Alynana Media Cambodia
Icon Collap
clinic narit

កំណើនជើងហោះហើរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកើនឡើងជាង ៣០០ជើង​ក្នុង១សប្តាហ៍

Media LNN | Jun 23, 2023
កំណើនជើងហោះហើរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកើនឡើងជាង ៣០០ជើង​ក្នុង១សប្តាហ៍
Clinic narith

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទទួលបានជើងហោះហើរចំនួន ៣១៧ជើង ក្នុងមួយសប្តាហ៍ សម្រាប់ការហោះ​ហើរឯកទិស ឬស្មើនឹង ៣៦៤ជើង ក្នុងមួយសប្តាហ៍ សម្រាប់ការហោះហើរទ្វេទិស។ នេះបើតាមការបញ្ជាក់របស់លោក ស៊ីន ចាន់សិរិវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល នៅរសៀលថ្ងៃទី ២៣ មិថុនា។លោក ស៊ីន ចាន់សិរិវុត្ថា បានឱ្យដឹងថា គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ ២០២៣ មានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចំនួន ២៦ ក្រុមហ៊ុន បានតភ្ជាប់ជើងហោះហើរឡើងវិញដែលកំពុងហោះហើរចេញ-ចូល គឺស្មើនឹងជាង ៥០ភាគរយ នៃឆ្នាំ ២០១៩។ ដោយនៅឆ្នាំ២០១៩ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន៤៣ ក្រុមហ៊ុន ដែលធ្លាប់បានធ្វើការហោះហើរ។ 

សម្រាប់អ្នកដំណើរ មានចំនួនជាង ២ លាននាក់ (២,១០៩,៦១២) រយៈពេល ៥ខែ ឆ្នាំ ២០២៣ បានកើនឡើង​ជាង៣០០% បើធៀបទៅនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២ ។ ចំណែកចំនួនជើងហោះហើរមានជាង ២ ម៉ឺនជើង (២០,៧៣៩) មានការកើនឡើង ជាង១៦០%​ (១៦៦%) បើធៀបទៅនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២។

វិស័យអាកាសចរស៊ីវិល កាន់តែមានដំណើរការល្អប្រសើរជាលំដាប់ ពី ១ខែទៅ១ខែ។ នេះជាការបញ្ជាក់របស់លោក ស៊ីន ចាន់សិរីវុត្ថា។ ក្រៅពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោក វុត្ថា បានលើកឡើងថា អាកាសយានដ្ឋាន​ខេត្តសៀមរាប ទទួលបានជើងហោះហើរចំនួន​ ៩៨ ជើង​/សប្តាហ៍ ​(ជើងហោះហើរឯកទិស/ Flight) ឬស្មើនឹង១៩៦ ជើង/សប្តាហ៍​(ជើងហោះហើរទ្វេទិស​/Flight Movements)។ រីឯខេត្តព្រះស៊ីហនុទទួលបាន ជើងហោះហើរចំនួន ១១ ជើង​/សប្តាហ៍ ​(ជើងហោះហើរឯកទិស/ Flight) ឬស្មើនឹង​​ ២២ ជើង/សប្តាហ៍ (ជើងហោះហើរទ្វេទិស/Flight Movements)។

បើតាមលោក ស៊ីន ចាន់សិរិវុត្ថា សម្រាប់ផ្លូវហោះហើរ​ដែលនាំមុខគេ នោះគឺ ជើងហោះហើររវាង ភ្នំពេញ-បាងកក-ភ្នំពេញ និងភ្នំពេញ-សឹង្ហបុរី-ភ្នំពេញ និងភ្នំពេញ-កូឡាឡាំពួរ-ភ្នំពេញ។

 

លោកមានការរពឹងទុកថា ក្នុងពេលឆាប់ៗនេះ នឹងមានការកើនឡើងផ្លូវហោះហើរ​ រវាង កម្ពុជា-ចិន បន្ថែមទៀតនាពេលខាងមុខផងដែរ៕