(ភ្នំពេញ)៖ ធនាគារប្រ៊ីដ ម.ក បានបើកសម្ពោធជាផ្លូវការ ដើម្បីបម្រើសេវាហិរញ្ញវត្ថុរបស់ខ្លួនដល់ពលរដ្ឋកម្ពុជា តាមរយៈការផ្តល់ប្រាក់កម្ចី ទទួលប្រាក់បញ្ញើ និងផ្តល់ជូនសេវាផលិតផលថ្មីៗ ព្រមទាំងការបម្រើជូនប្រព័ន្ធធនាគារបែបឌីជីថល បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណពីធនាគារក្នុងការកម្លាយខ្លួនទៅជាធនាគារពាណិជ្ជ។ពិធីបើកសម្ពោធជាផ្លូវការនៃធនាគារប្រ៊ីដ ម.ក បានប្រព្រឹត្តិទៅនាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល ធនាគារប្រ៊ីដ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុន World Bridge ព្រមទំាងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
ព្រមជាមួយនឹងការបើកសម្ពោធជាផ្លូវការនេះ ធនាគារនេះថែមទាំងបានបើកដំណើរនូវសាខាថ្មីចំនួនពីររបស់ខ្លួន គឺនៅទួលគោក និង ក្រុងតាខ្មៅ ខេត្តកណ្តាល។ ការបើកសម្ពោធនេះ គឺជាការបើកទ្វារផ្តល់នូវសេវាធនាគារពាណិជ្ជឈានមុខគេទំាងសេវាឥណទានគ្រប់ប្រភេទជូនដល់អតិថិជន ជាមួយនឹងបុគ្គលិកមន្រ្តីហិរញ្ញវត្ថុមានជំនាញប្រកបដោយវិជ្ជាជីវៈ នៅរង់ចំាបម្រើលោកអ្នកជានិច្ច។
ធនាគារ ប្រ៊ីដ បានប្តេជ្ញាចិត្តក្លាយជាធនាគារពាណិជ្ជ ដែលផ្តល់នូវភាពពេញចិត្តបំផុតដល់ប្រជាជនកម្ពុជា ព្រមទំាងការប្រឹក្សារដំណោះស្រាយផ្នែកហិរញ្ញវត្ថុជូនអតិថិជន សហគ្រាសខ្នាតតូច និងមធ្យម ក៏ដូចជាបង្កើននូវអតិថិជនដែលមានតម្រូវការធនាគារបែប ឌីជីថល ជាមួយនឹងសេវាធនាគារល្អបំផុតនៅកម្ពុជា។
លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថាសម្ពោធ ធនាគារ ប្រ៊ីដ នាពេលនេះ គឺជាការឆ្លុះបញ្ចាំងពី ការរីកចម្រើននៃវិស័យហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។
លោកបានសម្តែងការអបអរសាទរ នូវការបើកការដំណើរការជាផ្លូវការធនាគារពាណិជ្ជប្រ៊ីដ និងសមិទ្ធផលនាពេលកន្លងមកដែលធនាគារនេះសម្រេចបានរហូតមកដល់បច្ចុប្បន្ននេះ។
លោកមានប្រសាសន៍បន្តថា៖ «ធនាគារ ប្រ៊ីដបានបង្ហាញពីការខិតខំប្រឹងប្រែង របស់ខ្លួនដោយបន្តវិវឌ្ឍខ្លួនឥតឈប់ឈរ ដោយកម្លាយខ្លួនពី ធនាគារឯកទេស ទៅជាធនាគារពាណិជ្ជ ដើម្បីផ្តល់ជូននូវដំណោះស្រាយតម្រូវការហិរញ្ញវត្ថុនៅកម្ពុជា»។អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារប្រ៊ីដ បានឱ្យដឹងថា ការបើកសម្ពោធជាផ្លូវការនៃធនាគារប្រ៊ីដ បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណជាផ្លូវការពីធនាគារជាតិក្នុងការកម្លាយខ្លួនពីធនាគារឯកទេសទៅជាធនាគារពាណិជ្ជ ខណៈធនាគារនេះបានរៀបចំផែនការយុទ្ធសាស្រ្តឆ្ពោះទៅមុខ និងពង្រឹងទំនាក់ទំនងជាមួយដៃគូជាតិ និងអន្តរជាតិ ដើម្បីធានាបានថាការដាក់ដំណើរការសេវាកម្មនានាគឺប្រកបដោយគុណភាព។
លោកបន្ថែមថា៖ «បទពិសោធន៍សេវាធនាគារ អតិថិជនគឺជាអាទិភាពធំបំផុតរបស់ពួកយើង ហើយយើងចង់ធ្វើឱ្យប្រាកដថា អតិថិជនរបស់យើងមានបទពិសោធន៍ធនាគារដែលងាយស្រួល និងមានសុវត្ថិភាព។ ជាការពិតណាស់ដើម្បីផ្តល់ជូនសេវាធនាគារដែលល្អដល់អតិថិជន គឺតម្រូវឱ្យបុគ្គលិករបស់យើងជាពិសេសអ្នកដែលប្រាស្រ័យទាក់ទងជាមួយអតិថិជន ទទួលបានការបណ្តុះបណ្តាលយ៉ាងត្រឹមត្រូវលើចំណេះ និងជំនាញ ក៏ដូចជាការធ្វើបដិសណ្ឋារកិច្ច»។
លោក Richard Liew នាយកប្រតិបត្តិរបស់ធនាគារប្រ៊ីដ បានលើកឡើងថា ធនាគារ ប្រ៊ីដ បានវិនិយោគទៅលើហេដ្ឋានរចនាសម្ព័នថ្មី បច្ចេកវិទ្យា និង ធនធានមនុស្សជាចំបាច់។ ជាក់ស្តែងកាលពីឆ្នាំមុន ធនាគារបានវិនិយោគលើប្រព័ន្ធគ្រប់គ្រងសេវាបណ្ណ ជាមួយនឹងប្រព័ន្ធស្នូលធនាគារ បែបឌីជីថល និងសេវាធនាគារចល័ត (Mobile banking) របស់ខ្លួន។
លោកគូសបញ្ជាក់ទៀតថា «លើសពីនេះ ធនាគារនឹងអាចផ្តល់សេវាកម្មយ៉ាងពេញលេញនៅមុនដំណាច់ឆ្នាំនេះ រួមទាំងសេវាធនាគារចល័ត ប័ណ្ណឥណពន្ធសម្រាប់ម៉ាស៊ីន ATM និងសេវាប័ណ្ណឥណទាន ដែលនឹងត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗនេះ»។ លោបន្តថា លើសពីនេះ ធនាគារបាន ដាក់ឱ្យដំណើរការសាខាថ្មី ចំនួនពីរទីតំាងនៅឆ្នាំនេះគឺសាខានៅក្រុងតាខ្មៅ និង ទួលគោក ។ បន្ទាប់ពីធនាគារជាតិនៃកម្ពុជាបានអនុម័តលើការស្នើសុំអាជ្ញាប័ណ្ណរបស់ខ្លួន ធនាគារមានបំណងពង្រីកបណ្តាញសាខានៅតាមតំបន់ផ្សេងៗ និងការផ្តល់ជូនសេវាហិរញ្ញវត្ថុផ្សេងៗបន្ថែមទៀត។ធនាគារប្រ៊ីដ គឺជាធនាគារពាណិជ្ជក្នុងស្រុក ដែលមានចក្ខុវិស័យក្នុងការក្លាយជាដៃគូហិរញ្ញវត្ថុ ដែលលោកអ្នកពេញចិត្តក្នុងថ្ងៃនេះនិងនាពេលអនាគត ប្តេជ្ញាផ្តល់ជូនសេវាហិរញ្ញវត្ថុដែលអ្នកអាចជឿទុកចិត្តបាន តាមរយៈស្តង់ដារសេវាកម្មសកល ធ្វើឲ្យការប្រើប្រាស់សេវាធនាគារមានភាពងាយស្រួល និងសុវត្ថិភាព៕