្រតិភូ ក៏បានសម្ដែងការអរគុណ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការសហការរបស់អគ្គនាយកដ្ឋានពន្ធដារ នាពលកន្លងមក។ លោករំពឹងថា រាល់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ នឹងទទួលបានការយកចិត្តទុកដាក់ និងកិច្ចសហការនានាក្នុងការគោរពតាមអនុលោមភាពនៃពន្ធក្នុងប្រទេសកម្ពុជាបន្តទៅមុខទៀត។
លោក តែ ហ្សីឌី បានថ្លែងថា តាមរយៈជំនួបនេះអគ្គនាយកដ្ឋានពន្ធដារនឹងចាត់តំណាងឱ្យទៅធ្វើការជាមួយក្រុមហ៊ុនអាកាសចរណ៍ទាំង ៥ ដើម្បីជំរុញឱ្យកិច្ចសហការកាន់តែមានភាពជិតស្និទ្ធបន្ថែមទៀត សំដៅធ្វើយ៉ាងឱ្យរាល់ម្ចាស់អាជីវកម្មក្នុងវិស័យអាកាសចរណ៍ស៊ីវិលនេះ ប្រព្រឹត្តទៅបានរលូន និងទទួលបានជោគជ័យ ក្នុងដំណើការអាជីវកម្មរបស់ខ្លួន នៅកម្ពុជា។
លោក ធៀម ធឿង ប្រធានសមាគមមគ្គុទេសក៍ទេសចរណ៍ភាសាចិន-កម្ពុជា ដែលមានទីស្នាក់ការនៅខេត្តសៀមរាប បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ទោះបីពិភពលោកពេលនេះ បានបើកទូលាយដូចមុនពេលមានវត្តមានជំងឺកូវីដ១៩ ក៏ចំនួនជើងហោះហើរ និងភ្ញៀវទេសចរបរទេស ពិសេសជនជាតិចិន ដែលធ្វើដំណើរមកកម្ពុជា គឺនៅតែមានចំនួនតិចតួចនៅឡើយបើធៀបនឹងមុនឆ្នាំ២០២០។ ភ្ញៀវទេសចរមកពីប្រទេសចិន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងវិស័យទេសចរណ៍កម្ពុជា មុនឆ្នាំ២០២០។
លោកបន្តថា ភាពស្ងប់ស្ងាត់នៃចំនួនភ្ញៀវទេសចរចិន គឺអាចបណ្តាលមកពីសេដ្ឋកិច្ចគ្រួសាររបស់ពួកគេមិនទាន់ល្អដូចពេលមុន។ មុនឆ្នាំ២០២០ ចំនួនជើងហោះហើរពីចិន មកកម្ពុជា អាចមានរាប់សិបជើងក្នុង ១ សប្តាហ៍ ប៉ុន្តែបច្ចុប្បន្នគឺមិនមានច្រើនបែបនេះទេ។
លោកនិយាយថា៖«ក្នុងនាមជាមគ្គុទេសក៍ទេសចរណ៍ យើងពិតជាចង់ឃើញភ្ញៀវទេសចរបរទេស ចូលមកកម្សាន្តកម្ពុជា ឱ្យបានច្រើន ដើម្បីយើងអាចមានប្រាក់ចំណូលឡើងវិញ បន្ទាប់ពីធ្លាក់ចុះស្ទើដល់សូន្យចន្លោះពីឆ្នាំ២០២០-២០២២។ ទោះពេលនេះ មិនសូវមានភ្ញៀវបរទេស ប៉ុន្តែពួកយើងនៅតែខិតខំ ដើម្បីទាក់ទាញឱ្យពួកគេធ្វើដំណើរមកកម្ពុជា តាមរយៈការផ្សព្វផ្សាយ និងឆ្លើយតបតាមសារអេឡិចត្រូនិក ប្រសិនបើភ្ញៀវមានចម្ងល់ពីវិស័យទេសចរណ៍នៅកម្ពុជា»។
លោកលើកឡើងទៀតថា នៅពេលនេះ ភ្ញៀវដែលចូលមកទស្សនាប្រាសាទបុរាណក្នុងខេត្តសៀមរាប និងតំបន់រមណីយដ្ឋាននៅកម្ពុជា គឺមានភាគច្រើនជាភ្ញៀវធ្វើដំណើរតាមផ្លូវគោកពីប្រទេសជិតខាងតែប៉ុណ្ណោះ។
ទិន្នន័យផ្លូវការរបស់ក្រសួងទេសចរណ៍បានឱ្យដឹងថា នៅក្នុងរយៈពេល ៤ ខែដំបូង ឆ្នាំ២០២៣ កម្ពុជា ទទួលបានភ្ញៀវបរទេសសរុប ១ ៧២១ ៦៦៨ នាក់ កើនឡើង ៦១៣ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ២០២២។ ក្នុងចំណោមនោះ គឺជនជាតិថៃចំនួន ៥៧០ ០២១នាក់ កើនឡើង ១ ០៣៣,៧ភាគរយ, វៀតណាម ២៨៩ ៦៤៣នាក់ កើន ២៨៨ភាគរយ និងភ្ញៀវជនជាតិចិន នៅលេខរៀងទី៣ ដែលមានចំនួន ១៨៤ ០០៩ នាក់ កើន ១ ០៩៤,៦ ភាគរយ។ ផ្អែកលើតួលេខខាងលើគឺភ្ញៀវមកតាមផ្លូវអាកាស ៦៣៤ ០២៨ នាក់ កើន ៣៨០,៨ភាគរយ, ផ្លូវគោក ១ ០៦៥ ៥៦៦ នាក់ កើន ៨៩៩,៥ ភាគរយ, និងផ្លូវទឹក ២២ ០៧៤ នាក់ កើន ៦៣៤,១ ភាគរយ។
ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងកំណើនភ្ញៀវទេសចរ កម្ពុជា បាននិងកំពុងសាងសង់ និងគ្រោងបើកឱ្យដំណើរការព្រលានយន្តហោះអន្តរជាតិមួយចំនួន ពិសេសព្រលានអន្តរជាតិសៀមរាបថ្មី និងអន្តរជាតិតេជោក្រុងតាខ្មៅ។
ឆ្នាំ២០១៩ គឺជាពេលដែលកម្ពុជាទទួលបានភ្ញៀវអន្តរជាតិច្រើនបំផុត ដោយមានចំនួន ៦ ៦១០ ៥៩២ នាក់ កើនឡើង ៦,៦ ភាគរយបើធៀបនឹងឆ្នាំ២០១៨។ ក្នុងនោះភ្ញៀវមកពីប្រទេសចិន មានច្រើនជាងគេ គឺចំនួន ២ ៣៦១ ៨៤៩ នាក់ ឬស្មើនឹង ៣៥,៧ ភាគរយនៃចំនួនភ្ញៀវបរទេសទាំងអស់៕