ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល បានស្នើទៅកាន់ប្រទេសកាណាដា ឱ្យជួយពិនិត្យលទ្ធភាពក្នុងការបង្កើតកិច្ចសហប្រតិបត្តិការ លើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដើម្បីជំរុញឱ្យវិស័យនេះកាន់តែមានភាពរីកចម្រើនថែមទៀត។
ការស្នើនេះត្រូវបានធ្វើឡើតាមរយៈជំនួបពិភាក្សាការងារ និងជម្រាបលាពីសំណាក់លោកស្រី Sarah Taylor ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសកាណាដា ប្រចាំកម្ពុជាកាលថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៣។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន។
នាឱកាសនោះ លោក ស៊ុន ចាន់ថុល បានថ្លែងអំណរគុណដល់កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដ៏ល្អកន្លងមករវាងប្រទេសទាំង២ ជាពិសេសចំពោះជំនួយរបស់ប្រទេសកាណាដា តាមរយៈធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លើការស្តារឡើងវិញផ្លូវរថភ្លើងភាគខាងជើង និងខាងត្បូង។
ជាមួយគ្នានេះលោកក៏បានលើកឡើងពីការរីកចម្រើន និងការកសាងឥតឈប់ឈរលើវិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ជាពិសេសការដាក់ដំណើរការ និងគម្រោងសាងសង់ផ្លូវល្បឿនលឿននានា និងគម្រោងព្រែកជីកហ្វូណនតេជោ ហើយលោកក៏បានលើកឡើងពីតម្រូវការគោលនយោបាយ និងយុទ្ធសាស្ត្រលើការគ្រប់គ្រង យានយន្តអគ្គិសនី ដើម្បីចូលរួមចំណែក ក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផែនដីផងដែរ។
លោកបានបញ្ជាក់ថា៖«កម្ពុជាកំពុងខិតខំអភិវឌ្ឍធនធានមនុស្សឱ្យក្លាយជាវិស្វករនាថ្ងៃអនាគតយ៉ាងពិតប្រាកដ មានជំនាញច្បាស់លាស់ ដើម្បីបន្តអភិវឌ្ឍក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន របស់កម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត»។
ឆ្លៀតក្នុងឱកាសនោះដែរលោក ស៊ុន ចាន់ថុល ក៏បានស្នើសុំឱ្យប្រទេសកាណាដា ពិនិត្យលទ្ធភាពសហប្រតិបត្តិការ លើការអភិវឌ្ឍធនធានមនុស្សតាមរយៈវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដោយបណ្តុះបណ្តាលបន្ថែមតាមប្រព័ន្ធ Zoom ពីសាស្ត្រាចារ្យជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃប្រទេសកាណាដា សំដៅបង្កើនធនធានមនុស្សកម្ពុជាលើវិស័យនេះ។
ជុំវិញការលើកឡើងនេះ លោកស្រី Sarah Taylor ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសកាណាដាប្រចាំកម្ពុជាបានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសាធារណការ និងដឹកជញ្ជូន ដែលតែងតែផ្តល់កិច្ចសហការល្អជាមួយប្រទេសកាណាដា។
ទន្ទឹមគ្នានេះ លោកស្រីក៏បានអញ្ជើញ លោក ស៊ុន ចាន់ថុល ចូលរួមទិវាបុណ្យជាតិប្រទេសកាណាដា នាដើមខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ខណៈលោកស្រីថែមទាំងបានលើកឡើងពីបំណង នៃកិច្ចសហការអភិវឌ្ឍធនធានមនុស្សជាមួយកម្ពុជា តាមរយៈការចុះអនុស្សរណៈនៃការយោគយល់ រវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ជាមួយនឹងសាលា ឬស្ថាប័នជំនាញផ្នែកហេដ្ឋរចនាសម្ព័ន្ធ នៃប្រទេសកាណាដាផងដែរ។
សូមរំឭកថា ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន CMA CGM (Cambodia) Co., Ltd. កាលចុងឆ្នាំ២០២២លោក ស៊ុន ចាន់ថុល ធ្លាប់បានបញ្ជាក់ថា កម្ពុជាត្រូវការកិច្ចសហការពីបណ្តាដៃគូអន្តរជាតិនានាដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សជាកូនខ្មែរជំនាន់ក្រោយឱ្យមានសមត្ថភាពអាចកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តដោយខ្លួនឯងដោយមិនពឹងលើបរទេសដើម្បីលើកកម្ពស់វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនកម្ពុជា ក៏ដូចជារួមចំណែកក្នុងការកសាងប្រទេសជាតិ។
ទន្ទឹមគ្នានោះ លោកបានបញ្ជាក់ថា វិស័យសាធារណការ និងដឹកជញ្ជូន នៅកម្ពុជា កំពុងមានសម្ទុះរីកចម្រើនយ៉ាងឆាប់រហ័សស័ក្តិសមសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស(FDI)ហើយកម្ពុជាបានស្វាគមន៍ចំពោះការជួយនានា និងបើកទូលាយចំពោះការវិនិយោគពីបរទេសលើគ្រប់វិស័យ ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដឹកជញ្ជូន និងភ័ស្តុភារកម្មនេះ។
កាលពីថ្មីៗនេះ ក្រសួងសាធារណការ ក៏ធ្លាប់បានស្នើប្រទេសថៃ ចិន ជប៉ុន និងសិង្ហបុរី ឱ្យជួយពិនិត្យលទ្ធភាពក្នុងការចាត់តាំងសាស្ត្រាចារ្យឬអ្នកជំនាញដើម្បីរៀបចំវគ្គបណ្តុះបណ្តាលខ្លីៗដោយផ្ទាល់ឬតាមប្រព័ន្ធonline ក៏ដូចជាពិនិត្យលទ្ធភាពជួយជ្រោមជ្រែងដល់ដំណើរការរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បីបណ្តុះបណ្តាលវិស្វករកម្ពុជាឱ្យមានជំនាញច្បាស់លាស់ និងមានសមត្ថភាពគ្រប់គ្រាន់ផងដែរ៕