Alynana Media Cambodia
Icon Collap
clinic narit

រដ្ឋមន្ត្រីទេសចរណ៍រំពឹងមានភ្ញៀវអន្តរជាតិ៤.៥លាននាក់មកទស្សនាកម្ពុជាពេញមួយឆ្នាំ២០២៣

Media LNN | Jun 21, 2023
រដ្ឋមន្ត្រីទេសចរណ៍រំពឹងមានភ្ញៀវអន្តរជាតិ៤.៥លាននាក់មកទស្សនាកម្ពុជាពេញមួយឆ្នាំ២០២៣
Clinic narith

(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា រយៈពេល៥ខែដើមឆ្នាំ២០២៣ មានភ្ញៀវទេសចរអន្តរជាតិជាង២.១៦លាននាក់បានមកទស្សនាកម្ពុជា ហើយលោកក៏បានបង្ហាញការរំពឹងទុកថា ពេញមួយឆ្នាំ២០២៣នេះនឹងទទួលទេសចរអន្តរជាតិប្រមាណ៤.៥លាននាក់ និងទេសចរក្នុងស្រុកប្រមាណ១៦លាននាក់។

ការថ្លែងបែបនេះរបស់លោករដ្ឋមន្ត្រី ថោង ខុន ត្រូវបានធ្វើឡើងក្នុងសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ឆមាសទី២ ឆ្នាំ២០២២ ឆមាសទី១ ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៣-២០២៤
នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខារ៉េស៊ីដង់ភ្នំពេញ។

នាឱកាសនោះ លោក ថោង ខុន បានបញ្ជាក់ថា នៅឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួនជាង២.២លាននាក់ កើនឡើង១,០៥៩% ធៀបនឹងឆ្នាំ២០២១ និងភ្ញៀវទេសចរជាតិបានកើនឡើងលឿន និងកើនលើសចំនួនមុនពេលវិបត្តិជំងឺកូវីដ-១៩ ដោយមានចំនួនប្រមាណ១៣.៩លាននាក់ កើនឡើង១៩៩% ធៀបនឹងឆ្នាំ២០២១។

លោកបានបន្តថា សម្រាប់រយៈពេល៥ខែដើមឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរអន្តរជាតិជាង២.១៦លាននាក់បានមកទស្សនាកម្ពុជា ក្នុងអត្រាកំណើន៥៣០% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ និងភ្ញៀវទេសចរជាតិប្រមាណ១០លាននាក់ កើនឡើង៧៦.៤% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២។លោករដ្ឋមន្ត្រីបន្តទៀតថា «ពេញមួយឆ្នាំ២០២៣នេះ យើងរំពឹងថានឹងទទួលទេសចរអន្តរជាតិប្រមាណ៤.៥លាននាក់ និងទេសចរក្នុងស្រុកប្រមាណ១៦លាននាក់ ដែលប្រហាក់ប្រហែលនឹងការព្យាករនៅក្នុងផែនទីចង្អុលផ្លូវ»

លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា ដើម្បីធានាចីរភាពនៃការស្តារ និងគាំទ្រវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្ត និងគោលនយោបាយសំខាន់ៗ រួមមាន៖ ១-ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩, ២-ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ និង៣-ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី ឆ្នាំ២០២១-២០៣៥។

ផ្តើមចេញពីឯកសារផែនទីចង្អុលផ្លូវនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវឯកសារដ៏មានសារៈសំខាន់៣ទៀត រួមមាន៖ ១-វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣, ២-ផែនការយុទ្ធសាស្រ្តស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង និង៣-វិធានការគោលនយោបាយអនុវត្តយុទ្ធនាការឆ្នាំទស្សនាកម្ពុជា២០២៣។

លោករដ្ឋមន្ត្រីក៏បានបង្ហាញសុទិដ្ឋិនិយមថា ជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រស៉ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣នេះ ក៏ជួយជំរុញដល់ការផ្សព្វផ្សាយពីរូបភាពវិជ្ជមានរបស់កម្ពុជាជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ទាំងពេលបច្ចុប្បន្ន និងទៅអនាគត ក្នុងរយៈពេលមធ្យម និងវែងផងដែរ៕