លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យដឹងថា គិតត្រឹមថ្ងៃព្រហស្បតិ៍ ៥កើត ខែ បឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២៣នេះ កសិករខេត្ត បន្ទាយមានជ័យ សម្រេចបង្កបង្កើនផលដំណាំស្រូវវស្សា បានប្រមាណ ៨៤.៥ភាគរយ លើផែនការ ប្រចាំឆ្នាំ២៦ម៉ឺនហិកតា ក្នុងឆ្នាំ២០២៣នេះ។
លោកបានឱ្យដឹងទៀតថា ជាក់ស្តែងប្រជាកសិករនៅក្នុងស្រុកមង្គលបូរី បានបង្កើនផលស្រូវ ស្ទើរតែរួចរាល់ មានកន្លែងខ្លះត្រូវបានបាញ់ថ្នាំ ដាក់ជីជាបណ្តើរៗ ដែលមានរយៈពេលជិត១ខែ។ ក្នុងនោះ ភាគច្រើនត្រូវបានបង្កបង្កើនផលស្រូវ មិនប្រកាន់រដូវដូចជាស្រូវសែនក្រអូប និងស្រូវអ៊ីអ៊ែរ និងស្រូវស្រង៉ែ និងស្រូវកណ្តាល ដូចជា ស្រូវសូម៉ាលី, ម្លិះ, និងផ្ការំដួលជាដើម។
ជាមួយនឹងលទ្ធផលដែលសម្រេចបាននៅពេលនេះលោក ប៉ាង វណ្ណាសេដ្ឋ បានបន្ថែមទៀត ថា សម្រាប់ចំនួននៅសេសសល់មិនទាន់បានបង្កបង្កើនផល មាននៅស្រុកស្វាយចេក, ស្រុកថ្មពួក និងស្រុកម៉ាឡៃ ជាតំបន់ដីមិនទាន់មានភ្លៀងធ្លាក់បានគ្រប់គ្រាន់នៅឡើយ។ លោកប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានអះអាងទៀតថា ការបង្កបង្កើនផលស្រូវ នេះ បើប្រៀបធៀបឆ្នាំមុនក្នុងរយៈពេលដូចគ្នា ហាក់មានល្បឿនលឿនជាង ដោយមានភ្លៀងធ្លាក់ រាយប៉ាយនៅដើមដៃ។
ប្រជាកសិករនៅស្រុកមង្គលបូរីបានបញ្ជាក់ថា នៅក្នុងស្រុករបស់គាត់ ពេលបុណ្យចូលឆ្នាំខ្មែរ រួចរាល់មានភ្លៀងធ្លាក់ម្តងជាពីរដង ដែលបានបង្កឱ្យប្រជាកសិករ អាចមានលទ្ធភាពបានចាប់ផ្តើម ភ្ជួរដាស់ដីហាល ហើយព្រោះជាបណ្តើរៗ ។ តែអកុសលនៅដើមរដូវមានភ្លៀងតិចតួច ពេលស្រូវដុះ រាំងភ្លៀង មានកន្លែងខ្លះស្រូវទើបដុះ ត្រូវបានងាប់ភ្ជួរចោល ព្រោះថ្មី និងខ្លះទៀតនៅសល់ស្មៅដុះ ច្រើន តែពេលនេះភ្លៀងធ្លាក់ដោយកន្លែង ប្រជាកសិករខ្លះបាញ់ថ្នាំ បាចជី អាចរយៈពេល២ ទៅ៣ ខែទៀត នឹងប្រមូលផលស្រូវមិនប្រកាន់រដូវជាបណ្តើរៗ។
ជាមួយនេះដែរលោកប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានក្រើនរម្លឹកដល់ប្រជាកសិ ករទាំងអស់ គប្បីត្រូវរក្សាទឹកទុកក្នុងស្រែ ដើម្បីចិញ្ចឹមស្រូវឱ្យបានល្អ សន្សំសំចៃរក្សាទឹកទុកសម្រាប់ ប្រើប្រាស់ពេលអាកាសធាតុរាំងស្ងួត ក្នុងកូនរដូវប្រាំងឆ្នាំនេះ។ ពោលគឺកុំឱ្យមានការបង្ហូរទឹកចោលឱ្យសោះ ព្រោះកូនរដូវប្រាំងឆ្នាំនេះ អាចកើតឡើង និងអូសបន្លាយពេលយូរ។
លោកប្រធានមន្ទីរកសិកម្ម ក៏បានអំពាវនាវដល់ប្រជាកសិករទាំងអស់ ត្រូវអនុវត្តន៍ការងារ កសិកម្មឱ្យបានល្អ ទៅតាមបច្ចេកទេសថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីទទួលបាន ទិន្នផលខ្ពស់ ជាពិសេសត្រូវឧស្សាហ៍ចុះមើលស្រែ ចម្ការ ដើម្បីបង្ការ ការពារការបំផ្លាញពីសត្វល្អិត ផ្សេងៗ និងត្រូវប្រញាប់រាយការណ៍ទៅមន្ត្រីជំនាញកសិកម្ម ដើម្បីចុះអន្តរាគមន៍បានទាន់ពេលវេលា ប្រសិនបើមានបញ្ហាណាមួយកើតឡើង ៕