Alynana Media Cambodia
Icon Collap
clinic narit

៥ ខែ ឆ្នាំ ២០២៣ នេះ កម្ពុជា-ចិន មានទំហំពាណិជ្ជកម្មជាង ៥ ពាន់លានដុល្លារ

Media LNN | Jun 21, 2023
៥ ខែ ឆ្នាំ ២០២៣ នេះ កម្ពុជា-ចិន មានទំហំពាណិជ្ជកម្មជាង ៥ ពាន់លានដុល្លារ
Clinic narith

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល ៥ ខែ ​ឆ្នាំ ២០២៣ នេះ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​ចិន មាន​ទឹកប្រាក់​ប្រមាណ​ជាង ៥ ០០០ លាន​ដុល្លារ​អាមេរិក។ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​អគារ​តាំង​លក់​រថយន្ត​ទំនើប​របស់​ក្រុមហ៊ុន​ចិន​មួយ កាលពី​ដើម​សប្ដាហ៍​នេះ លោក​រដ្ឋមន្ត្រី បាន​បន្ត​ថា ក្នុង​ចំណោម​ទឹកប្រាក់​ជាង ៥ ០០០ លាន​ដុល្លារ ក្នុង​នោះ កម្ពុជា បាន​នាំ​ចេញ​ទៅ​ចិន​នូវ​ទំនិញ​សក្ដានុពល​មួយ​ចំនួន មាន​ដូចជា សម្លៀកបំពាក់ ស្បែក​ជើង សម្ភារៈ​ធ្វើដំណើរ និង​កាបូប ព្រមទាំង​កសិផល​។ល។ រីឯ ចិន បាន​នាំ​ចូល​មក​កម្ពុជា​នូវ​ទំនិញ​សំខាន់ៗ ដូចជា យានយន្ត គ្រឿង​ម៉ាស៊ីន គ្រឿង​អេឡិចត្រូនិក សំបក​កង់ ផលិតផល​ប្លាស្ទិក និង​ផលិតផល​ជាច្រើន​ទៀត។លោក​បាន​បន្ត​ថា ភាព​រីកចម្រើន​របស់​កម្ពុជា​ពិតជា​មិន​អាច​កាត់ផ្ដាច់​ពី​ការ​ចូលរួម​របស់​មិត្ត​ចិន​បាន​ឡើយ ហើយ​តាមរយៈ​ការ​ផ្ដល់​ជំនួយ និង​កិច្ច​សហ​ប្រតិបត្តិការ​ល្អ​នានា​របស់​មិត្ត​ចិន បាន​ធ្វើ​ឲ្យ​ប្រទេស​ទាំងពីរ​សម្រេច​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​ចិន ដែល​បាន​ចូល​ជា​ធរមាន កាលពី​ថ្ងៃ​ទី ០១ ខែ​មករា ឆ្នាំ ២០២៣ នេះ។ តាមរយៈ​កិច្ចព្រមព្រៀង​នេះ យើង​សង្ឃឹម​ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​ចិន និង​ការ​វិនិយោគ​ចិន​នៅ​កម្ពុជា នឹង​បន្ត​កើន​ឡើង​ជា​បន្ត​បន្ទាប់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ស្រប​ជាមួយ​នឹង​ចក្ខុវិស័យ​ការ​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន ក្រោម​កិច្ច​សហ​ប្រតិបត្តិការ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​កម្ពុជា-ចិន ជាពិសេស​ក្របខណ្ឌ​កិច្ច​សហ​ប្រតិបត្តិការ​ត្បូង​ពេជ្រ​ដែល​ភាគី​កម្ពុជា​-​ចិន បាន​ឯកភាព​គ្នា​បង្កើត​ឡើង កាលពី​ខែ​កុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ។

លោក​រដ្ឋមន្ត្រី បាន​បន្ត​ទៀត​ថា រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​លើក​ទឹកចិត្ត​ឲ្យ​បណ្ដា​ក្រុមហ៊ុន ធ្វើការ​វិនិយោគ​លើ​ការ​ផលិត និង​ដំឡើង​រថយន្ត​ឲ្យ​បាន​ច្រើន​នៅ​កម្ពុជា ដើម្បី​ធានា​ដល់​ការ​ឈរ​ជើង​យូរអង្វែង​របស់​ក្រុមហ៊ុន​ផ្ទាល់​ផង និង​ដើម្បី​ជួយ​ប្រជាជន​កម្ពុជា​ឲ្យ​មាន​លទ្ធភាព​ប្រើប្រាស់​ផង។

លោក​រដ្ឋមន្ត្រី បាន​កត់​សម្គាល់​ថា ការ​បណ្ដាក់​ទុន​របស់​ក្រុមហ៊ុន​ធំៗ នៃ​ប្រទេស​ចិន បាន​ទាក់ទាញ​ឲ្យ​ក្រុមហ៊ុន​ចិន​ផ្សេងៗ​ទៀត ងាក​មក​ចាប់អារម្មណ៍ និង​សម្រេច​ចិត្ត​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា ជាក់ស្ដែង​ដូចជា​គម្រោង​វារីអគ្គិសនី គម្រោង​សាងសង់​ព្រលានយន្តហោះ​ថ្មី​នៅ​ខេត្ត​សៀមរាប គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន និង​គម្រោង​ផ្សេងៗ​ជាច្រើន​ទៀត តួយ៉ាង​ដូចជា គម្រោង​របស់​ក្រុមហ៊ុន​វ័នរ៉ូដ គ្រុប និង​វ័ន​រ៉ូ​ដ ហ្គ្រេ​ត​វ៉ល ដែល​យើង​ទាំងអស់​គ្នា​បាន និង​កំពុង​ឃើញ​នៅ​ថ្ងៃនេះ​ជាដើម៕