ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហើបឲ្យដឹងថា រាជរដ្ឋាភិបាលមានផែនការសាងសង់គម្រោងផ្លូវល្បឿនលឿនទី៥ បន្ថែមទៀតនាពេលខាងមុន ដែលតភ្ជាប់ពីរាជធានីភ្នំពេញ រហូតទៅដល់ព្រំដែនប្រទេសឡាវ។
ដោយការសាងសង់ផ្លូវនេះគឺដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ចូនទំនិញរបស់បងប្អូនប្រជាពលរដ្ឋកានតែឆាប់រហ័ស។ថ្លែងនៅក្នុងពិធីសម្ពោធកំពង់ផែទេសចរណ៍ និងទំនិញរាយ ដងទង់ ខេត្តកោះកុង ក្រុងខេមរភូមិន្ទ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ដមទេសរដ្ឋមន្ដ្រីបានមានប្រសាសន៍លើកឡើងដូច្នេះថា “ទី៥ អាចមានផ្លូវល្បឿនលឿនពីភ្នំពេញយើង មកក្រចេះ មកស្ទឹងត្រែង ទៅទល់ដែនកម្ពុជា-ឡាវ នៅត្រពាំងគ្រៀល។ នេះសុទ្ធតែជាផែកការគ្រោងទុកផ្លូវល្បឿនលឿនរបស់យើង”។គួរជម្រាបផងដែរថា កម្ពុជាទើបនឹងបានដាក់ឲ្យដំណើរការផ្លូវល្បឿនលឿនទី១ ភ្នំពេញ-ព្រះសីហនុ កាលពីខែតុលា ឆ្នាំ២០២២ និងផ្លូវល្បឿនលឿនទី២ ភ្នំពេញ-បាវិត ទើបនឹងបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៧ ខែមិថុនា ខណៈគម្រោងផ្លូវល្បឿនលឿនទី៣ ភ្នំពេញ-សៀបរាប-ប៉ោយប៉ែត ក៏ទើបនឹងបានចុះហត្ថលេខាសម្រាប់ការសាងសង់កាលពីថ្ងៃទី៧ ខែមិថុនា ដូចគ្នា។
ដោយឡែកសម្រាប់គម្រោងផ្លូវល្បឿនលឿនទី៤ ក៏ត្រូវបានរាជរដ្ឋាភិបាលដាក់ផែនការក្នុងការសាងសង់ផងដែរ ដែលអាចនឹងតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់តំបន់ភូមិភាគឦសាន្ដនៃប្រទេសកម្ពុជាផងដែរ៕