Alynana Media Cambodia
Icon Collap
clinic narit

កំពង់ផែថ្មីលើទឹកដីកោះកុង បើកប្រើប្រាស់ជាផ្លូវការ

Media LNN | Jun 23, 2023
កំពង់ផែថ្មីលើទឹកដីកោះកុង បើកប្រើប្រាស់ជាផ្លូវការ
Clinic narith

 

នា​ព្រឹក​ថ្ងៃ​ទី ២៣ ខែ​មិថុនា ឆ្នាំ ២០២៣ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​បើក​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ កំពង់ផែ​ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់ លោក លោកជំទាវ ជា​ថ្នាក់​ដឹកនាំ​ក្រសួង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត អភិបាល នៃ​គណៈ​អភិបាលខេត្ត លោក លោកស្រី មន្ត្រី​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស ជា​ច្រើន​រូប។កំពង់ផែ​ដងទង់ ប្រារព្ធ​ពិធី​សម្ពោធ​នា​ឱកាស​នេះ ជា​កំពង់ផែ​ទេសចរណ៍ និង​ទំនិញ​រាយ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ក្រុង​លេខ ៩០០ ភូមិ ២ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង។ កំពង់ផែ​នេះ គឺជា​ស្ថាបត្យកម្ម​ថ្មី​មួយ​ដែល​កើត​ចេញពី​ស្នាដៃ​កូន​ខ្មែរ​ពិតៗ ដោយ​មាន​រចនាបថ​បែប​ទំនើប សាងសង់​ស្របតាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ ធានា​នូវ​ការ​ប្រើប្រាស់​យូរអង្វែង និង​សាងសង់​ដោយ​ថវិកាជាតិ​សរុប​ប្រមាណ ១២.៨៩៧.០០០.០០០ រៀល (ដប់​ពីរ​ពាន់​លាន ប្រាំបី​រយ​កៅសិប​ប្រាំពីរ​លាន​រៀល​គត់)។គម្រោង​សាងសង់ ត្រូវ​បាន​ចែកចេញជា ២ ជំហាន សរុប​កំពង់ផែ​មាន​បណ្ដោយ​ប្រវែង ១១៥ ម៉ែត្រ ទទឹង​ប្រវែង ១៦,៥០ ម៉ែត្រ និង​ជម្រៅ​ទឹក​ពី ៤ ម៉ែត្រ ទៅ ៨ ម៉ែត្រ ដែល​មាន​លទ្ធភាព​ឲ្យ​នាវា​ផ្ទុក​ទំនិញ​ទម្ងន់ ២០០០ តោន អាច​ចូល​ចត​បាន។ ក្រៅពី​សំណង់​កំពង់ផែ​បេតុង គម្រោង​ដែល​ប្រើប្រាស់​ថវិកា​ជាតិ​ជិត ១៣ ពាន់​លាន​រៀល​នេះ ក៏​មាន​បញ្ចូល​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន រួម​មាន ៖ ស្ពានបេតុង​ភ្ជាប់​ទៅ​ផែ ផ្លូវ​បេតុង​ចេញចូល​ផែ អគារ​អ្នកដំណើរ​រង់ចាំ អគារ​រដ្ឋបាល បន្ទប់ទឹក​សាធារណៈ ប្រព័ន្ធ​លូ របង និង​ខ្លោងទ្វារ ជាដើម។កំពង់ផែ​ទេសចរណ៍ និង​ទំនិញ​រាយ ដងទង់ ជា​ចំណែក​មួយ​ក្នុង​ការ​តភ្ជាប់ និង​ភាព​សម្បូរ​បែប នៃ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​សមុទ្រ នៅ​ក្នុង​ខេត្ត​តំបន់​ឆ្នេរ​ទាំង ៤ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​លើក​កម្ពស់​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​បរិយាបន្ន​ក្នុង​ប្រទេស​ជាប់​សមុទ្រ​ទាំង​បី នៃ​មហា​អនុ​តំបន់​មេគង្គ រួមមាន កម្ពុជា ថៃ និង​វៀតណាម។ ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​កំពង់ផែ​នេះ ធ្វើឡើង​ក្នុង​គោលបំណង​សម្រួល​ការ​ដឹកជញ្ជូន​ទំនិញ អ្នកដំណើរ អ្នកទេសចរ នៅ​តាម​តំបន់​ឆ្នេរសមុទ្រ ប្រកប​ដោយ​សុវត្ថិភាព និង​ប្រសិទ្ធភាព។បន្ថែម​ពី​លើ​កំពង់ផែ ដែល​បើក​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នា​ពេលនេះ ខេត្ត​កោះកុង នឹង​ទទួល​បាន​សមិទ្ធផល​ធំៗ​ជា​ចំណងដៃ ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន នោះ​គឺ ផ្លូវជាតិ​លេខ ៤៨ មាន​ប្រវែង ១៤៨ គីឡូម៉ែត្រ ត​ភ្ជាប់​ក្រុង​ខេមរភូមិន្ទ ទៅកាន់​ផ្លូវជាតិ​លេខ ៤ និង​ផ្លូវជាតិ​លេខ ១០ ប្រវែង​ជាង ១៩៨ គីឡូម៉ែត្រ ត​ភ្ជាប់​ខេត្ត​កោះកុង ទៅកាន់​ខេត្ត​ពោធិ៍សាត់ និង​បន្ត​ដល់​ខេត្ត​បាត់ដំបង។

ក្នុង​សុន្ទរកថា​សំណេះសំណាល លោក​ទេសរដ្ឋមន្ត្រី បាន​ជម្រាប​ដល់​គណៈអធិបតី សមាជិក សមាជិកា នៃ​អង្គ​ពិធី និង​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​អំពី​គម្រោង​ធំៗ​ជាច្រើន ដែល​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​និង​កំពុង​អនុវត្ត ក៏ដូចជា​គ្រោង​នឹង​សិក្សា ក្នុង​នោះ​បាន​រំលេច​ជាពិសេស​អំពី​គម្រោង​លើក​កម្រិត​ផ្លូវជាតិ ផ្លូវ​ខេត្ត គម្រោង​ផ្លូវ​ល្បឿន​លឿន រថភ្លើង​ល្បឿន​លឿន រថភ្លើង​ក្រោម​ដី និង​លើ​អាកាស នៅ​រាជធានី​ភ្នំពេញ និង​គម្រោង​កំពង់ផែ​នានា ដែល​ទាំងអស់​នេះ​គឺជា​សរសៃឈាម​សេដ្ឋកិច្ច​ដ៏​សំខាន់ និង​លើកកម្ពស់​ការ​តភ្ជាប់​អន្តរ​វិស័យ។ជាមួយ​គ្នា​នេះ លោក​ទេសរដ្ឋមន្ត្រី បាន​ក្រើន​រម្លឹក​ដល់​ប្រជាពលរដ្ឋ ដែល​មាន​សិទ្ធិ​ក្នុង​ការ​បោះឆ្នោត សូម​កុំ​ភ្លេច​ចូលរួម​បោះឆ្នោត​ទាំងអស់​គ្នា សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី ៧ នៃ​រដ្ឋសភា ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ ទី ២៣ ខែ​កក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ ដើម្បី​បន្ត​រួមគ្នា​ថែរក្សា​ការពារ​សុខ​សន្តិភាព និង​ដើម្បី​បន្ត​ស្តារ លើកកម្ពស់ ការ​អភិវឌ្ឍ​កម្រិតជីវភាព​របស់​ពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង និង​មាន​ភាព​ទំនើប​ជឿនលឿន​ជាង​នេះ​បន្ថែម​ទៀត៕